ក្រសួងការពារជាតិអាមេរិច បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបាញ់សាកល្បងមីស៊ីលផ្លោងរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូងកំពុងគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។
បើតាមសេចក្តីរាយការណ៍ កងកម្លាំងរបស់ចិនបានធ្វើការបាញ់មីស៊ីលផ្លោងចំនួន ៤គ្រាប់អំឡុងពេលធ្វើសមយុទ្ធយោធានៅជុំវិញប្រជុំកោះ Paracel ហើយមន្ទីរបញ្ចាកោណនៃក្រសួងការពារជាតិអាមេរិច បាននិយាយថា សកម្មភាពរបស់ចិនបានធ្វើឲ្យមានចង្ងល់អំពីការប្តេជ្ញារបស់ចិនក្នុងការបញ្ចៀសកុំឲ្យមានសកម្មភាពបង្កហេតុ។
មន្ទីរបញ្ចាកោណថ្លែងក្នុងសេចក្តីប្រកាសថា “សកម្មភាពរបស់ចិន រួមមានការបាញ់សាកល្បងមីស៊ីល បង្កឲ្យមានអស្ថេរភាពបន្ថែមទៀតនៅក្នុងសមុទ្រចិនខាងត្បូង”។
សេចក្តីថ្លែងការបន្តទៀតថា “សកម្មភាពបែបនោះរបស់ចិន ក៏បានរំលោភដល់ការប្តេជ្ញារបស់ចិនក្រោមសេចក្តីប្រកាសឆ្នាំ ២០២០ស្តីអំពីការប្រតិបត្តិរបស់ភាគីនានានៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីបញ្ចៀសរាល់សកម្មភាពផ្សេងៗដែលធ្វើឲ្យស្មុគស្មាញ ឬបង្កើនជម្លោះ និងប៉ះពាល់ដល់សន្តិភាព និងស្ថេរភាព”។
សូមបញ្ជាក់ថា កងទ័ពចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធាចាប់ពីថ្ងៃទី ២៣ ខែសីហានេះ និងគ្រោងបញ្ចប់វិញនៅថ្ងៃទី ២៩ ខែដដែលស្អែកនេះ៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ AFP