ភ្នំពេញ៖ មានករណីសារព័ត៌មានវៀតណាម VN Express បានចេញផ្សាយព័ត៌មានដោយបានអះអាងថា មនុស្សចំនួន៣នាក់ ដែលត្រឡប់មកពីកម្ពុជា កាលពីថ្ងៃទី២៥ និង២៦ ខែសីហា តាមច្រកម៉ុកបៃ ខេត្តតៃនិញ បានរកឃើញមានCOVID-19។ ពាក់ព័ន្ធករណីនេះ ក្រសួងសុខាភិបាល បានបដិសេធចំពោះ ការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ដែលថាមានជនជាតិវៀតណាម៣នាក់ ឆ្លងជំងឺកូវីដ-១៩ ចេញពីកម្ពុជា។
លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់អ្នកសារព័ត៌មានតាមបណ្តាញសង្គមនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះថា ក្រសួងសុខាភិបាលកម្ពុជា សូមធ្វើការច្រានចោលទាំងស្រុង នូវការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ដែលបានផ្សព្វផ្សាយថា មានជនជាតិវៀតណាម ៣នាក់ បានឆ្លងជំងឺកូវីដ-១៩ ចេញពីប្រទេសកម្ពុជា ជាព័ត៌មានមិនត្រឹមត្រូវទេ។ លោកករណីនេះគឺពួកគេអាចឆ្លងនៅប្រទេសវៀតណាមតែម្តង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ សារព័ត៌មានវៀតណាម VN Express បានចុះផ្សាយថា ជនជាតិវៀតណាមចំនួន៣នាក់ ដែលត្រឡប់មកពីកម្ពុជា កាលពីថ្ងៃទី២៥ និង២៦ ខែសីហា ឆ្នាំ២០២០ តាមច្រកម៉ុកបៃ ខេត្តតៃនិញ ត្រូវបានរកឃើញមានវីរុស COVID-19៕
ដោយ៖បញ្ញាស័ក្តិ