Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍​ជំរុញ​ឱ្យ​មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​ការអនុវត្តន៍​វិធាន​សុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​អំឡុងពេល​ភ្ជុំបិណ្ឌ​

​ភ្នំពេញ​៖ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ចលនា​ទេសចរ​ក្នុងស្រុក នា​កំលុង​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំថ្មី នៅ​ទីស្នាក់ការ NOCC នា​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០​នេះ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ផ្នែក​ពាក់ព័ន្ធ​រក​វិធីសាស្ត្ររ​បន្ថែម​ក្នុងការ​ទប់ស្កាត់ COVID-19 នា​កំលុងពេល​ភ្ជុំបិណ្ឌ​នេះ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បានបង្ហាញ​ជោគជ័យ​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំថ្មី​កន្លងមក ដែល​ពុំមាន​ករណី​ឆ្លង COVID-19 នៅក្នុង​គោលដៅ​ទេសចរណ៍​នានា ប៉ុន្តែ​ទោះយ៉ាងណា​នៅ​ក្នុងឱកាស​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ឯកឧត្ដម​បាន​ជំរុញ​ឱ្យ​មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​មូលដ្ឋាន​រក​វិធីសាស្ត្រ​បន្ថែម ក្នុងការ​រ​បង្កើន​ការប្រុងប្រយ័ត្ន​ទប់ស្កាត់ COVID-19 នេះ​បន្តទៀត​។​

​ឯកឧត្ដម​បណ្ឌិត ថោង ខុន បាន​ថ្លែងថា នៅក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំថ្មី​កន្លងមក ដែល​គ្រប់​អ្នកធ្វើការងារ​នានា​អាច​ឈប់សម្រាក​រហូត ៩​ថ្ងៃ និង​មាន​ទេសចរ​ក្នុងស្រុក​ចេញ​ធ្វើដំណើរ​កម្សាន្ត​កើន​រហូតដល់​ជាង ២​លាន​នាក់ ហើយ​ពុំមាន​ករណី​រាតត្បាត​ឆ្លង COVID-19 នៅក្នុង​សហគមន៍ និង​គោលដៅ​ទេសចរណ៍​ណា​នោះទេ ហើយ​នៅក្នុង​ឱកាស​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ចំនួន​ចំនួន ៣​ថ្ងៃ គ្រប់​អ្នកបម្រើ​ការងារ​នានា​អាច​ឈប់សម្រាក​រហូតដល់ ៥​ថ្ងៃ បណ្តា​ពលរដ្ឋ​ក្រៅពី​អញ្ជើញ​ធ្វើដំណើរ​ទៅ​ទី​វត្ត​អារាម​នោះ ប្រជាពលរដ្ឋ​ទាំងនោះ នឹង​បន្ត​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទៀត​។​

​សម្រាប់​បញ្ហា​នេះ ឯកឧត្ដម​បណ្ឌិត ថោង ខុន បាន​ជំរុញ​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​រិះរក​វិធីសាស្ត្រ​បន្ថែម រក​មធ្យោបាយ​បន្ថែម អនុវត្ត​គោលការណ៍​ណែនាំ​របស់​ក្រសួង​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ ដើម្បី​ខិតខំ​ធ្វើឱ្យ​សហគមន៍​ទេសចរណ៍​នៅ​ទូទាំងប្រទេស​គ្មាន​ករណី​រាតត្បាត COVID-19 និង​ធ្វើឱ្យ​កម្ពុជា​ទាំង​មូលដ្ឋាន​ក្លាយជា​គោលដៅ​ទេសចរណ៍​មានគុណ​ណ​ភាព​និង​សុវត្ថិភាព​។​

​ឯកឧត្ដម​បណ្ឌិត ថោង ខុន បាន​បន្តថា នៅ​ក្នុងឱកាស​ឈប់សម្រាក​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​កន្លងមក រក​ចំណូល​ពី​ទេសចរ​ក្នុងស្រុក​បាន​ប្រមាណ​ជាង ១០០​លាន​ដុល្លារ​អាមេរិក ចាក់​បញ្ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ចកម្ពុជា និង​បង្កើន​ធ្វើឱ្យ​បណ្តា​អាជីវកម្ម​ដែល​បាន​ផ្អាក​បណ្តោះអាសន្ន​បាន​បើក​ដំណើរការ​ឡើងវិញ​ជាង ៦០០​អាជីវកម្ម ហើយ​មាន​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ប្រមាណ​ជាង ៧,០០០​នាក់ បាន​ត្រឡប់​ចូលធ្វើ​ការងារ​វិញ​។​

​សូមជម្រាបថា វិធាន​សុវត្ថិភាព​ទេសចរណ៍​បច្ចុប្បន្ន គឺ​អនុវត្តបាន​លើ​អាជីវកម្ម​ដែល​បើក​ដំណើរ​ការផ្តល់សេវា​ចំនួន ៦ រួមមាន​៖ អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន សេវា​ដឹកជញ្ជូន​ផ្លូវគោគ ផ្លូវទឹក និង​សហគមន៍​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍​ជាដើម​។​

​ឯកឧត្ដម​បាន​ណែនាំ​នាយកដ្ឋាន​ជំនាញ​ទេសចរណ៍ សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ជំរុញ​ការផ្សព្វផ្សាយ​សេចក្តីណែនាំ ស្ដីពី​ការរៀបចំ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ពិសេស​លើ​ខ្លឹមសារ​សំខាន់​ចំនួន ២ គឺ​៖

១៖ មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ទាំងឡាយ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវ​រៀបចំ​ឱ្យមាន​ការត្រួតពិនិត្យ​កម្ដៅ ទឹក​អាល់​សម្លាប់​មេរោគ និង​តម្រូវឱ្យ​ទេសចរ​ប្រើប្រាស់​ម៉ាស ឬ​ក្រមា​ឱ្យបាន​ជាប្រចាំ និង​ជាពិសេស​ត្រូវ​កត់ត្រា​អត្តសញ្ញាណ​ភ្ញៀវទេសចរ ដែល​ចូល​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​។​

២៖ ប្រតិបត្តិ​ករ​ទេសចរណ៍​ត្រូវ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ និង​រក្សា​តម្លៃ​ផលិតផល និង​សេវាកម្ម​ឱ្យបាន​សមរម្យ​។ រាល់​តម្លៃ​ស្នាក់នៅ ម្ហូបអាហារ និង​សេវាកម្ម​ផ្សេងៗ​ត្រូវ​សរសេរ​ឱ្យបាន​ច្បាស់លាស់​ក្នុង​តារាង ដើម្បី​ដាក់តាំង​បង្ហាញជូន​ភ្ញៀវ​បានដឹង​មុន ជៀសវាង​ការកំណត់ថ្លៃ​ខ្ពស់​ហួសហេតុ​។ ក្នុងករណី​មិន​អនុវត្តតាម​តារាង​ដែល​បាន​បិទ​ផ្សាយ ម្ចាស់​អាជីវកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​៕​ដោយ​៖​កូ​ឡាប​

  

×