ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី ២៦ ខែ សីហា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០ គ្រួសារ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ ៖ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោកជំទាវ ជា ស៊ីណា ឃួង ស្រេង លោកជំទាវ កែវ សុខពិសី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ លោកអធិការនគរបាលខណ្ឌមានជ័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ លោក នាយក នាយករង រដ្ឋបាល ខណ្ឌមានជ័យ លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យចំណុះទាំង១១ ខណ្ឌមានជ័យ លោក លោកស្រី ចៅសង្កាត់ទាំង៧ ។
នាឱកាសនោះដែរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានសំដែងនូវមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ ជាពិសេសគឺ ជីវភាពរស់នៅប្រចាំថ្ងៃ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា ដោយមិនប្រកាន់និន្នាការនយោបាយឡើយ និងបានពាំនាំនូវសារគន្លឹះស្តីពីបញ្ហាសុខភាព ជុំវិញការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ ។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបន្តទៀតថា «អ្វីដែលកម្ពុជាយើងកំពុងប្រឹងប្រែងធ្វើនេះ គឺទប់ស្កាត់ឱ្យខានតែបានការឆ្លងរាលដាលវីរុសកូវីដ ១៩ នៅក្នុងសហគមន៍ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ អនុវត្តនូវវិធានការនានា របស់ក្រសួងសុខាភិបាល ត្រូវបង្កើនការយល់ដឹងអំពីសារសំខាន់ នៃការធ្វើចត្តាឡីស័កចំពោះអ្នកចំណូលស្រុក ការរក្សាគម្លាតសង្គម ការរក្សាអនាម័យ។ល។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា បើគិតត្រឹមថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០នេះ តាមការប្រកាសរបស់ក្រសួងសុខាភិបាល ប្រទេសកម្ពុជា ចំនួនអ្នកឆ្លងCOVID-19 មានចំនួន ២៧៣ នាក់ ស្រី ៥៤ នាក់ ។ ចំនួនអ្នកជាសះស្បើយ ទូទាំងប្រទេស ចំនួន ២៦៤ នាក់ ស្រី ៥៤ នាក់ ។ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ៩ នាក់ ជាបុរស ។ នេះជាមោទនភាពណាស់របស់ប្រទេសកម្ពុជាយើង ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រទេសដោយបញ្ញាញាណ ប្រកបដោយគតិបណ្ឌិត នាំមកនូវសន្តិសុខសង្គមជូនជាតិមាតុភូមិនាពេលបច្ចុប្បន្ននេះ ។
ជាចុងបញ្ចប់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូខាងក្រោម ៖ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលជែល ។ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។ ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។
ក្នុងនោះដែរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានផ្តល់នូវអំណោយជូនដល់គ្រួសារក្រីក្រចំនួន ១០០ គ្រួសារ ក្នុងមួយគ្រួសារៗ រួមមាន ៖ អង្ករ ១បាវ ៣០គីឡូ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ , ម៉ាស់ , នំប៉័ង ២ដើម , នំកញ្ចប់១កញ្ចប់ , រួមទាំងថវិកាចំនួន ១០០,០០០ រៀល ក្នុងមួយគ្រួសារ ផងដែរ៕ ដោយ៖មីដា