Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រមុខ​ការទូត​កម្ពុជា បាន​ជំរុញ​ដល់​និស្សិត​វ័យក្មេង​កម្ពុជា ២៤​នាក់ ទៅ​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត រយៈពេល​២​ឆ្នាំ ត្រូវ​ស្គា​ល់ពី​ពលរដ្ឋ​និង​ប្រទេស​ជប៉ុន​ជាមុន​

​ភ្នំពេញ​៖ ក្រុមនិស្សិត​ជ័យលាភី​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន JDS ចំនួន​២៤​នាក់ មុនពេល​ទៅកាន់​ប្រទេស​ជប៉ុន លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ អនុញ្ញាតឱ្យ​ចូលជួប​ស​ម្តែ​ង​ការគួរសម នៅ​ទីស្តីការ​ក្រសួងការបរទេស នា​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ដើម្បី​ទទួលបាន​អនុសាសន៍ និង​បទពិសោធ​សិក្សា​នៅ​ជប៉ុន មុន​ចេញទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​នានា​នៅ​ជប៉ុន​។​

​នាឱកាស​នោះដែរ ជាការ​ផ្តល់​អនុសាសន៍ ក៏​ដូច​បទពិសោធ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់​ទៅកាន់​ក្រុមនិស្សិត​ឆ្នើម​វ័យក្មេង​, ជា​មន្ត្រីរាជការ​ទាំង​២៤​រូប​ថា ៖ និស្សិត​ភាគច្រើន​ដែល​មុន​ចេញទៅ​សិក្សា​នៅ​បរទេស តែង​មកជួប​ឯកឧត្តម​ដូចជា​អូស្ត្រាលី ញ៉ូ​ហ្សេ​ឡែ​ន ជប៉ុន​។ សម្រាប់​ឆ្នាំ​២០២០​នេះ មាន​និស្សិត​កម្ពុជា​ចំនួន​៨០​នាក់ ដែល​ត្រូវ​ទៅ​បន្ត​ការសិក្សា​នៅ​ជប៉ុន ក្នុងនោះ​សម្រាប់​កម្មវិធី​JDS មាន​និស្សិត​ចំនួន​២៤​នាក់​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បន្តថា​៖ សូម​កោត​ស​សើរ​ដល់​និស្សិត​ជ័យលាភី ដែល​បាន​ប្រឡង​ជាប់​អាហា​រូប​ណ៍​នាពេលនេះ​។ យើង​ត្រូវ​ស្គាល់​ប្រទេស​ជប៉ុន និង​ប្រជាជន​ជប៉ុន​ជាមុន ហើយ​ប្រទេស​ជប៉ុន ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​២ ក្នុង​ពិភពលោក​។ ជប៉ុន ជា​ទឹកដី​ដែលមាន​ក្រុមហ៊ុន​ល្បីៗ​នៅ​ទីនោះ ហើយ​ប្រជាជន​ប៉ុន​ធ្វើ​ការងារ​ព្យាយាម និង​មាន​វិន័យ​ខ្លាំងណាស់ និង​ជា​ប្រជាជន​រៀនសូត្រ​ពី​គេ​និង​នវានុវត្តន៍​។ ជប៉ុន​ជា​ប្រទេស​ដែល​ជួយ​កម្ពុជា​រក​សន្តិភាព និង​បាន​ជួយ​ដល់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា តាមរយៈ​អញ្ជើញ​យុវជន​កម្ពុជា មកពី​គណបក្សនយោបាយ​នានា ទៅ​ទស្សនកិច្ច​នៅ​ជប៉ុន​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បន្តថា ដោយ​ជប៉ុន​ធ្លាប់​ឆ្លងកាត់​ការលំបាក ពី​សង្គ្រាម ទើប​ជប៉ុន​បាន​យល់​ពី​ទុក្ខលំបាក​របស់​កម្ពុជា យើង​បាន​ឆ្លងកាត់​សង្គ្រាម​ដោយបាន​ជួយ​កម្ពុ​ជាច្រើន​។ សង្គ្រាម​បំផ្លាញ​អ្វីៗ​តែ​មិនអាច​បំផ្លាញ​ចំណេះដឹង​យើង​ទេ គឺ​ជប៉ុន​បង្រៀន​យើង​ឲ្យ​ចេះ​ជំនាញ​នានា ដល់​និស្សិត​យើង​ដែល​ចង់​ក្លាយទៅជា​អ្នកនយោបាយ អ្នកជំនាញ​នានា​ទៀតផង​។ កម្មវិធី​អាហារូបករណ៍ (JDS) មាន​រយៈពេល​២០​ឆ្នាំ ហើយ​ដែល​ជប៉ុន​ផ្តល់​មក​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៨​មក ជប៉ុន​បានផ្តល់​អាហារូបករណ៍​ចំនួន​២៦​កន្លែង ក្នុងនោះ​មាន​២៤​កន្លែង បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ចំនួន​២​កន្លែង​ថ្នាក់បណ្ឌិត​។​

