ភ្នំពេញ៖យោងតាមលោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ មានការបរិច្ចាគឈាមចំនួន៦ម៉ឺនកំប្លោក និងឆ្នាំ២០១៩ ប្រើប្រាស់ឈាមអស់ចំនួនប្រមាណ៨ម៉ឺនកំប្លោក នេះមានន័យថា តម្រូងការឈាមដើម្បីយកទៅសង្គ្រោះដល់អ្នកជំងឺ ត្រូវការចាំបាច់បានកើនឡើងប្រមាណ១ម៉ឺនកំប្លោកក្នុងមួយឆ្នាំ។
លោកប្រធានមជ្ឈមណ្ឌលជាតិ បានបញ្ជាក់ដូចខាងលើ នៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នាទីស្តីការគណៈរដ្ឋមន្ត្រីក្រោមប្រធានបទ ”ការផ្តល់ឈាមដើម្បីសង្គ្រោះជីវិត” មាន គោលបំណងដើម្បីបង្ហាញជូនសាធារណជន អំពីសារប្រយោជន៍ និងភាពចាំបាច់នៃការផ្តល់អំណោយឈាម ក័ដូចជាបញ្ហាការប្រឈមការកង្វះឈាម សម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះអ្នកជំងឺដែលត្រូវការឈាម។
លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបន្តថា មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលខុសត្រូវក្នុងការផ្តល់ឈាមមានចំនួន៧៥ភាគរយ ទៅ៨០ភាគរយ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០២០ នៅទូទាំងប្រទេសត្រូវការឈាមប្រមាណ៨ម៉ឺន៣ពាន់កំប្លោក ទើបអាចផ្គត់ផ្គង់ដល់អ្នកជំងឺ បានទៅតាមតម្រូវការជាក់ស្តែង។ ចំណែកឈាមទទួលមាននៅទូទាំងប្រទេស ក្នុងឆ្នាំ២០១៨មាន៩ម៉ឺនកំប្លោក ,ឆ្នាំ២០១៩ បានចំនួន១០ម៉ឺនកំប្លោក និងឆ្នាំ២០២០ បានចំនួន១១ម៉ឺនកំប្លោក។ ចំពោះកង្វះខាតឈាមក្នុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២០ ទូទាំងប្រទេសមានប្រមាណ២០ភាគរយ។
ក្នុងសន្និសីទសារព័ត៌មានេះដែរ លោកវេជ្ជបណ្ឌិតប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រមានថា មានជនមួយចំនួនត្រូវបានឃាត់ខ្លួន យកទៅណែនាំពីការផ្សាយព័ត៌មាន មិនពិតដូចជាថាការផ្តល់ឈាមមិនល្អ ប៉ះពាល់សុខភាព មានការលក់ដូរឈាម។ តែលោកវេជ្ជបណ្ឌិត មិនបដិសេធទេថា មានអ្នកលក់ឈាមអាជីព ហើយអ្នកទាំងនោះ ធ្វើឲ្យប៉ះពាល់ដល់ការស្ម័គ្រចិត្តបរិច្ចាគឈាម និងប៉ះពាល់ខុសភាពខ្លួនទៀតផង។ លោកវេជ្ជបណ្ឌិត ហុក គឹមឆេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងមួយឆ្នាំ ក្រសួងសុខាភិបាល ទទួលបានឈមប្រមាណ៩ម៉ឺនកំប្លោក ដើម្បីបម្រើតាមតម្រូវការដល់ជនរងគ្រោះ ឬអ្នកជំងឺ។ កន្លែងផ្តល់ឈាមនៅតាមមន្ទីរពេទ្យ ៥ និងដេប៉ូ សម្រាប់ផ្តល់ឈាមចំនួន១៤កន្លែង។ ការចូលរួមបរិច្ចាគឈាម របស់ពលរដ្ឋនៅពេលនេះមានកម្រិតនៅឡើយ ខណៈដែលកម្ពុជាត្រូវការអ្នកបរិច្ចាគឈាមប្រមាណ១% នៃចំនួនប្រជាជនកម្ពុជានៅទូទាំងប្រទេស។
ការផ្តល់ឈាមមិនមានប៉ះពាល់ដល់សុខភាពអ្វីទេ ប្រសិនបើការផ្តល់ឈាមដោយស្ម័គ្រចិត្តនោះ ធ្វើតាមក្រុមគ្រូពេទ្យជំនាញ ដែលមនុស្សពេញវ័យពីអាយុ១៨ឆ្នាំ ដល់អាយុ៦៥ឆ្នាំ មានសុខភាពល្អមាំមួនអាចបរិច្ចាគឈាម បានចំនួនបួនដងក្នុងរយៈពេលមួយឆ្នាំ។ អ្នកផ្តល់ឈាមច្រើនដងលើសពីបួនដង ក្នុងមួយឆ្នាំអាចប្រឈមនឹងជំងឺ តែបើធ្វើតាមការណែនាំរបស់គ្រូពេទ្យជំនាញ វានឹងផ្តល់សុខភាពដល់យើងវិញ៕ ដោយ ៖ ឡេង បញ្ញាឬទ្ធិ