ត្បូងឃ្មុំ ៖ មន្ត្រីសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តត្បូងឃ្មុំ បានបន្តចុះត្រួតពិនិត្យគុណភាពផលិតផល និងផ្សព្វផ្សាយអនុក្រឹត្យលេខ ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និងកុមារ នៅផ្សារថ្នល់ទទឹង ស្ថិតក្នុងស្រុកត្បូងឃ្មុំ ដោយបានរកឃើញផលិតផលទឹកដោះគោមួយចំនួន ពុំបានបំពេញតាមលក្ខខណ្ឌតម្រូវអំពីខ្លឹមសារនៃស្លាកសញ្ញាចំពោះផលិតផលសម្រាប់ចិញ្ចឹមទារក ហើយធ្វើកំណត់ហេតុ បញ្ឈប់ការដាក់តាំងលក់ជាបណ្តោះអាសន្ន ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យគុណភាពផលិតផល និងស្លាកសញ្ញាជាអក្សរខ្មែរ លើផលិតផលម្សៅទឹកដោះគោ នៅផ្សារថ្នល់ទទឹង ស្ថិតក្នុងស្រុកត្បូងឃ្មុំ។ គោលដៅសំខាន់នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យភាពគុណភាព និងស្លាកសញ្ញាជាអក្សរខ្មែរ លើផលិតផលម្សៅទឹកដោះគោ ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ ២៣៨៣ ពណ. អ.កបប ចុះថ្ងៃ ២៨ កក្កដា ២០២០ ពាក់ព័ន្ធនឹងផលិតផលសម្រាប់ចិញ្ចឹមទារក និង កុមារ ជាពិសេស មន្ត្រីសាខា ក.ប.ប. បានផ្សព្វផ្សាយអនុក្រឹត្យលេខ ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និងកុមារ លើសម្បកវេចខ្ចប់ម្សៅទឹកដោះគោផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញផលិតផលទឹកដោះគោមួយចំនួន ពុំបានបំពេញតាមលក្ខខណ្ឌតម្រូវ អំពីខ្លឹមសារនៃស្លាកសញ្ញាចំពោះផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារដែលចែងក្នុងអនុក្រឹត្យលេខ១៣៣ ត្រង់ចំណុចមួយចំនួន ដូចខាងក្រោម៖ គ្មានស្លាកសញ្ញាជាអក្សរខ្មែរ ។ ពុំមានឃ្លា គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតដល់៦ខែ ហើយបន្តការបំបៅទឹកដោះម្តាយរហូតដល់២ឆ្នាំ ឬលើស។ ពុំមានបង្ហាញពីផលប៉ះពាល់គ្រោះថ្នាក់ ចំពោះការប្រើប្រាស់ផលិតផលមុនអាយុ។ ពុំមានឃ្លាបញ្ជាក់ មុននឹងប្រើប្រាស់ត្រូវពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាល។
ទន្ទឹមនោះ មន្ត្រីសាខាបានធ្វើកំណត់ហេតុ បញ្ឈប់ការដាក់តាំងលក់ជាបណ្តោះអាសន្ន ទៅតាមនីតិវិធី៕ ដោយ៖កូឡាប