Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សែ​ល​កាត បាន​នាំមក​ជូន​នូវ ផ្នែក​គំនូរ​ឌីជីថល​ថ្មី សម្រាប់​កម្មវិធី​ប្រឡង​ស្នាដៃ​សិល្បៈ ប្រចាំឆ្នាំ​ទី ៣

​ភ្នំពេញ​៖ ថ្ងៃនេះ ក្រុមហ៊ុន​សែ​ល​កាត បានប្រកាស​នូវ​ការដាក់បញ្ចូល ផ្នែក​គំនូរ​ឌីជីថល​ថ្មី (Digital Arts Category) ទៅក្នុង​កម្មវិធី​ប្រឡង​ស្នាដៃ​សិល្បៈ (Kbach Arts Competition) ដែលជា​កម្មវិធី​មួយ ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​ស្វែងរក​សិល្បៈករ​មាន​ទេពកោសល្យ​លេចធ្លោ​ថ្មីៗ នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​ក្រុមហ៊ុន​សែ​ល​កាត និង Kbach Arts បាន​បើក​ដំណើរការ​កម្មវិធី​ប្រឡង​ប្រចាំឆ្នាំ ២០២០ នេះ​ជា​ផ្លូវការ បន្ទាប់ពី​បាន​ពន្យារពេល​មួយរយៈ​ដោយសារ​បញ្ហា​ជំងឺ​រាតត្បាត​។ សិល្បករ​ដែលមាន​ចំណាប់អារម្មណ៍​ទាំងអស់ អាចដាក់​ពាក្យ​ចូលរួម​ប្រឡង​បាន ពោលគឺ​កម្មវិធី​ចាប់​ទទួល​ពាក្យ​រហូតដល់​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០​។​

​ព្រឹត្តិការណ៍​បើកសម្ពោធ​កម្មវិធី​ប្រឡង​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន Hops Brewery ទីក្រុង​ភ្នំពេញ ដោយមាន​រៀបចំ​នូវ​ការបង្ហាញ​ផ្ទាល់​នៃ​ស្នាដៃ​បង្កើត​សិល្បៈ​ឌីជីថល ក៏ដូចជា​ការផ្តល់ជូន​នូវ​បទពិសោធន៍​ទស្សនា Virtual និង Augmented Reality អមដោយ​ការបង្ហាញ​ស្នាដៃ​សិល្បៈ​ប្រពៃណី និង​ការសម្តែង​ផ្ទាល់​របស់​DJ ផងដែរ​។​

​កម្មវិធី​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​អាច​ទាក់ទាញ​សិល្បករ​មក​ចុះឈ្មោះ​ចូលរួម​ប្រឡង កាន់តែ​កុះករ​ច្រើនជាង​ឆ្នាំមុន​ដល់​ទៅ​រាប់រយ​នាក់ ព្រោះថា​ផ្នែក​គំនូរ​ឌីជីថល អនុញ្ញាតឱ្យ​សិល្បករ អាចបង្កើត​និង​ផ្ញើ​ស្នាដៃ​គំនូរ​របស់​ពួកគេ​មក​ចូលរួម​ប្រឡង​បាន តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។

​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍​ឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ប្រជាពលរដ្ឋ​យើង បាន​ងាក​ទៅប្រើ​ប្រាស់​ប្រព័ន្ធ​អន​ឡាញ សម្រាប់​ជួយ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ ពោលគឺ​បាន​ជម្រុញ​ឱ្យ​ក្រុមការងារ​របស់លោក សម្រេចចិត្ត​ធ្វើ​ដូចគ្នានេះដែរ ចំពោះ​ការប្រឡង​សិល្បៈ​គំនូរ​។​

“​ការដាក់បញ្ចូល​ផ្នែក​គំនូរ​ឌីជីថល បាន​ជម្រុញ​ទឹកចិត្ត​សិល្បករ​យើង ឱ្យ​ចេះ​ស្វែងយល់​នូវ​បច្ចេកវិទ្យា​ថ្មីៗ និង​គោល​គំនិត​នៃ​សិល្បៈ​គំនូរ ក៏ដូចជា​អនុញ្ញាតឱ្យ​សិល្បករ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា អាច​ចូលរួម​ជា​ផ្នែក​មួយ​នៃ​សហគមន៍​សិល្បៈ​ខ្មែរ​ផងដែរ​។​

