Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ៖ ត្រូវ​រឹតបន្តឹង​សភាពការណ៍​នៅតាម​បន្ទាត់​ព្រំ​ដន​កម្ពុជា​ថៃ ទប់ស្កាត់បទល្មើសរត់ពន្ធ​គ្រឿងញៀន និងការ​លួច​ឆ្លងដែន​ខុសច្បាប់​របស់​ពលករ​ក​ម្ពុ​ជា ដើម្បី​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​

បន្ទាយមានជ័យ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​ណែនាំ​ឲ្យ ស្នងការ​ដែល​ទើប​ទទួល​តំណែង​ថ្មី ត្រូវ​រឹតបន្តឹង​សភាពការណ៍​នៅតាម​បន្ទាត់​ព្រំដែន ដោយ​ត្រូវ​សហការ​ជាមួយ​ភាគី​ថៃ ទប់ស្កាត់​ឲ្យ​បាន​រាល់​បទល្មើស រត់ពន្ធ​គ្រឿងញៀន បង្ក្រាប​ឲ្យ​បាន​កុំ​ឲ្យ​មាន​ការហូរ​ចូលមក​ទឹកដី​កម្ពុជា និង ទប់ស្កាត់​ការរត់ពន្ធ​ទំនិញ​ខុសច្បាប់​ផ្សេងៗ ការ​លួច​ឆ្លងដែន​ខុសច្បាប់​របស់​ពលករ​ក​ម្ពុ​ជា ដើម្បី​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។

​នៅ​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​សាលាខេត្ត​បន្ទាយមានជ័យ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មានប្រសាសន៍ ក្នុង​ពិធី​តែងតាំង​ថា ដើម្បី​រក្សាបាន​នូវ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ស្នងការ​ដែល​ទើប​ទទួល​តំណែង​ថ្មី ត្រូវ​រឹតបន្តឹង​សភាពការណ៍​នៅតាម​បន្ទាត់​ព្រំដែន ដោយ​ត្រូវ​សហការ​ជាមួយ​ភាគី​ថៃ ទប់ស្កាត់​ឲ្យ​បាន​រាល់​បទល្មើស​ផ្សេងៗ​តាម​បន្ទាត់​ព្រំដែន ពិសេស​ករណី​រត់ពន្ធ​គ្រឿងញៀន ដែល​ល​ជា​ចំណុច​មួយ​ដែល​សមត្ថកិច្ច​ត្រូវធ្វើ​ការ ទប់ស្កាត់ បង្ក្រាប​ឲ្យ​បាន​កុំ​ឲ្យ​មាន​ការហូរ​ចូលមក​ទឹកដី​កម្ពុជា នឹងត្រូវ​បន្ត​ក្តាប់​ឲ្យ​បាន​នូវ​សភាព​ការ​តាម​ព្រំដែន ទប់ស្កាត់​ការរត់ពន្ធ​ទំនិញ​ខុសច្បាប់​ផ្សេងៗ ពិសេស​ការ​លួច​ឆ្លងដែន​ខុសច្បាប់​របស់​ពលករ​ក​ម្ពុ​ជា ដើម្បី​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ត្រូវ​រួមចំណែក​។

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ជំរុញ​អោយ​ស្នង​ការដែល​តែងតាំង​ថ្មី​ត្រូវ​ចាត់ទុក​ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​គំរូ​មួយ ទាំង​ការអនុវត្ត​វិន័យ ទាំង​កងកម្លាំង​អន្តរាគមន៍ ការ​ចល័ត​ទ័ព និង​មធ្យោបាយ​ប្រើប្រាស់ ជាពិសេស​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ ជា​គំរូ​ល្អ​មួយ​ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ នៅពេល​មាន​គ្រោះអាសន្ន​អន់ក្រ ដូចជា​ខ្យល់ព្យុះ ទឹកជំនន់ ប្រក់ផ្ទះ លើក​ផ្ទះ ជួយ​ច្រូតស្រូវ​ក្នុង​ទឹក​ផងដែរ​។

​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍​បន្ថែម​អោយដឹងទៀតថា ជោគជ័យ​ទាំងអស់​ត្រូវតែ​មានការ​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ហើយ​ថែមទាំង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ផងដែរ​។

​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ជម្រុញ​អោយ​ស្នងការ​ថ្មី​ត្រូវ​ចេះ​ព្យាករណ៍​នូវ​សភាព​ការដែល​កើតមានឡើង​នៅពេល​ខាងមុខ ជាពិសេស​ពួក​ឧទ្ទាម​អមិត្ត​មិនដែល​បោះបង់​បំណង​បំផ្លាញ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដឹកនាំ​ឲ្យ​មាន​បាតុកម្ម ជាពិសេស​គឺ​មិន​អនុញ្ញាតអោយ​ជន​ទាំង​នោះមក​បំផ្លាញ​សេចក្តីសុខ​ប្រជាពល រដ្ឋ​នោះឡើយ​។

