ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ចេញនូវវិធានការចំពោះផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមាន B/N 487, 488, 536, 537, 538 និង 539 ដោយតម្រូវឱ្យក្រុមហ៊ុន Nutrilatt Master LM Co., Ltd. បញ្ឈប់ជាបន្ទាន់ការនាំចូល និងចែកចាយនូវផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ (ចាប់ពីទារក ដល់ ២៤ខែ) ម៉ាក Nutrilatt រហូតដល់មានការជូនដំណឹងជាថ្មី ដោយសារមានជាតិដែកកម្រិតទាប បង្កផលប៉ះពាល់ដល់សុខភាពទារក និងកុមារកម្ពុជា។ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់មាតា បិតា និងអាណាព្យាបាល បញ្ឈប់ជាបន្ទាន់នូវការបំបៅកូនដោយម្សៅទឹកដោះគោម៉ាក Nutrilatt B/N 487, 488, 536, 537, 538 និង 539 និងអញ្ជើញមកដាក់ពាក្យបណ្តឹងដោយ ភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធនានា នៅអគ្គនាយកដ្ឋាន ក.ប.ប។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណជនជ្រាបថា ដោយផ្អែកលើលទ្ធផលវិភាគលើសំណាកគំរូម្សៅទឹកដោះគោ ម៉ាក Nutrilatt B/N 487, 488, 536, 537, 538 និង 539 ចេញដោយមន្ទីរពិសោធន៍ឯករាជ្យមួយនៅប្រទេសសិង្ហបុរី ឈ្មោះ Eurofins Food Testing Singapore Pte Ltd ដែលទទួលស្គាល់ជាអន្តរជាតិ តាមស្តង់ដារ ISO/IEC 17025:2017 បានបង្ហាញឱ្យឃើញថា សំណាកគំរូផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមានលេខកូដ ខាងលើ មានកម្រិតជាតិដែកតិចជាង ០.២៥មីលីក្រាម/១០០ក្រាម គឺមានកម្រិតទាបខ្លាំងពីលក្ខខណ្ឌតម្រូវអប្បរមា ដែលកំណត់ដោយស្តង់ដារកូដិចអន្តរជាតិ ដែលក្នុងនោះកម្រិតជាតិដែកតម្រូវឱ្យមានយ៉ាងតិច ២.២៨ មីលីក្រាម ១០០ក្រាម សម្រាប់ផលិតផលលេខ១ (ចាប់ពីទារក ដល់អាយុ ៦ខែ) និងយ៉ាងតិច ៤.៧២ មីលីក្រាម /១០០ ក្រាម សម្រាប់ផលិតផលលេខ២ (ចាប់ពីអាយុ ៦ខែ ដល់អាយុ ១២ខែ)។
ក្នុងគោលបំណងទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពទារក និងកុមារកម្ពុជា ពីការបំបៅកូនដោយម្សៅទឹក ដោះគោម៉ាក Nutrilatt លេខកូដដូចខាងលើ ក្រសួងពាណិជ្ជកម្ម មានវិធានការ ដូចខាងក្រោម៖
១- តម្រូវឱ្យក្រុមហ៊ុន Nutrilatt Master LM Co., Ltd. :
– បញ្ឈប់ជាបន្ទាន់ការនាំចូល និងចែកចាយនូវផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ (ចាប់ពីទារក ដល់ ២៤ខែ) ម៉ាក Nutrilatt រហូតដល់មានការជូនដំណឹងជាថ្មី។
– ប្រមូលត្រឡប់មកវិញនូវផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt B/N 487, 488, 536, 537, 538 និង 539 ពីទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រគល់ជូនអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីបន្តនីតិវិធី។
– សហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបញ្ជាក់អំពីគុណភាព និងលក្ខខណ្ឌតម្រូវនានាចំពោះ ផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមានលេខកូដផ្សេងទៀត (ក្រៅពី B/N 487, 488, 536,537, 538 និង 539) ក្នុងរយៈពេល ៣ខែ។
២- តម្រូវឱ្យម្ចាស់ផ្សារទំនើប ឱសថស្ថាន និងហាងលក់ទំនិញនានាទូទាំងប្រទេស ផ្អាកជាបន្ទាន់ការដាក់តាំងលក់ នូវផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ ម៉ាក Nutrilatt ទាំងអស់ និងត្រូវប្រគល់ជូន អគ្គនាយកដ្ឋាន ក.ប.ប. នូវផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt B/N 487, 488, 536, 537, 538, 539។
៣- តម្រូវឱ្យអគ្គនាយកដ្ឋាន ក.ប.ប. ចុះត្រួតពិនិត្យនៅតាមបណ្តាផ្សារទំនើប ឱសថស្ថាន និងហាងលក់ទំនិញ នានា ដើម្បីដកហូតផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt មានលេខកូដខាងលើ ក្នុងករណីដែលរកឃើញ ផលិតផលទាំងនោះនៅតែបន្តចរាចរនៅលើទីផ្សារ ។
ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់មាតា បិតា និងអាណាព្យាបាល បញ្ឈប់ជាបន្ទាន់នូវការបំបៅកូនដោយម្សៅទឹកដោះគោម៉ាក Nutrilatt B/N 487, 488, 536, 537, 538 និង 539 និងអញ្ជើញមកដាក់ពាក្យបណ្តឹងដោយ ភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធនានា នៅអគ្គនាយកដ្ឋាន ក.ប.ប, មានអាសយដ្ឋាន ផ្លូវលេខ១៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទូរសព្ទលេខ (+៨៥៥) ៩២ ៨៣០ ៨៥៦ ឬតាមរយៈបណ្តាញ សង្គម (https://www.facebook.com/camcontrolkh/) ប្រសិនបើសង្ស័យថា ទារករបស់ខ្លួនទទួលរងផលប៉ះពាល់ ពីការប្រើប្រាស់ផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមានលេខកូដខាងលើ ឬលេខកូដផ្សេងៗទៀត។
ក្រសួងពាណិជ្ជកម្ម សូមស្នើសុំការចូលរួមសហការ ពីមាតា បិតា អាណាព្យាបាល ម្ចាស់ក្រុមហ៊ុន ផ្សារទំនើប ឱសថស្ថាន ហាងលក់ទំនិញនានា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឱ្យការអនុវត្តវិធានការខាងលើមាន ប្រសិទ្ធភាព សំដៅទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពទារក និងកុមារកម្ពុជា និងហានិភ័យនានា ដែលកើតឡើងពី ការប្រើប្រាស់ផលិតផលម្សៅទឹកដោះគោប្រភេទនេះ សម្រាប់ចិញ្ចឹមទារក និងកុមារ (ចាប់ពីទារក ដល់ ២៤ខែ)។
ក្រសួងពាណិជ្ជកម្ម កំពុងបន្តចាត់វិធានការតាមផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់លើផលិតផលទឹកដោះគោ
ម្សៅផ្សំតាមរូបមន្តដែលមានបញ្ហា ដើម្បីចូលរួមលើកកម្ពស់បំផុសស្មារតីដល់មាតា បិតា និងអាណាព្យាបាលគ្រប់រូប លើការអនុវត្តបំបៅកូនដោយទឹកដោះម្តាយ ស្របតាមសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី៦ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ការបំបៅកូនដោយទឹកដោះម្តាយ គឺជាជម្រើសដ៏ប្រសើរសម្រាប់អភិវឌ្ឍមូលធនមនុស្ស និងសេដ្ឋកិច្ចជាតិ”៕ដោយ៖កូឡាប