​យើង​ចង់បាន​ផ្នែក​មួយ ដែល​សក្តិសម​ជាមួយនឹង​យុវជន​សម័យ​បច្ចេកវិទ្យា​ឌីជីថល ព្រោះ​យើង​មើលឃើញថា វា​កំពុងមាន​ការកើនឡើង​ជាខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​។​

“​តាមរយៈ​សិល្បៈ​គំនូរ​នេះ យើង​នឹង​មានឱកាស​ច្រើន​អាច​មើលឃើញ​នូវ​គំនិត​ច្នៃប្រឌិត និង​នុ​វា​នុ​វត្ត​ន៍ លេច​ចេញមក​ទន្ទឹមគ្នា​តាមបែប​ថ្មី ហើយ​យើង​ពិត​ជាមាន​អារម្មណ៍​រំភើប​រីករាយ ក្នុង​ការរង​ចាំមើល​នូវ​លទ្ធផល ដែល​នឹង​បង្ហាញ​ចេញមក​”​។​

​លោក Tony Francis ម្ចាស់​ក្រុមហ៊ុន និង​ជា​ស្ថាបនិក Kbach Arts បាន​មានប្រសាសន៍​ឱ្យដឹងថា លោក​ពិត​ជាមាន​ក្តី​រីករាយ​ឥតឧបមា ដែល​បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត ដើម្បី​ណែនាំ​កម្មវិធី​ប្រឡង​នេះ ទៅកាន់​បណ្តា​អ្នកគាំទ្រ​ថ្មីៗ​បន្ថែមទៀត​។​

“​ក្រុមហ៊ុន​សែ​ល​កាត និង Kbach Arts មាន​លក្ខណៈសម្បត្តិ​ច្រើនយ៉ាង​ណាស់​ដែល​ដូចគ្នា ហើយ​យើង​ជឿជាក់ ថា ក្រុមហ៊ុន​យើង​ទាំងពីរ នឹង​អាច​រួមគ្នា​បង្កើត​នូវ​ឱកាស​ថ្មីៗ​ជូន​ដល់​សិល្បករ​ខ្មែរ​យើង ដើម្បី​ស្វែងយល់ បង្ហាញ​ស្នាដៃ និង​ពង្រឹង​អាជីព​របស់​ពួកគាត់​តាមរបៀប​ថ្មី​”​។​

“Kbach Arts យើង​គឺ​ផ្តោតទៅលើ​ការស្វែងរក និង​ការបណ្តុះ​សិល្បករ​ដែលមាន​ទេពកោសល្យ តាមរយៈ​កម្មវិធី​នានា​របស់​យើង ដើម្បី​ជួយ​ឱ្យ​សិល្បករ​កំពូលៗ​ទាំងនោះ ទទួលបាន​ការទាក់ទាញ​ចំណាប់អារម្មណ៍​នៅលើ​ឆាក​អន្តរជាតិ បទពិសោធន៍​ល្អៗ និង​ការចង្អុលបង្ហាញ​ដែល​ត្រឹមត្រូវ​ផងដែរ​។​

​ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​គ្រប់​បណ្តា​ខេត្ត​ក្រុង​ទាំងអស់​ក្នុងឆ្នាំនេះ សែ​ល​កាត រួមជាមួយ Kbach Arts នឹង​រៀបចំ​កម្មវិធី​សិក្ខាសាលា​តាម​អន​ឡាញ​ពិសេស​មួយ ជូន​ដល់​សិល្បករ​ទាំងអស់ ដែលមាន​ចំណាប់អារម្មណ៍​ក្នុងការ​ស្វែងយល់​លម្អិត និង​ទទួលបាន​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ប្រឡង​នេះ​។​

​មកទល់​បច្ចុប្បន្ននេះ យើង​មាន​កំពូល​សិល្បករ ៣ រូប បានបញ្ជាក់​នូវ​វត្តមាន​ចូលរួម​របស់​ពួកគាត់ ដោយ​ក្នុងនោះ​រួមមាន​លោក Hour Soben, Rodrigo Garzon និង Yean Sokheng ហើយ​ទន្ទឹមនឹងនោះ ក៏​នៅមាន​សិល្បករ​ជាច្រើនរូប​ទៀត ដែល​នឹងចូលរួម​នៅក្នុង​អំឡុង​នៃ​ការបើក​ដំណើរការ​កម្មវិធី​ផងដែរ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការប្រឡង និង​បែបបទ​ក្នុងការ​ចូលរួម សូម​ចូល Follow ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Kbach Arts https://www.facebook.com/KBachArts៕
​ដោយ​៖CEN

×