​តំណាង​និស្សិត​អាហារូបករណ៍ បានទទួល​អាហារូបករណ៍​អភិវឌ្ឍ​ធនធានមនុស្ស​ជប៉ុន (JDS) ក្នុងចំណោម​២៤​នាក់ បាន​ថ្លែង​ចំណាប់អារម្មណ៍​ថា សូម​អរគុណ​ដល់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ដែល​បានផ្តល់​អនុសាសន៍​ល្អៗ ដល់​ក្រុមនិស្សិត​អាហារូបករណ៍​នាពេលនេះ ដើម្បី​តម្រង់​ទិសដៅ​ក្នុងការ​សិក្សា​រយៈពេល​២​ឆ្នាំ​។​

​តំណាង​និស្សិត​បានលើកឡើង​ទៀតថា ជំនាញ​ទំនាក់ទំនង​ការទូត ជា​ជំនាញ​អាទិភាព​ចម្បង​មួយ ក្នុងចំណោម​ជំនាញ​ចំនួន​៩​ផ្សេងទៀត ដែល​បាន​ទៅ​សិក្សា​នៅ​ជប៉ុន​។ វិស័យ​ការទូត គឺជា​វិស័យ​អាទិភាព​មួយ​សំខាន់​របស់​ជាតិ តម្រូវ​ឲ្យ​មាន​ធនធានមនុស្ស​គ្រប់គ្រាន់ និង​ច្បាស់លាស់ ដើម្បី​ប្រយោជន៍​ដល់​កម្ពុជា ក្នុង​បរិបទ​សកលភាវូបនីយកម្ម ដែល​ពោរពេញ​ដោយ​ការប្រកួតប្រជែង​។ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដ៏​រឹងមាំ និង​ហ្មត់ចត់ កម្ពុជា​បានធ្វើការ​ទំនាក់ទំនង​ទ្វេភាគី និង​ពហុភាគី​ទាំង​ក្នុង​តំបន់​និង​ពិភពលោក​។​

​សូមជម្រាបថា អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស របស់​ជប៉ុន​ហៅ​កាត់​ថា​(JDS) បានផ្តល់​ឲ្យ​កម្ពុជា​តាំងពី​ឆ្នាំ​២០០០​មក ក្រោម​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន ដោយមាន​ការគាំទ្រ​ពី​ក្រសួងការបរទេស​ជប៉ុន​ផងដែរ​។ រហូតមកដល់​ពេលនេះ (​រយៈពេល​២០​ឆ្នាំ​) មាន​និស្សិត​កម្ពុជា​ចំនួន​៤១៦​នាក់ បានទទួល​អាហារូបករណ៍ និង​បាន​ទៅ​សិក្សា​តាមរយៈ​កម្មវិធី​នេះ​។ កម្មវិធី​នេះ​មាន​គោលបំណង​ជ្រើស​មន្ត្រីរាជការ​វ័យក្មេង នៃ​ក្រសួង ស្ថាប័ន រដ្ឋាភិបាល​នានា ដើម្បី​ប្រកួតប្រជែង​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​ប្រទេស​ជប៉ុន​៕ ដោយ ៖​ឡេង បញ្ញា​ឬ​ទ្ធិ​


×