ភ្នំពេញ ៖ ទីផ្សារភាគហ៊ុនរបស់ប្រទេសនូវែលសេឡង់ ត្រូវបានបង្ខំចិត្តបញ្ឈប់ជាថ្មីម្តងទៀត នៅមួយថ្ងៃក្រោយពីមានការរំខាន ដោយការវាយប្រហារ DDoS តាមប្រព័ន្ធអ៊ីនធឺណិត។ ការវាយប្រហាររបស់ DDoS នេះមានគោលបំណងធ្វើឱ្យមានការចរាចរណ៍ទិន្នន័យច្រើនលើសលប់ ទៅកាន់គេហទំព័រអ៊ីនធឺណិតដោយ មានការឆ្លងចូលកុំព្យូទ័រមួយចំនួនធំ ដែលមានផ្ទុកមេរោគ។ នេះបើតាមការផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Departmentនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រុមហ៊ុនទីផ្សារភាគហ៊ុន NZX ដែលមានមូលដ្ឋាននៅទីក្រុង Wellington បាននិយាយថា ខ្លួនបានជួបប្រទះបញ្ហាទាក់ទងនឹងបណ្តាញនេះដែរ ហើយក្រុមប្រឹក្សាភិបាល និងទីផ្សារបំណុល របស់ NZX ព្រមទាំងម្ចាស់ទីផ្សារភាគហ៊ុន Fonterra ត្រូវបានផ្អាក កាលពីល្ងាចថ្ងៃអង្គារកន្លងទៅនេះ។ ការវាយប្រហារនេះត្រូវបានបន្ធូរបន្ថយ ហើយប្រតិបត្តិការទីផ្សារធម្មតា នឹងបន្តនៅព្រឹកថ្ងៃពុធវិញ ប៉ុន្តែការជួញដូរមួយចំនួនក៏ត្រូវបានបញ្ឈប់ជាដដែល នៅវេលាម៉ោង ១១:៤២ថ្ងៃត្រង់។ ទោះបីជាការតភ្ជាប់បណ្តាញមួយចំនួននោះត្រូវបានស្តារឡើងវិញហើយសម្រាប់វិនិយោគិនក៏ដោយ ប៉ុន្តែការវាយប្រហារជាបន្តបន្ទាប់នេះក៏នៅតែចោទជាសំណួរទាក់ទងទៅនឹងផ្នែកសន្តិសុខនៅឡើយ។
សាស្ត្រាចារ្យ Dave Parry នៃផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៃសាកលវិទ្យាល័យបច្ចេកវិទ្យា Auckland បាននិយាយថា នេះជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរមួយលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសនូវែលសេឡង់។
លោកក៏បានព្រមានទៀតថា បញ្ហានេះគឺបណ្តាលមកពីមនុស្សជាច្រើន ត្រូវងាកមកធ្វើការនៅតាមផ្ទះរៀងខ្លួន ព្រោះតែមានការរំខានរបស់ ជំងឺ Covid-19 ស្របពេលដែលពិភពលោក នៅមានសុវត្ថិភាពទាប ក្នុងការប្រើប្រាស់កុំព្យូទ័រ ដែលជាហេតុនាំឱ្យការវាយប្រហារទាំងនោះ មានភាពងាយស្រួលជាងធម្មតា៕
ដោយ៖កូឡាប