ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន សូមធ្វើការបញ្ជាក់ និងក្រើនរំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ ” ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ” ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។
អាស្រ័យដូចមានបញ្ជាក់ជូនក្នុងខ្លឹមសារនៃសេចក្តីណែនាំ សូមម្ចាស់កម្មសិទ្ធយានយន្ត រួសរាន់ដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលា។
កាលពីពេលថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពីការបន្តអនុវត្តការរផ្លូរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា៖ បន្ទាប់ពីអនុវត្តតាមសេចក្តីណែនាំលេខ ០០៦ សណន.សក.ដជត ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ស្តីពី ការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ ក្រសួងបានសង្កេតឃើញនូវកំណើនរបស់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាផ្ទេរកម្មសិទ្ធិដែលរកម្ចាស់មិនឃើញ មានការកើនឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ និង ដោយមានការភ្ញាក់រលឹកក្នុងការអនុវត្តកាតព្វកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ។ ដូចនេះ ដើម្បីសម្រួលដល់បងប្អូន ប្រជាពលរដ្ឋដែលមានបំណងផ្ទេរកម្មសិទ្ធិយានយន្ត ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបន្តអនុវត្តការ ផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ជាពិសេសម្ចាស់យានដែលកំពុងកាន់កាប់យានយន្តជាក់ស្តែង ហើយមានបំណងផ្ទេរកម្មសិទ្ធិដែល រកម្ចាស់ដើម មិនឃើញ មេត្តារួសរាន់មកបំពេញបែបបទស្នើសុំផ្ទេរកម្មសិទ្ធិយានយន្តឱ្យបានទាន់ពេលវេលា។ ចំពោះការផុត កំណត់រយៈពេលខាងលើ ក្រសួងសាធារណការ និងដឹកជញ្ជូន តម្រូវឱ្យអនុវត្តរាល់ការផ្ទេរកម្មសិទ្ធិយានយន្តគ្រប់ ប្រភេទត្រូវមានម្ចាស់ដើមមកផ្តិតមេដៃលើសំណុំឯកសារស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត។
ទទួលបានសេចក្តីជូនដំណឹងនេះ គ្រប់អង្គភាពផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវបន្តអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់។
ចំពោះឯកសារតម្រូវ៖ – ពាក្យសុំផ្ទេរកម្មសិទ្ធយានជំនិះមានផ្តិតស្នាមមេដៃអ្នកស្នើសុំ និងមានបិតសំណៅលេខកាល់ (តួឬសាក់ស៊ី) ដែលបានចម្លងជាក់ស្តែងពីយានយន្ត ។ – ប័ណ្ណសម្គាល់យានយន្ត(ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានីខេត្ត)។ – វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ។ – អត្តសញ្ញាណប័ណ្ណអ្នកលក់ និងអ្នកទិញ (លិខិតឆ្លងដែន និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយអាជ្ញាធរមានសមត្ថកិច្ច ករណីជនបរទេស)។ – បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធយានយន្ត។ – លិខិតទិញលក់។ – កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល៕ ដោយ៖កូឡាប