Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ANA នឹង​ចាប់ផ្តើម​ការហោះហើរ​ត្រង់​មកកាន់​កម្ពុជា​ឡើងវិញ ដើម្បី​ជួយ​ជំរុញ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​

​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​ជប៉ុន​នៅ​កម្ពុជា បានស្នើ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ANA បើក​ប្រតិបត្តិ​ការហោះហើរ​ត្រង់​មក​កម្ពុជា នៅមុន​ពេល​កំណត់ ដែល​គ្រោង​ធ្វើឡើង​ក្នុង​ខែកញ្ញា ឆ្នាំ​២០២០​នេះ ដើម្បី​ជំរុញ​ឲ្យ​វិនិយោគិន​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា ហើយ​គម្រោង​នេះ​ត្រូវបានធ្វើ ឡើង​រវាង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​ប្រធាន​សមាគម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា លោក Kanda Yogo ដែល​ទើបនឹង​តែងតាំង​ថ្មី​។​

​ជាមួយនិង​ការលើកឡើង​នះ ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សង្ឃឹមថា ក្រុមហ៊ុន​អាកាសចរ​ជប៉ុន ANA នឹង​ចាប់ផ្តើម​ការហោះហើរ​ផ្ទាល់​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​ឡើងវិញ នាពេល​ឆាប់ៗ​ខាងមុខ ដែល​នឹង​ជួយ​ជំរុញ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​។​

​ឯកឧត្តម សុខ ចិន្តា​សោភា បាន​លើកឡើងថា សកម្មភាព​វិនិយោគ​របស់​អ្នកវិនិយោគ​ជប៉ុន​ទាំងអស់ ជាពិសេស​ការវិនិយោគ​ក្នុង​វិស័យ​កម្មន្តសាល​មិនមែន​វាយ​ន​ភណ្ឌ ដែល​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែក​ដល់​ការធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា និង​ការអភិវឌ្ឍ​ធនធានមនុស្ស ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ដែលមាន​ចក្ខុវិស័យ​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម​ទៅជា​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០២៥​។

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ដំណាច់ខែ​កក្កដា ឆ្នាំ​២០២០​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានទទួល​ស្វាគមន៍ និង​ចុះបញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​របស់​ជប៉ុន ចំនួន ១៤៤​គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ ២,៨​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​មាន​គម្រោង​វិនិយោគ​ចំនួន ៦៦ បាន​បោះទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ៣៤០​លាន​ដុល្លារ​អាមេរិក​៕
ដោយ​៖CEN​

×