ភ្នំពេញ ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំដាក់ឲ្យដំណើរការជាផ្លូវការនូវការដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ (កម្ពុជា-វៀតណាម) ក្រោមអធិបតីភាព ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀតផងដែរ នាទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ។
នាឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ មានប្រសាសន៍រំលឹកថា នាពេលកន្លងមក រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានឯកភាពគ្នាដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារអន្ដរជាតិ ដើម្បីបង្កើនកិច្ចសហការជាមួយប្រទេសជិតខាង និងសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការធ្វើពាណិជ្ជកម្មរវាងប្រជាជននៃប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរលើគ្រប់វិស័យ។
ឯកឧត្តម បន្ដថា ដើម្បីធានាដល់ការសម្ពោធច្រកទ្វារព្រំដែន ម៉ឺនជ័យ នាពេលខាងមុខនេះ ក្រសួមហាផ្ទៃ ក៏បានចាត់ឲ្យ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូ ចុះទៅជួបពិភាក្សាការងារជាមួយភាគី វៀតណាម ចំនួន២លើកផងដែរ។
សូមជម្រាបថា ច្រកទ្វារព្រំដែនម៉ឺនជ័យ គឺមានទីតាំងស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាប់នឹងច្រកទ្វារតំបន់ព្រំដែន តឺនណា ខេត្តតៃនិញ ប្រទេសវៀតណាម។
សូមបញ្ជាក់ថា ដំណើរការសាងសង់ អាគាររដ្ឋបាលច្រកទ្វារ ព្រំដែនអន្តរជាតិម៉ឺនជ័យ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង រហូតមកទល់ពេលនេះ បានប្រមាណជា ៩០% ហើយគ្រោងសម្ពោធ នៅពេលខាងមុខនេះ។ នៅថ្ងៃ២៤ សីហា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យ ដំណើរការសាងសង់ ៕ដោយ៖កូឡាប