Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ដ្រី​កសិកម្ម បន្ដ​យក​កូន​ត្រី និង​សម្ភារ​ចិញ្ចឹម​ចែកជូន​កសិករ​នៅ​ខេត្តកណ្តាល

​កណ្ដាល ៖ លោក វេ​ង សាខុន រដ្ឋមន្ដ្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​មកជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​នាំយក​កូន​ត្រី​អណ្តែង និង​សម្ភារ​ចិញ្ចឹម​មួយចំនួនទៀត មក​ចែកជូន​កសិករ នៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្តាល​។​

​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បានប្រកាសថា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែកញ្ញា ឆ្នាំ​២០ ២០ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន ឯកឧត្តម អ៊ុក ដាម​រី អ្នកតំណាងរាស្ត្រ​មណ្ឌលកណ្តាល ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា ឯកឧត្តម នូវ​ប៉េង ច័ន្ទ​តារា អភិបាលរង​នៃ​គណ​អភិបាលខេត្ត បាន​អញ្ជើញ​មកជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​នាំយក​កូន​ត្រី​អណ្តែង និង​សម្ភារ​ចិញ្ចឹម​មួយចំនួនទៀត​មក​ចែកជូន​កសិករ នៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្តាល​។

ឯកឧត្តម នូវ​ប៉េង ច័ន្ទ​តារា បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​អំពី​វឌ្ឍនភាព​នៃ​វិស័យ​កសិកម្ម​នៅ​ទូទាំង​ខេត្តកណ្តាល ជាពិសេស​ផលិតកម្ម​បន្លែ​ដែល​ទូទាំង​ខេត្ត​មានលទ្ធភាព​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​រាជធានី​ភ្នំពេញ​បាន​ជាង ៤០០​តោន​ក្នុង​១​ថ្ងៃ​។ ដោយឡែក​វិស័យ​វារីវប្បកម្ម​នៅ​ទូទាំង​ខេត្ត​មាន ២៨​សហគមន៍​នេសាទ តំបន់​អភិរក្ស​មាន ៥​កន្លែង និង​អន្លុង​អភិរក្ស​មាន ៨ កន្លែង និង​មាន ១៧​គ្រួសារ​ចិញ្ចឹម​ត្រី មាន​ស្រះ​ចិញ្ចឹម ១៧ មាន​ត្រី​ពូជ ១៣៤ ០០០ ក្បាល​។ ក្រៅពីនេះ ក៏មាន​កសិករ​ចិញ្ចឹម​ត្រី​តាម​បែ​មាន ៨​គ្រួសារ មាន​បែ​ចំនួន ២០​។

​បន្ទាប់មក ឯកឧត្តម​រដ្ឋមន្ត្រី​បានធ្វើការ​សំណេះសំណាល​ដោយបាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មក​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តកណ្តាល ព្រមទាំង​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ​ក្រុមគ្រួសារ​ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង ៤​ប្រការ​កុំបី​ឃ្លាងឃ្លាត​ឡើយ​។ ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ជម្រាបជូន​អង្គពិធី​ផងដែរ​អំពី​ការងារ​បង្កបង្កើនផល (​ស្រូវ បន្លែ ដំណាំ មាន់ ជ្រូក ត្រី និង​កង្កែប​)​។ ដោយឡែក ការងារ​វារីវប្បកម្ម​។​

