ភ្នំពេញ៖ បុរសមានសតិមិនគ្រប់ឬសរសៃប្រសាទឈ្មោះ អ៊ាម សំណាង អាយុ៣២ឆ្នាំ មុខរបរ( អតីត)បុគ្គលិក រោងចក្រដំឡើងម៉ូតូហុងដា ត្រូវចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣០ខែសីហាឆ្នាំ២០២០ បានចេញដីការសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស បន្ទាប់ពីគាត់ត្រូវបានគេសង្ស័យថា បានអារកម្តាយបង្កើតរហូតដាច់កចេញពីដងខ្លួនយ៉ាងអាណោចអធ័ម។
សមត្ថកិច្ចបានលើកឡើងថា៖ ការសម្រេចដាក់ពន្ធនាគារព្រៃសបណ្តោះអាសន្នសិន រង់ចាំសវនការកាត់ទោសពេលក្រោយ ក្រោមការចោទប្រកាន់ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ អំពើមនុស្សឃាតនេះ បានឡើងស្ថិតនៅផ្លូវវេងស្រេង កន្លែងស្នាក់នៅរបស់ជនជាប់ចំណុចផ្ទះកើតហេតុជាមួយម្តាយ ដែលជាជនរងគ្រោះ ។ នៅកន្លែងកើតហេតុ គេបានឃើញសពស្ត្រីជាម្តាយស្លាប់ ក្នុងដាច់ក្បាលចេញពីខ្លួន ដេកនៅលើកន្ទេលនីឡុង ក្នុងសម្លៀកបំពាក់អាវដៃខ្លីនិងសារ៉ុង។
នៅមិនទាន់មានការបញ្ជាក់លើជនសង្ស័យថាតើមានជំងឺសសៃប្រសាទពិតឬក៏អត់ទេ ព្រោះគេបានត្រឹមតែរកឃើញប័ណ្ណបើកថ្នាំ ជាប្រចាំនៅពេទ្យមិត្តភាពខ្មែរ សូវៀត ពេលឃាត់ខ្លួនគេបានឃើញបុរសរូបនេះស្រាតននលគោក និងត្រូវនគរបាលយកកន្សែងរុំ រួចនាំខ្លួនទៅតុលាការ និងគុកតែម្តងទៅ។
តាមការបញ្ជាក់ពីសមត្ថកិច្ចថា ស្ត្រីចំណាស់ម្នាក់ត្រូវបាន កូនប្រុសចាប់អារក ដាច់ចេញពីស្មា ស្លាប់ក្នុងបន្ទប់ជួល រួចរត់គេចខ្លួនបាត់ កាលពីម៉ោង១១យប់ថ្ងៃសុក្រ ថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២០ ដល់វេលាម៉ោង៧ព្រឹក ថ្ងៃសៅរ៍ ទី២៩ ខែសីហា ២០២០ ទើបមានមានការភ្ញាក់ផ្អើលថា មានមនុស្សស្លាប់នៅចំណុចបន្ទប់ជួលលេខ២០២ ជាន់ទី២ ស្ថិតក្នុងបុរីសឡា ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយមកសមត្ថកិច្ចបើកការស៊ើបអង្កេត ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យជាកូនបង្កើត នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃ២៩ ដោយមានប្រជាពលរដ្ឋឃើញជនសង្ស័យដើរស្រាត នៅក្រោយមន្ទីរពេទ្យសែនសុខIU ក៏បានរាយការណ៍ទៅសមត្ថកិច្ចមកមើល ទើបដឹងថាជាជនដៃដល់ពិតប្រាកដ ក៏ឃាត់ខ្លួន យកមកសាកសួរនៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យតែម្តង៕ ដោយ ៖ ឡេងបញ្ញាឬទ្ធិ