​ក្នុងនាម​ជា​ស្នងការ​ថ្មី​ត្រូវ​ជួយ​ដោះស្រាយ​ទុក​កង្វល់​របស់​ប្រជាពលរដ្ឋ អ្វី​ដែលជា​ទុក្ខព្រួយ​របស់​ប្រជាពលរដ្ឋ ករណី​បទល្មើស លួច ឆក់ ប្លន់​នៅក្នុង​មូលដ្ឋាន ត្រូវតែ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ជួយ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ទប់ស្កាត់​កុំអោយ​មានការ​រីក​រាល​ដាល ជាពិសេស​ខេត្ត​នៅជាប់​ព្រំដែន​ផង​នោះ ត្រូវ​ជួយ​ដោះស្រាយ​សំដៅ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ដែលជា​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ ត្រូវ​ជួយ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់ និង​អប់រំ​ដល់​អ្នក​ដែល​កាន់ចង្កូត​ផ្ទាល់ ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់​រួមចំណែក​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​ជា​ចុងក្រោយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ផ្តាំផ្ញើ​ឲ្យ​ស្នងការ​ថ្មី​ចំនួន​៥​ចំណុច​ដើម្បី​អនុវត្ត​ក្នុងតួនាទី​ភារកិច្ច​ទទួលបាន​ជោគជ័យ​៖

​ទី​១-​ស្នងការ​ថ្មី​ត្រូវ​ពង្រឹង​តួនាទី​ដឹកនាំ​ដោយ​ផ្សារភ្ជាប់ និង​៣​បញ្ហា ត្រួវ​ទទួលខុសត្រូវ​ខ្ពស់​ជាងគេ ត្រូវ​ចាត់ទុក​ខ្លួនឯង​ជា​អាណាព្យាបាល ជា​អ្នកដឹកនាំ​ត្រូវ​កសាង​មនោ​ស​ញ្ជេ​ត​នា​ក្នុង​អង្គភាព ចុះសាកសួរ​សុខទុក្ខ​នៅពេល​មាន​មន្ត្រី​ឈឺ​ស្កាត់ អនុវត្តតាម​សមាគម​មិត្ត​នគរបាល ត្រូវ​ធ្វើជា​គំរូ​គេ​ក្នុង​ការបំពេញ​ភា​កិច្ច ប្រចាំការ ប្រចាំ​បញ្ជា​ចុះ​ជាប់​ជាប្រចាំ​ជាមួយ​បងប្អូន​។​

​ទី​២-​ត្រូវ​ធ្វើជា​សេនាធិការ​គ្រប់​ជ្រុងជ្រោយ​ដល់​គណៈបញ្ជាការ​ឯកភាព ដើម្បី​បំពេញការងារ សំដៅ​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​។​

​ទី​៣-​ត្រូវ​ជួយ​លើកកម្ពស់​សេវា​ចាំបាច់​ដើម្បី​បំរើ​ជូន​ប្រជាពលរដ្ឋ ការបំពេញ​លិខិតស្នាម​រដ្ឋបាល និង​ធ្វើ​កិច្ចការ​ដោយស្មោះ​ត្រង់​ដោយ​ឥត​លក្ខខណ្ឌ និង​ទទួលខុសត្រូវ មិន​កោសរូស​ចាត់ទុក​ប្រជាពលរដ្ឋ​ជា​ឪពុកម្តាយ​។​

​ទី​៤-​ពង្រឹងគុណភាព​ស្នងការ និង​មន្ត្រីនគរបាល​ទាំងអស់ ក្នុងនាម​ជា​កងកម្លាំង​ត្រូវមាន​សមត្ថភាព វិន័យ គុណធម៌ សីលធម៌​សូមអោយ​យកចិត្តទុកដាក់​បំប៉ន​ការរៀនសូត្រ​។​

​ទី​៥-​ត្រូវ​ពង្រឹង​សាមគ្គីភាព សហការ ការហ្វឹកហាត់ ក្រោម​ដំបូល​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ត្រូវ​រួម​រួមគ្នា​ដើម្បី​ទទួលបាន​ភាពជោគជ័យ ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​។​

​ទន្ទឹមនឹងនោះ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ណែនាំ​អោយ​អាជ្ញាធរ​ត្រូវ​ចាត់​កម្លាំងយាម កាម ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ធានា​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ សណ្តាប់​ធ្នា​ប់​ជូន​ពលរដ្ឋ ភ្ញៀវ​ជាតិ​- អន្តរជាតិ នៅតាម​គោលដៅ​ទី​វត្ត​អារាម តាមផ្លូវ​ជាតិ តំបន់​ទេសចរណ៍ និងរ​ម្មណី​ដ្ឋា​ន​នានា និង​ត្រូវ​ប្រកាន់​ភ្ជាប់​នៅ​វិធានការ​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​សូមជម្រាបថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ ត្រូវបានតែង​តាំង​​ជា​ស្នងការ​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ដែល​ត្រូវបាន​ដាក់អោយចូល​និវត្តន៍ និង​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ​៕ ​ដោយ​៖​កូ​ឡាប​

×