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​អង្គពិធី​ជ្រាបថា​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​កាលពី​ថ្ងៃទី​១៨ ខែកុម្ភ​: និង​កាលពី​ថ្ងៃទី​១៤ ខែ កក្កដា​កន្លងមក​សម្តេច​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ និង​ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឲ្យ​ខិតខំ​ជំរុញ​ការងារ​ផលិតកម្ម​ស្បៀង ដើម្បី​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​ស្បៀង បង្កើត​ការងារ តាមរយ​:​ការពង្រឹង និង​ពង្រីក​សកម្មភាព​ចិញ្ចឹម​ត្រី និង​កង្កែប ដាំ​ដំណាំ និង​បន្លែបង្កា​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​បង្កើត​ចំណូល ធានា​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ ស្រប​ពេលដែល​វិស័យ​មួយចំនួនទៀត​កំពុង​ប្រឈម​បញ្ហា​ដោយសារ​ជំងឺឆ្លង​កូ​វីដ​-១៩ ជាពិសេស​នោះ​សម្រាប់​កម្មវិធី​ដ៏​មាន​សារសំខាន់​នេះ សម្តេច​តេ​ជោ​បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន ២០០០ លាន​រៀល​ផងដែរ​។
​ក្រៅពី​ផលិតកម្ម​ស្បៀង ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​រំលេច​ជូន​អង្គពិធី​ផងដែរ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ជាក់ស្តែង នៅ​ខេត្ត​ព្រះសីហនុ ហើយ​ថ្មីៗ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានអនុម័ត​ថវិកា ១៥០ លាន​ដុល្លារ​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ទី​រួម​ខេត្តសៀមរាប​។
​ចំពោះ​ការចិញ្ចឹម​ត្រី ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​មន្ទីរ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវខិតខំ​ពុះពារ​គ្រប់បែបយ៉ាង​ចុះមក​ជួយ​ជំរុញ​ការចិញ្ចឹម​ត្រី និង​កង្កែប ដាំ​បន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណា​បង្កើន​ផលិតភាព​ផលិតកម្ម​ស្បៀង តាមរយ​:​ការបង្កើន​ផលិតភាព​ផលិត ក្លាយ​វិបត្តិ​ទៅ ជា​ឱកាស​ដើម្បី​ពង្រីក និង​ពង្រឹងសមត្ថភាព​ចិញ្ចឹម​តាម​គ្រប់​រូបភាព​។ ត្រូវធ្វើ​ការតាមដាន​នូវ​រាល់​សកម្មភាព​របស់​វា​រី​វប្បករ​ដែល​នឹង​យក​កូន​ត្រី​ទៅ​ចិញ្ចឹម​នា​ថ្ងៃនេះ ធ្វើយ៉ាងណា​ឲ្យ​ការចិញ្ចឹម ទទួលបាន​ផល​ល្អ​។ ព្រម​ជាមួយគ្នានេះ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ត្រូវ​បន្ត​ចុះជួយ​ផ្សព្វផ្សាយ បណ្តុះបណ្តាល​បន្ថែម​លើ​ការងារ​បច្ចេកទេស​ចិញ្ចឹម បង្កាត់ ភ្ញាស់​កូន វិធី​លាយ​ផ្សំ​ចំណី ការថែទាំ និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ហើយ​ត្រូវ​បង្កើន​សកម្ម​ភាពចុះ​ចែក​កូន​ត្រី កូន​កង្កែប និង​តង់​ចិញ្ចឹម ដល់​គ្រួសារ​ដែល​ចង់​ពង្រីក​អាជីវកម្ម​បន្ថែម និង​អ្នក​ដែល​ចង់​ចាប់ផ្តើម​ចិញ្ចឹម​។ សម្រាប់​ថ្ងៃនេះ កសិករ​ចំនួន ៥០​គ្រួសារ គ្រួសារ​នីមួយៗ​ទទួល​បានកូន​ត្រី​អណ្តែង ៧០០​ក្បាល ចំណី ៤​បាវ និង​តង់​ប្លា ស្ទិ​ក​ចិញ្ចឹម​ត្រី ១​។​

​ចេញពី​កម្មវិធី​ចែក​កូន​ត្រី​អណ្តែង នៅជាប់​កន្លែង​កម្មវិធី លោក​រដ្ឋមន្ត្រី វេ​ង សា​ខុង​, លោក​តំណាងរាស្ត្រ និង​សហការី ក៏បាន​អញ្ជើញ​មក​ពិនិត្យ​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ របស់លោក សុខ ភាព ជា​លក្ខណ​គ្រួសារ រួច​បន្តដំណើរ​មក​ក្នុងភូមិ ឃុំ​ដដែល ដើម្បី​ពិនិត្យមើល​ការចិញ្ចឹម​ត្រី​ឆ្តោ របស់លោក លឹម ម៉េង ចិញ្ចឹម​ត្រី​ឆ្តោ ត្រី​ពោ ឆ្ពិន កាហែ ព្រួល ត្រី​រៀល -​ល​-​។​

