ស្ត្រីបារាំងម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដោយសារតែថតវីដេអូស្រាត នៅលើស្ពានពិសិដ្ឋ ដែលជាកន្លែងទីសក្ការៈ ស្ថិតក្នុទីក្រុង Rishikesh។ នេះបើតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
វីដេអូរបស់ស្ត្រីរូបនោះ ដែលថតនៅលើស្ពាន Lakshman Jhula ត្រូវបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម។
គាត់ប្រឈមនឹងការចោទប្រកាន់ក្រោមច្បាប់អ៊ីនធឺណេតរបស់ឥណ្ឌា និងអាចជាប់គុករហូតដល់ ៣ឆ្នាំ ប្រសិនជាមានកំហុស
ស្ពានយោលនៅលើទន្លេ Ganges ជាកន្លែងដ៏ពិសិដ្ឋ និងជាកន្លែងដ៏មានប្រជាប្រិយសម្រាប់ភ្ញៀសទេសចរ។
ស្ត្រីបារាំងនោះ បានប្រាប់ប៉ូលិសក្រោយទទួលការដោះលែងឲ្យនៅក្រៅឃុំថា វីដេអូនោះថតដើម្បីផ្សព្វផ្សាយជំនួញគ្រឿងអលង្ការរបស់នាង។
“នៅឥណ្ឌា ប្រហែលសកម្មភាពទាំងនេះ មិនត្រូវបានគេចាត់ទុកថាជាអំពើទាស់ចិត្តទេ ប៉ុន្តែ ក្រុង Rishikesh ជាកន្លែងទីសក្ការៈ ហើយស្ពាន LakShman Jhula ជាកន្លែងដែលព្រះ Ram និងបងព្រះរាមអង្គព្រះនាម Lashman ព្រមទាំងព្រះមហេសី Sita ឆ្លងកាត់ទន្លេ Ganges”។ នេះជាការបញ្ជាក់របស់ប្រធានប៉ុស្តិ៍ប៉ូលិស កន្លែងដែលស្ត្រីនោះត្រូវឃុំខ្លួន។
ស្ត្រីបារាំងខាងលើ ដែលមិនត្រូវបានគេបញ្ចេញអត្តសញ្ញាណផ្លូវការ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពេលមានគេរាយការណ៍ប្រាប់ប៉ូលិសពីសកម្មភាពរបស់នាង។
“ក្នុងពេលសួរចម្លើយ នាងបានទទួលស្គាល់ថាពិតជាបានថតវីដេអូស្រាតពិតមែន ប៉ុន្តែនាងអះអាងថា នាងមិនបានដឹងថា វារឿងខុសច្បាប់នៅឥណ្ឌាឡើយ។” នេះជាការបញ្ជាក់របស់ប៉ូលិសម្នាក់ទៀត
ស្ត្រីដដែលបញ្ជាក់ទៀតថា វីដេអូ និងរូបថតមានគោលបំណងផ្សព្វផ្សាយជំនួញខ្សែកអង្គាំរបស់នាង៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ BBC