Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ដ្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​៖ ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ​៥​ថ្ងៃ ភ្ញៀវទេសចរ​ដើរ​កម្សាន្ដ ចាយលុយ​ជាង​១០០​លាន​ដុល្លារ​

spot_img

ភ្នំពេញ​ ៖ ឯកឧត្តម ទិ​ត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួងទេសចរណ៍ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ក្នុងឱកាស​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ រយៈពេល​៥​ថ្ងៃ​កន្លងទៅនេះ មាន​ភ្ញៀវទេសច​ប្រមាណ​១.៤​លាន​នាក់ បាន​ដើរ​កម្សាន្ដ​នៅ​ទូទាំងប្រទេស ក្នុង​នោះបាន​ចាយ​ថវិកា​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​អាមេរិក​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំឡើង​ដោយ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ស្ដីពី «​ស្ថានភាព​វិស័យ​ទេសចរណ៍ ក្នុងអំឡុងពេល នៃ​ការរីក​រាល​ជំងឺ​កូ​វីដ​១៩» ឯកឧត្តម ទិ​ត ចន្ថា បាន​បញ្ជាក់ថា ការចាយ​ថវិកា​របស់​ភ្ញៀវទេសចរ​នេះ គឺជា​ការជំរុញ​ចរន្ដ​សេដ្ឋកិច្ច​ផ្ទៃក្នុង​មួយ​ដ៏​ល្អ គ្រា​ដែល​ទេសចរណ៍​បរទេស​ត្រូវ​បាន​ធ្លាក់ចុះ​ស្ទើរ​ទាំងស្រុង​។​

ឯកឧត្តម ទិ​ត ចន្ថា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ក្នុងឱកាស​ឈប់សម្រាក​កន្លងទៅនេះ សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង​បាន​រុញ​ទៅ​គ្រប់ទិសទី​ទាំងអស់ មាន​រហូត​ទៅដល់​ប្រមាណ​១.៥​លាន​នាក់ ក្នុងនោះ​មាន​១០​ភាគរយ ជា​ជនបរទេស​នៅក្នុង​ប្រទេស​កម្ពុជា បាន​ជំរុញ​សេដ្ឋកិច្ច​ផ្ទៃក្នុង​ដែល​យើង​ប៉ាន់ប្រមាណ ជំហាន​ដំបូង​ថា ប្រមាណ​១០០​លាន​ដុល្លារ ក្នុង​រយៈពេល​៩​ថ្ងៃ​កន្លងមកនេះ​»​។​

ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ បាន​មានប្រសាសន៍ថា ថវិកា​១០០​លាន​ដុល្លារ​នេះ គឺជា​ចរន្ដ​ផ្ទាល់​នៃ​ការចំណាយ​របស់​ភ្ញៀវ​ទៅក្នុង​គោលដៅ​ទេសចរណ៍ ហើយ​ទុន​នេះ​នឹង​ជួយ​ជំរុញ​ផ្នែក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត នៃ​សេដ្ឋកិច្ចសង្គម​។ ឯកឧត្តម​បន្ថែមថា តាមរយៈ​តួលេខ​នេះ ក៏​ជាការ​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​បន្ថែម សណ្ឋាគារ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន សេវាកម្ម​ទេសចរណ៍​នៅ​មូលដ្ឋាន ចាប់ផ្ដើម​បើក​ដំណើរការ​ឡើងវិញ​ផងដែរ​។​

​ឯកឧត្តម ទិ​ត ចន្ថា បានថ្លែងថា ក្នុង​រយៈពេល​៩​ថ្ងៃ នៃ​ការឈប់​សម្រាក (​បូក​ទាំង​ថ្ងៃ​សៅរ៍ អាទិត្យ​) តំបន់​ទេសចរណ៍​ជាច្រើន​ជួបប្រទះ​នូវ​កង្វះ​ការផ្គត់ផ្គង់ ដូចជា​កន្លែង​ស្នាក់នៅ​ជាដើម ហើយ​ប្រសិនបើ​មាន​មូលដ្ឋាន​ទេសចរណ៍​ច្រើនជាង​នេះ អាចនឹងទទួល​បាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង កាន់តែច្រើន​ទៀតផង​ដែរ ក្នុងពេល​ឈប់​សម្រាក​នេះ​។​

ឯកឧត្តម ទិ​ត ចន្ថា បាន​ឲ្យ​ដឹងថា រហូតមក​ដល់ពេលនេះ តាម​តួលេខ​ដែល​ក្រសួងទេសចរណ៍​ទទួល​បាន អាជីវកម្ម​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ៣០​ភាគរយ​បើក​ដំណើរការ​ឡើងវិញ ក្នុងចំណោម​៩០​ភាគរយ​ដែល​ត្រូវ​បិទទ្វារ ដោយសារ​កូ​វីដ​-១៩​។ ក្នុងនោះ កម្មករ និយោជិត ប្រមាណ​ជាង​១០​ម៉ឺន​នាក់​បាន​ចូល​បម្រើ​ការងារ​វិញ​ផងដែរ​៕​
ដោយ៖បញ្ញាស័ក្តិ

spot_img
×