​ជា​លក្ខណៈ​គ្រសារ តាំងពី​ឆ្នាំ​២០១៧ លើ​ផ្ទៃដី​១២​ហិកតា ក្នុង​ស្រះ​ចិញ្ចឹម​ធំៗ​ចំនួន​៣​ហើយ ក្នុង​១​ឆ្នាំ​អាច​រកចំណូលបាន​ជាង​៣​ម៉ឺន​ដុល្លារ ដោយឡែក​ឆ្នាំ​ទី​១ និង​ទី​២ ដោយសារ​ខ្វះ​បទពិសោធន៍ និង​ដើមទុន ធ្វើ​ឲ្យ​ការចិញ្ចឹម​ត្រី​របស់គាត់​គ្មាន​ចំណូល​។ បច្ចុប្បន្ន ដោយសារ​ចំណូល​ខ្ពស់ កសិករ​រូបនេះ​ទិញ​ដី​ពង្រីក​បន្ថែម ហើយ​ថា នឹង​ពង្រីក​ផលិតកម្ម​ចិញ្ចឹម ឲ្យ​បាន​ច្រើន​ស្របតាម​សេចក្តីត្រូវការ​របស់​ទីផ្សារ​។​

​បច្ចុប្បន្ន តម្លៃ​ត្រី​គ្រប់​ប្រភេទ​មានការ​ធ្លាក់ចុះ​បន្តិច ប៉ុន្តែ​អាច​ទទួលយកបាន រឿង​ដែល​សំខាន់​គឺ​ទុនវិនិយោគ​ដែល​ខ្ចី​ពី​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ឯកជន មានការ​ប្រាក់​ខ្ពស់ ពេក នេះ​បើតាម​ម្ចាស់​កសិដ្ឋាន​បាន​លើក ឡើង​។ ពួកគាត់​ទាំងពីរ​នាក់ សង្ឃឹម និង​ជឿជាក់​អនាគត​ដ៏​ខ្លី បន្ទាប់ពី​ស្ថានភាព​ជំងឺឆ្លង​ត្រឡប់​ទៅរក​ស្ថានភាព​ប្រក្រតី ទាំង​ទីផ្សារ និង​តម្លៃនឹង​បានល្អ​ប្រសើរ​ជា​បន្តបន្ទាប់​ឡើងវិញ​។​

​ពិនិត្យឃើញ​ទិដ្ឋភាព និង​សកម្មភាព​ចិញ្ចឹម​ត្រី​ទាំងពីរ​កន្លែង​រួចមក លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង ប្រកាន់យក​របរ​ចិញ្ចឹម​ត្រី ដើម្បី​ចូលរួមចំណែក​បំពេញ​សេចក្តីត្រូវការ​ទីផ្សារ​ក្នុង​ខេត្ត ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​។​

​បើទោះជា​តម្រូវការ​ទីផ្សារ និង​តម្លៃ​មានការ​ធ្លាក់ចុះ​បន្តិច​ក្តី លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​លើកទឹកចិត្ត​ឲ្យ​ពួកគាត់​បន្ត​រក្សា​មុខរបរ​នេះ រង់ចាំ​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ ពីព្រោះ​នេះ គឺជា​អាជីព​យ៉ាងរឹងមាំ និង​ជា​ប្រភព​ចំណូល​ក្នុង​គ្រួសារ យើង​មានបទពិសោធន៍ និង​ចុះ​ទុនវិនិយោគ​ជាច្រើន ដូច្នេះ​ត្រូវ​អត់ធ្មត់ តស៊ូ​រង់ចាំ​ឱកាសល្អ​វិញ​។​

​ឆ្លៀត​យក​ឱកាស​នេះ លោក​បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ជំរុញ​បន្ថែម​ការងារ​បច្ចេកទេស ផលិត​ចំណី បង្កាត់​ពូជ និង​ទីផ្សារ​។ នៅក្នុង​ស្ថានភាព​ល្អប្រសើ​រ គួរ​ជួយ​រៀបចំ​ផែនការ​ផលិតកម្ម និង​អនុវត្ត​បច្ចេកទេស បាន​ត្រឹមត្រូវ​ដើម្បី​ធានា​និរន្តរភាព​នៃ​ការផ្គត់ផ្គង់ និង​គួរ​ពង្រីក​ផលិតកម្ម លើ​ផ្ទៃដី​ដែលមាន​ស្រាប់​។​

​មន្ទីរ​គួររៀបចំ​គោលនយោបាយ​ពង្រីក​ផលិតកម្ម​បន្លែ និង​ចិញ្ចឹម​ត្រី ដើម្បី​ប្រែក្លាយ​ខេត្តកណ្តាល​ជា​ប្រភព ផ្គត់ផ្គង់​ស្បៀង (​បន្លែ និង​ត្រី​) ដោយ​និរន្តរភាព​សម្រាប់​រាជធានី​ភ្នំពេញ នាពេល​អនាគត​៕​ដោយ​៖​កូ​ឡាប​

×