ក្រុមហ៊ុនហ្វេសបុក កាលពីថ្ងៃពុធបានធ្វើការលុបគណនេយ្យរបស់ក្មេងជំទង់ម្នាក់ ដែលរងការចោទប្រកាន់ពីបទបាញ់ប្រហារ យ៉ាងសាហាវ ក្នុងអំឡុង ការតវ៉ានៅក្នុងទីក្រុង Kenosha។
យុវជនវ័យ ១៧ឆ្នាំនោះ ត្រូវបានចាប់ខ្លួនពីបទឃាតកម្ម ក្រោយពេលមនុស្សចំនួន ២នាក់ត្រូវបានបាញ់សម្លាប់ និងអ្នកទី ៣រងរបួស អំឡុងពេលមានការតវ៉ាប្រឆាំងប៉ូលិស នៅក្នុងទីក្រុង Wisconsin កាលពីយប់ថ្ងៃអង្គារ។
ក្រុមហ៊ុនហ្វេសបុកបាននិយាយថា “យើងបានកំណត់ការបាញ់ប្រហារនេះជាអំពើឃាតកម្មដ៏ធំ និងបានធ្វើការលុបគណនេយ្យជនបាញ់ប្រហារនោះ ចេញពីហ្វេសបុក និងអ៊ីនស្តាក្រាម (Instagram)”។
ហ្វេសបុកបន្ថែមថា ខ្លួនក៏បានលុបផេកកងឆ្មាំឈ្មោះ Kenosha Guard ព្រមទាំងផេកដែលបង្ហោះដោយក្រុមកងជីវពលផងដែរ ដោយសារតែរំលោភបំរាម អំពីការធ្វើការអបអរសកម្មភាពហឹង្សា ឬក៏ជម្រុញឲ្យមនុស្សបង្កើតជម្លោះប្រដាប់អាវុធ។
“នៅពេលវេលានេះ យើងមិនបានរកឃើញភស្ថុតាងនៅលើហ្វេសបុកដែលបង្ហាញថា ជនបាញ់ប្រហារនោះ តាមដាន (Follow) ផេករបស់កងឆ្មាំឡើយ ឬក៏ត្រូវបានគេអញ្ជើញ (Invite) ឲ្យចូលរួមព្រឹត្តិការណ៍ដែលពួកគេរៀបចំឡើយ”។
“ទោះយ៉ាងណា ផេកកងឆ្មាំ និងផេកសម្រាប់រៀបចំព្រឹត្តិការណ៍របស់ពួកគេ បានរំលោភគោលនយោបាយថ្មីរបស់ពួកយើង ទាក់ទងនឹងអង្គការជីវពល និងត្រូវបានលុបចេញ”។
ក្រុមហ៊ុនយក្សហ្វេសបុក គ្រោងនឹងធ្វើការលុបចោលនៅមាតិកាទាំងឡាយណា ដែលគាំទ្រ ឬសរសើរដក់អំព ហឹង្សា ឬអ្នកនៅពីក្រោយ។
សូមបញ្ជាក់ថា ការផ្ទុះការតវ៉ាកើតឡើងក្រោយពេលប៉ូលីសនៅទីក្រុង Kenosha បានបាញ់ជនជាតិអាហ្វ្រិចអាមេរិចស្បែកខ្មៅឈ្មោះ Jacob Blake ពីក្រោយខ្នងជាច្រើនគ្រាប់ នៅក្នុងទីក្រុង Midwestern កាលពីថ្ងៃអាទិត្យសប្តាហ៍មុន៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ AFP