កំពង់ចាម ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានចេញលិខិតមួយច្បាប់ជូនលោក ប៉េង ឈុន ជាម្ចាស់ភោជនីយដ្ឋានស្មៅទន្លេ សំណើសុំធ្វើការរុះរើរូបសិប្បនិម្មិត តួប៉មប្រាសាទនគរបាជ័យ ដែលធ្វើឡើងអំពីស្នោហើយពុះតួប៉មប្រាសាទញ៉ែកចេញជាពីរចំណែក នៅទីតាំងភោជនីយដ្ឋានស្មៅទន្លេ ភូមិ២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
កម្លាំងការិយាល័យនគរបាលបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយនឹងក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម នៅថ្ងៃចន្ទ ទី ១ ខែកញ្ញា ឆ្នាំ២០២០ ចុះត្រួតពិនិត្យឃើញថា រូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យ ដែលបានដាក់តាំងនៅភោជនីយដ្ឋានស្មៅទន្លេ ជារូបសិប្បនិម្មិតធ្វើអំពីស្នោយកមកពុះញែកជាពីរបំណែកមានសណ្ឋានខុសនឹងទម្រង់ទ្រង់ទ្រាយដើម ពីរចនាបទខ្មែរ ខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈតម្រូវឲ្យលោក ប៉េង ឈុន ជាម្ចាស់ភោជនីយដ្ឋានស្មៅទន្លេ ធ្វើការសហការយ៉ាងម៉ឺងមាត់ក្នុងន័យការពារថែរក្សា អភិរក្ស និងលើកតម្តើងសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ឲ្យមានភាពឧត្តុងឧត្តម ដែលជាកេរ្តិ៍តំណែលរបស់ជាតិ តំរូវឲ្យរុះរើទាំងស្រុងក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃជម្រាបជូននេះតទៅ៕ដោយ កូឡាប