គិលានុបដ្ឋាយិកាជនជាតិស្កុតឡែនម្នាក់ នាង Lisa Marie Tseដែលមានក្តីប្រាថ្នាចង់ក្លាយជាតារាសម្តែង ថ្មីៗនេះ ត្រូវបានបំពាក់ម្កុដជាបវរកញ្ញាហុងកុងឆ្នាំ២០២០ ដែលរៀបចំឡើងលើកឆ្នាំលើកទី៤៨ ដោយស្ថានីយ៍ទស្សន៍ TVB ហើយព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានជ្រើសរើសអ្នកឈ្នះកំពូលទាំង៥របស់ខ្លួន តាមរយៈការបោះឆ្នោតជាសាធារណៈ។
បើទោះជាមិនស្ទាត់ជំនាញជាមួយភាសាចិនកន្តាំង តែនាង Tse បានទាក់ទាញបេះដូងទស្សនិកជនហុងកុងតាមរយៈការសម្តែងរបស់នាង ជាមួយការបង្ហើរបទចម្រៀងចិនបុរាណ គឺសៀហៃតាំង (Shanghai Tang)។
ជាមួយនឹងស្តង់កម្ពស់ ១៥៧.៤៨ សង់ទីម៉ែត្រ (5 feet 2 inches) Tse អាចឈានវគ្គផ្តាច់ព្រ័ត្រលំដាប់កំពូលទាំង១០ ក្នុងកម្មវិធីប្រកួតថ្ងៃអាទិត្យកន្លងទៅនេះ។ នាងក៏ទទួលបានរង្វាន់“ ជើងឯក” និង“ Miss Photogenic” ផងដែរ។
ទន្ទឹមនឹងនេះផងដែរ បេក្ខនារី Celina Harto ទទួលបានជ័យលាភីលេខ១ ខណៈ Rosita Kwok Pak Yin ទទួលបានលេខ២។
កើតនៅក្នុងប្រទេសស្កុតឡេន ដែលមានឪពុកជានជាតិហុងកុង និងម្ដាយជនជាតិស្កុតឡេន កញ្ញា Tse បានចែករំលែកនៅលើបណ្តាញសង្គម នូវអ្វីដែលឪពុករបស់នាងបានលើកទឹកចិត្តនាងឱ្យចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ។
និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Edinburgh Napier វ័យ ២៥ ឆ្នាំ រូបនេះបានធ្វើការជាគិលានុបដ្ឋាយិកាវះកាត់នៅមន្ទីរពេទ្យស្កុតឡេន មុនពេលឪពុករបស់នាងផ្តល់យោបល់ឲ្យមកចូលរួមប្រកួត។
ក្នុងនោះនាងបានរៀបរាប់ឲ្យដឹងថា “នៅពេលខ្ញុំមានអាយុ ១៧ ឆ្នាំ ឪពុកខ្ញុំបានលើកទឹកចិត្តខ្ញុំឱ្យមកហុងកុង និងចូលរួមបវរកញ្ញាហុងកុង ប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍នៅពេលនោះទេ ព្រោះខ្ញុំមានមិត្តភក្តិជាច្រើននៅស្កុតឡេន។ ប៉ុន្តែ នៅទីបំផុត ក្តីស្រម៉ៃរបស់នាងបានក្លាយជាការពិតនៅពេលនេះ”៕ ដោយ៖ លឹម ហុង (ប្រភព៖ nextshark)