មន្ត្រីការទូតជាន់ខ្ពស់របស់ចិន លោក Wang Yi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាមិនទាន់ច្បាស់នៅឡើយទេថាតើ វីរុសកូរ៉ូណាមានប្រភពដំបូងចេញមកពីចិនឬយ៉ាងណា ដែលការលើកឡើងរបស់លោកបែបនេះ បង្កឲ្យមានការសង្ស័យទៅលើទស្សនៈរបស់អ្នកជំនាញសុខាភិបាល និងរដ្ឋាភិបាលបរទេស។
ក្នុងអំឡុងដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសនរវេស លោក Wang Yi ថ្លែងដូច្នេះថា ខណៈចិនគឺជាប្រទេសដំបូង ដែលបានរាយការណ៍ពីវត្តមានរបស់វីរុសកូរ៉ូណា ទៅដល់អង្គការសុខភាពពិភពលោក វាមិនមែនមានន័យថា វីរុសនោះមានប្រភពចេញពីចិនឡើយ។
លោកថ្លែងប្រាប់អ្នកសារព័ត៌មានដូច្នេះថា “ជាការពិត ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ យើងបានឃើញសេចក្តីរាយការណ៍ដែលបង្ហាញថា វីរុសបានលេចចេញពីកន្លែងផ្សេងៗគ្នានៃពិភពលោក ហើយវាប្រហែលជាលេចចេញមុនគេនៅក្នុងប្រទេសចិន”។
អាជ្ញាធរសុខាភិបាលនៅក្នុងទីក្រុងវូហាន ប្រទេសចិនបានរាយការណ៍ពីករណីវីរុសកូរ៉ូណាដំបូង នៅក្នុងខែធ្នូ និងមានករណីស្លាប់លើកដំបូងនៅដើមខែមករា។
លោកលើកឡើងដូច្នេះថា “តើវីរុសចាប់ផ្តើមដំបូងនៅកន្លែងថា ហើយតើវាចាប់ផ្តើមដោយរបៀបណា…សំណួរនេះគួរតែទុកឲ្យអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវេជ្ជសាស្ត្រ…វាមិនគួរត្រូវយកមកធ្វើនយោបាយឡើយ”។
“តើនរណាជាអ្នកជំងឺដំបូង? គេនៅតែមិនទាន់ដឹងបញ្ហានេះ”។ នេះជាការថ្លែងបញ្ជាក់បន្ថែមរបស់លោក។
សូមបញ្ជាក់ថា វីរុសកូរ៉ូណា ដែលមានឈ្មោះផ្លូវការថា COVID-19 បានផ្ទុះកាលពីចុងឆ្នាំ ២០១៩ និងបានរាតត្បាតយ៉ាងលឿនទៅជុំវិញពិភពលោក។
បើតាមតួលេខចុងក្រោយ វីរុសមរណៈនេះបានឆ្លងទៅកាន់មនុស្សជាង ២៤លាននាក់ និងផ្តាច់ជីវិតមនុស្សជាង ៨៣៥.០០០នាក់៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ Reuters