ភ្នំពេញ ៖ ជនសង្ស័យទាំង៦នាក់នេះត្រូវបានកម្លាំងនគបាលព្រហ្មទណ្ឌ ខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បាននាំខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណី លួចផ្លាកលេខរថយន្ត ក្លែងបន្លំឯកសារសាធារណៈ និងសមគំនិតទទួលផលចោរកម្ម ។
សមត្ថកិច្ចបានលើកឡើងថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានទទួលបណ្តឹងពីជនរងគ្រោះ ដែលបាត់ផ្លាកលេខរថយន្ត ភ្នំពេញ 2AY-9021 ហើយបានរកឃើញពាក់នៅលើរថយន្តម៉ាក Lexus RX400H ពណ៌ស ។ ក្រោយពេលទទួលបានពាក្យបណ្តឹងនោះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង បានចុះសហការធ្វើការស្រាវជ្រាវ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី៤ ខណ្ឌ៧មករា ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ មានទាំងអ្នកលួច អ្នកលក់ អ្នកទទួលទិញ ផ្លាកលេខរថយន្ត រហូតដល់ទៅ៦ នាក់។
ជនសង្ស័យទាំង៦នាក់១.ឆេង ភិរម្យ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរមន្ត្រីរាជការ (ម្ចាស់រថយន្ត Luxue Rx 400H ពាក់ស្លាកលេខភ្នំពេញ 2AY-9021 ។ ២.ផុន រ័ត្ននា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកកួកជេររថយន្ត ។ ៣.ខាត់ វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា។ ៤.ពៅ សេដ្ឋារ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបុរីពិភពថ្មី ផ្ទះលេខA៣៩ ផ្លូវលេខ៨ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែខសុខ ។ ៥.រ៉ា ជាក់ ភេទប្រុស អាយុ១៩ឆ្នាំស្នាក់នៅផ្ទះជួល ភូមិម៉ល សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរលក់រថយន្ត និងទី៦.ឈ្មោះ ជួប វុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំស្នាក់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរលក់រថយន្ត ។
ជាមួយគ្នានេះដែរកម្លាំងសមត្ថកិច្ចបានដកហូតសម្ភារវត្ថុតាងរួមមាន រថយន្តម៉ាក Leuxe Rx4០០H ពណ៌ស ពាក់ផ្លាក លេខភ្នំពេញ 2AY-9021 រថយន្តម៉ាក Luxus ពណ៌ស ពាក់ផ្លាកលេខខេមរភូមិន្ទ 022-8441,ផ្លាកលេខរថយន្ត ភ្នំពេញ 2BG-4682 (មិនប្រក្រតី),ម៉ាស៊ីនបាញ់ថ្នាំ បំពង់ខ្យល់ ,ទឹកថ្នាំពណ៌ខៀវ ស ចំនួន២កំប៉ុង, ថ្នាំបាញ់រលោង១កំប៉ុង,កូនសោសម្រាប់ធ្វើស្លាកលេខកែច្នែមួយចំនួន, ម៉ាស៊ីនស្វាន១ គ្រឿង ,ម៉ាស៊ីនផ្លុំសក់ចំនួន២គ្រឿង ជនសង្ស័យទាំង៦នាក់កំពុងស្ថិតនៅក្រោមការសាកសួររបស់តំណាងអយ្យការចាត់ការតាមច្បាប់៕ ដោយ៖ឡេង បញ្ញាឬទ្ធិ