Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​ពោធិ៍សាត់ នឹង​បោសសម្អាត​ទីតាំង​លំនៅ​មិន​ស្របច្បាប់ នៅក្នុង​តំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​

​ពោធិ៍សាត់​៖ អាជ្ញាធរខេត្ត​ពោធិ៍សាត់ បានចេញ​សេចក្តីជូនដំណឹង​ថា នឹង​បោសសម្អាត​ទីតាំង​លំនៅ​មិន​ស្របច្បាប់ នៅក្នុង​តំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ដោយ​ទុក​រយៈពេល ៧​ថ្ងៃ ឲ្យ​ប្រជាពលរដ្ឋ​ដែល​តាំង​ទីលំនៅ​ខុសច្បាប់​នៅ​ទីតាំង​នោះ រុះ​រើចេញ​ជាបន្ទាន់​។​

​យោងតាម​តាម​សេចក្តីជូនដំណឹង របស់​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ដែល​ទទួលបាន​នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ២១​គ្រួសារ ដែល​កំពុង​មក​តាំងទី​លំនៅ និង​កាប់​រុករាន​ដីព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ ឲ្យ​ដឹងថា នៅពេល​បច្ចុប្បន្ននេះ​ផ្ទៃដី​តំបន់ ការពារ​ធម្មជាតិ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស កំពុង​ត្រូវបាន​ជនខិលខូច​មួយចំនួន​មក​រំលោភ​កាប់​ទន្ទ្រានព្រៃ កាន់កាប់​ដី​យ៉ាង​អាណាធិបតេយ្យ ទោះជា​មានការ​ណែនាំ​ទប់ស្កាត់ ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​មន្ត្រី ជំនាញ​យ៉ាងណាក៏ដោយ ក៏​នៅតែមាន​ការកាប់​ទន្ទ្រាន​ព្រៃ​កើតមានឡើង​ដដែល​។​

​ដើម្បី​ថែរក្សា​ព្រៃ និង​ដី​តំបន់ការពារធម្មជាតិ ដែលជា​ប្រភពធនធាន​ធម្មជាតិ​ដ៏​សំខាន់បំផុត​សម្រាប់​ជីវភាព​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅក្នុង​ខេត្តពោធិ៍សាត់​ទាំងមូល រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ នឹង​ចាត់វិធានការ​រដ្ឋបាល​បោសសម្អាត ទីតាំង​រស់នៅ​នៅ​មិន​ស្របច្បាប់ នៅក្នុង​តំបន់ការពារធម្មជាតិ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ចាប់ពី​ចំណុច​ស្ពាន​អូរ ១៧ រហូតដល់​លើ​ភ្នំ​១៥០០ ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដោយ​រដ្ឋបាលខេត្ត ទុក​រយៈពេល​មួយ​សប្តាហ៍ (០៧​ថ្ងៃ​) គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​ទៅ សម្រាប់​រយៈពេល​ឱ្យ​ប្រជាពលរដ្ឋ ចំនួន ២១​គ្រួសារ ធ្វើការ​រុះរើ​ផ្ទះ និង​ខ្ទម​ទាំង​៤៣ ខ្នង​ដែល​បាន​សាងសង់​នៅ​មិន​ស្របច្បាប់ ចេញពី​ចំណុច​ខាងលើ​ដោយ​ខ្លួនឯង ហើយ​បញ្ឈប់​រាល់​សកម្មភាព​កាប់​រុករាន​ដីព្រៃ នៅក្នុង​តំបន់ការពារធម្មជាតិ​។​

​បើតាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​ខេត្តពោធិ៍សាត់ បានបញ្ជាក់​បន្ថែមថា «​ដល់​ថ្ងៃ​ផុតកំណត់​នៃ​សេចក្ដីជូនដំណឹង​នេះ រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​ការរុះរើ ដោយ​មិន​ទទួលខុសត្រូវ​រាល់ ការខូចខាត​នោះទេ ក្នុងករណីនេះ​ប្រជាពលរដ្ឋ​ណា​ដែល​រឹងរូស ឬ​ប្រឆាំង​តបត​ដោយ​ហិង្សា​ត្រូវ​ទទួល ទោស​តាមច្បាប់​ជា​ធរមាន​»​។

​ឯកឧត្តម ម៉ៅ ធនិន ក៏បាន​បញ្ជា​ដល់​គណៈបញ្ជាការ​ឯកភាព​ស្រុក និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ត្រូវធ្វើ​ការតាមដាន​ស​កម្ម​ភាព ប្រជាពលរដ្ឋ​តាម​សេចក្ដីជូនដំណឹង​នេះ ហើយ​បន្ទាប់ពី​ដល់​ថ្ងៃ​កំណត់ នៃ​សេចក្ដីជូនដំណឹង​ត្រូវ​ចុះ​រុះរើ​ផ្ទះ ឬ​ខ្ទម​ដែល​នៅ​មិនទាន់មាន​ការរុះរើ​ទាំងអស់​ចេញ ពី​តំបន់ការពារធម្មជាតិ​។ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តាមដាន និង​ធ្វើការ​គ្រប់គ្រង​ជន​ចំណូលស្រុក ដោយ​មិនត្រូវ​ចេញ​លិខិតបញ្ជាក់​ទីលំនៅ ឬ​លិខិតបញ្ជាក់​កម្មសិទ្ធិ​ដីធ្លី ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់ការពារធម្មជាតិ​ឡើយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×