ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ចំណុចម្តុំបេនឡាន ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បុរសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រមាណជាង៣០ឆ្នាំ សម្បុរខ្មៅ ស្លៀកខោក្រណាត់ពណ៌ខ្មៅជើងវែង និងពាក់អាវយឺតដៃវែង ពណ៌ប្រផេះ ពាក់ស្បែកជើងផ្ទាត់ពណ៌ដីឥដ្ឋ។
តាមប្រភពព័ត៌មានពីម្ចាស់បង់បីឥណ្ឌា បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានដឹកបុរសរងគ្រោះខាងលើពីម្តុំច្រមុះជ្រូកស្ទឹងមានជ័យ ទៅម្តុំបេនឡានកន្លែងកើតហេតុ ដោយពេលនោះជនរងគ្រោះ មានសភាពធម្មតា ខណៈជិះមកដល់លើស្ពានជ្រោយចង្វា ស្រាប់តែជនរងគ្រោះប្រាប់ថាណែនទ្រូង។
ប្រភពបន្តថា លុះជិះមកដល់ក្បែរចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះបាត់មាត់បាត់ក និងនិយាយមិនចេញ ពេលនោះគាត់ជាតៃកុងកង់បីក៏ជួយធ្វើចលនា តែនៅមិនដឹងខ្លួនទៀត គាត់ក៏ទៅប្រាប់សមត្ថកិច្ចនៅក្បែរនោះ ពេលទៅដល់សមត្ថកិច្ចប្រាប់ថា ឱ្យទាក់ទងឡានពេទ្យ គាត់ក៏ខលហៅឡានពេទ្យ ឱ្យមកដឹកជនរងគ្រោះទៅសង្គ្រោះ តែពេលឡានពេទ្យមកដល់ ក្រុមសង្គ្រោះរបស់ឡាននោះ បានពិនិត្យ បញ្ជាប់ថា បុរសរងគ្រោះស្លាប់បាត់ហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់និងរាយការណ៍ប្រាប់ជំនាញ ឱ្យចុះពិនិត្យរួចសមត្ថកិច្ចជំនាញបានលើកសពទៅពិនិត្យ ក្នុងវត្តគៀនឃ្លាំង ដោយបញ្ជាក់ថា សពបុរសខាងលើស្លាប់ដោយសារគាំងបេះដូង។
សពត្រូវបានតម្កល់ទុកក្នុងវត្តគៀនឃ្លាំង រង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖មីដា ផាន់ណា