ភ្នំពេញ៖ ក្រុមហ៊ុនអារ៉ាខាវ៉ា រ៉េស៊ីដេន Arakawa Re sidence មកពីប្រទេសជប៉ុនគឺជាក្រុមហ៊ុនទី១ នៅកម្ពុជាដែលប្រើទុនវិនិយោគរបស់ក្រុមហ៊ុនក្នុងការសាងសង់អគារខុនដូ ដោយមិនប្រើថវិការបស់អតិថិជនយកមកសាងសង់ ហើយក៏ជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា។
អគារខុនដូរ អារ៉ាកាវ៉ា រ៉េស៊ីដេននេះ Arakawa Residence សាងសង់នៅលើផ្ទៃដីជាង ១,៣ ហិចតា មានសំណង់អគារសរុបចំនួន១៦ និងមានកម្ពស់២១ជាន់ស្មើៗគ្នា។ ដំណាក់កាលទី១ មានចំនួន១០អគារនឹងត្រូវបញ្ចប់ជាស្ថាពរនៅខែធ្នូខាងមុខនេះ ហើយដំណាក់កាលទី២ ដែលមានចំនួន៦អគារ នឹងសាងសង់រួចនៅចុងខែមិថុនា ឆ្នាំ២០២២។
លំនៅឋានអារ៉ាខាវ៉ា (Arakawa Resi dence) មានម្ចាស់ភាគហ៊ុនធំជាជនជាតិជប៉ុន បានចំណាយទុនវិនិយោគប្រមាណ៧០ លានដុល្លារ ដើម្បីសាងសង់លំនៅឋានបែបប្រណិត មានគុណភាពខ្ពស់ មានសុវត្ថិភាព ផ្តល់ភាពងាយស្រួល និងមានបរិស្ថានល្អសម្រាប់ពល រដ្ឋខ្មែរដែលមានចំណូលទាបនិងមធ្យម ហើយមានបំណងចង់រស់នៅផ្ទះបែបស៊ីវីល័យ ថ្លៃថ្នូរនៅកណ្តាល ក្រុងភ្នំពេញ។
សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ាលោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា លំនៅឋានបែបខុនដូនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងឲ្យប្រជាជនកម្ពុជា ទោះបីជាពួកគាត់មានចំណូលទាប និងមធ្យមក៏ដោយ ក៏អាចទិញលំនៅឋានខុនដូ របស់អារ៉ាខាវ៉ាបាន និងបានទទួលបទពិសោធន៍ជាម្ចាស់កម្មសិទ្ធិ និងរស់នៅសមរម្យ ក្នុងខុនដូរទំនើប កណ្តាលទីក្រុងភ្នំពេញ។
លោក អាឡិច យ៉ាស៊ូម៉ូតូ សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានបញ្ជាក់ទៀតថា-បញ្ហាជំងឺ កូវីត១៩បានផ្តល់វិបាកទូទាំងពិភពលោក ហើយកម្ពុជាក៏រងផលប៉ះពាល់លើបញ្ហានេះដែរ។ប៉ុន្តែបញ្ហាកូវីត១៩មិនបានបង្អាក់ដល់ដំណើរការងារ សាង់សង់អគារលំនៅឋាន របស់ក្រុមហ៊ុនអារ៉ាខាវ៉ាឡើយ ផ្ទុយទៅវិញក្រុមហ៊ុនកាន់តែពន្លឿនការ សាងសង់ដោយផ្តល់ការងាររដល់បុគ្គលិក និងកម្មករកម្ពុជាធ្វើចំនួនជាង២០០០នាក់។
ដោយឡែក លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានមានប្រសាសន៍ថា “យើងខិតខំធ្វើយ៉ាងណាដើម្បីបង្កើតលំនៅឋានមួយដ៏សមរម្យ ប្រកប ដោយគុណភាព សុវត្ថិភាព សោភ័ណភាព ផាសុកភាព គុណធម៌ និងបង្កើតឲ្យមានទម្លាប់រស់នៅក្នុងអគាររួម និងការថែទាំរួម” ។ លោក បានបន្ថែមថា អតិថិជនដែលទិញយូនីតក្នុងលំនៅឋានអារ៉ាខាវ៉ានឹងទទួលបានប័ណ្ណកម្មសិទ្ធិ “តកូនតចៅ” ៕
ដោយ៖CEN