ភ្នំពេញ៖ បើតាមការផ្សព្វផ្សាយរបស់គេហទំព័រហ្វេសប៊ុកកាលពី ប៉ុន្មានម៉ោងមុននេះ បានឱ្យដឹងថា ក្រុមហ៊ុនបានប្ដឹងបុរសម្នាក់ទាក់ទងនឹងការលក់ Likes Instagram ក្លែងក្លាយ “fake engagement service” នៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ សេវាកម្មដែលបុរសម្នាក់នេះ បានផ្ដល់នោះមានឈ្មោះថា Nakrutka ដែលបានប្រើកម្មវិធីដែលអាចដំណើរការដោយស្វ័យប្រវត្តិក្នុងការបង្កើន likes, comments និង views នៅក្នុងបណ្ដាញសង្គម Instagram។ នេះបើតាមការផ្សាយព័ត៌មាន របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនហ្វេសប៊ុក បានប្ដឹងអ្នកអភិវឌ្ឍន៍កម្មវិធីដែលបានប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុន ដើម្បីទាញយកផលចំណេញ ដែលផ្ទុយពីលក្ខខណ្ឌរបស់ក្រុមហ៊ុននោះ។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបានប្ដឹងអ្នកអភិវឌ្ឍកម្មវិធីនៅក្នុងប្រទេសអេស្ប៉ាញ ជាមួយនឹងក្រុមហ៊ុនមួយទៀត នៅក្នុងប្រទេសនូវែលសេឡង់កាលពីឆ្នាំកន្លងទៅ ទាក់ទងនឹងការលក់ Likes Instagram ក្លែងក្លាយនេះផងដែរ។
ប្រភពដដែល បានលើកឡើងថា ទន្ទឹមនឹងការប្ដឹង Nakrutka ហ្វេសប៊ុកក៏បានប្ដឹងអ្នកអភិវឌ្ឍកម្មវិធី MobiBurn ម្នាក់ទៀតទាក់ទងនឹងការចែកចាយកម្មវិធីដែលមានបង្កប់មកជាមួយមេរោគ ដើម្បីទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់មានដូចជា ឈ្មោះ អ៊ីមែល និងភេទ នៅពេលដែលអ្នកប្រើប្រាស់បញ្ចូលកម្មវិធីនេះ បន្ទាប់ពីកម្មវិធីនេះត្រូវបានរាយការណ៍ ដោយអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុនហ្វេសប៊ុក។
ការរឹតបន្តឹងរបស់ក្រុមហ៊ុនហ្វេសប៊ុកនេះ គឺដើម្បីបញ្ជាក់ពីការខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការការពារទិន្នន័យឯកជនភាព របស់អ្នកប្រើប្រាស់ ដែលជារឿយៗ បានរងការចោទប្រកាន់ពីសំណាក់អ្នកប្រើប្រាស់ និង អ្នកស្រាវជ្រាវបច្ចេកវិទ្យា ជាពិសេសពីបណ្ដាប្រទេសជុំវិញពិភពលោក ថាតែងតែបានរំលោភក្នុងការប្រើប្រាស់ទិន្នន័យឯកជនភាព របស់អ្នកប្រើប្រាស់នោះ៕ ដោយ៖កូឡាប