Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវជាតិ​លេខ​៣ ភ្នំពេញ​-​កំពត នឹង​ក្លាយជា​បណ្តុំ​ឧស្សាហកម្ម និង​សន្ទុះ​ខ្លាំង​នៃ​ការទិញ​លក់​ដីធ្លី​

​ភ្នំពេញ​៖ ផ្លូវជាតិ​លេខ​៣ ដែល​កំពុង​ស្ថាបនា​ឡើងវិញ​បាន ៨០ ភាគរយ គិត​មកទល់ពេលនេះ នឹង​ក្លាយជា​បណ្តុំ​រោងចក្រ​ឧស្សាហកម្ម​ខ្លាំង ជាពិសេស​កំណាត់​ផ្លូវ​ចេញពី​ចោមចៅ ទៅដល់​ចំណុច​បែក​គូស (​ខេត្តតាកែវ​)​។

​លោក ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានប្រសាសន៍​កាលពី​ថ្ងៃ​ទី ១០ កញ្ញា ឆ្នាំ​២០២០ ថា បច្ចុប្បន្ន​កំណាត់​ផ្លូវ​នេះ​មាន​ប្រមូលផ្តុំ​ដោយ​រោងចក្រ​ឧស្សាហកម្ម សហគ្រាស​ធុន​តូចៗ និង​មធ្យម ដែល​ធ្វើឱ្យ​ចរាចរណ៍​មមាញឹក​ជា​រៀងរាល់ថ្ងៃ​។ លោក​បញ្ជាក់ថា ការស្ថាបនា​ធ្វើឱ្យ​ប្រសើ​ឡើងវិញ​ផ្លូវជាតិ​លេខ​៣​សម្រេចបាន ៨០% ហើយ​មកដល់​បច្ចុប្បន្ន​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​វឌ្ឍនភាព​សាងសង់​ផ្លូវជាតិ​លេខ​៣ លោក​ថ្លែងថា​៖ «​តាមរយៈ​កំណើនសេដ្ឋកិច្ច និង​កំណើន​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​អនាគត​តំបន់​នេះ​នឹង​ក្លាយទៅជា​ទីប្រជុំជន​ដ៏​ធំ​មួយ​»​។ លោក​បន្តថា ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យស្រប​តាម​លក្ខណៈ​បច្ចេកទេស កំណើន​យានយន្ត និង​កំណើន​ប្រជាពលរដ្ឋ កំពុង​រួមចំណែក​បញ្ចៀស​ផលវិបាក​នានា​ដែល​អាច​កើតមាន​នៅពេល​កំណើន​ប្រជាពលរដ្ឋ​កាន់តែ​កើនឡើង​នៅ​តំបន់​នេះ​។​
​ផ្លូវជាតិ​លេខ​៣ ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ដោយ​ឆ្លងកាត់​ខេត្ត​សំខាន់ៗ​មួយចំនួន​ដូចជា​ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និង​កំពត​។ ផ្លូវ​មួយ​ខ្សែ​នេះ​ក៏មាន​ការតភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ ៤ ដោយ​កាត់​តាម​ខេត្តកំពត​ឆ្ពោះ​តំបន់​ប៉ូល​សេដ្ឋកិច្ចកម្ពុជា​ផងដែរ គឺ​ខេត្ត​ព្រះសីហនុ​។​

​ផ្លូវជាតិ​លេខ​៣ បាន​បើក​ការដ្ឋាន​សាងសង់ និង​ស្តារឡើងវិញ ខែឧសភា ឆ្នាំ​២០១៨​។ ផ្លូវជាតិ​នេះ​មាន​ប្រវែង​ប្រមាណ​១៣៥​គីឡូម៉ែត្រ ដោយ​ចំណាយ​ថវិកា​សាងសង់​ជាង ២០០​លាន​ដុល្លារ​អាមេរិក​។ តាម​ការគ្រោងទុក​ផ្លូវ​នេះ​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២២​។​

​លោក សិទ្ធ ចិន ប្រធាន​សាខា​ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំ​ខេត្តតាកែវ បានឱ្យដឹងថា ប្រតិបត្តិ​ការទិញ​-​លក់​ដីធ្លី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ កំពុងមាន​សកម្មភាព​ទិញ​-​លក់​ដីធ្លី​ច្រើន​គួរឱ្យកត់សម្គាល់​ផងដែរ​នា​ដើម​ឆ្នាំនេះ ក្នុងចំណោម​ទីតាំង​សំខាន់​ផ្សេងៗ​ទៀត​ក្នុង​ខេត្តតាកែវ​។​

​លោក​ថ្លែងថា​៖ «​សម្រាប់​ទីតាំង​ដី​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ មាន​ភ្ញៀវ​ចង់បាន​ដី​នៅ​តំបន់​នោះ​ច្រើន ហើយ​ភ្ញៀវ​ភាគច្រើន​ចង់បាន​ដី​តំបន់​នោះ​សម្រាប់​សាងសង់​ជា​រោងចក្រ​កាត់ដេរ កា​រ៉ា​ស់​សាំង និង​អារ​ហា​រដ្ឋា​ន​។​»

​លោក​ចិន បាន​គូសបញ្ជាក់​បន្ថែមថា បច្ចុប្បន្ន​លោក​ទទួលបាន​ការដាក់​ទីតាំង​ដីធ្លី​ពី​ម្ចាស់ទ្រព្យ​ជាង​២០០ ទីតាំង​។ ក្នុងនោះ​ទីតាំង​ដីធ្លី​ដែល​ដាក់លក់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ មាន​ចំនួន​៩០ ទីតាំង ពោល​គឺជា​តំបន់​ដែលមាន​ការដាក់​-​លក់​ដីធ្លី​ច្រើនជាងគេ​ក្នុង​ខេត្តតាកែវ​។​

​ព័ត៌មាន​ស​ន្ទ​ស្សន៍​ទីផ្សារ​ដីធ្លី​របស់​ក្រុន​ហ៊ុន​វាយតម្លៃ​អចលនទ្រព្យ VTrust Appraisal បាន​បង្ហាញថា តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ ក្នុង​តំបន់​ផ្សារ​អង្គតាសោម (​ស្រុក​ត្រាំកក់​) មានតម្លៃ​ចន្លោះ​ពី ២០០ ទៅ ៥០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ចំណែក​តម្លៃ​ដី ចេញពី​ផ្សារ​ទៅ​អង្គតាសោម​ចំងាយ ១ គីឡូម៉ែត្រ ទៅ​ទិស​ខាងត្បូង អាចមាន​តម្លៃ​ចន្លោះ​ពី ៧០ ទៅ ២០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដោយ​អាស្រ័យ​តាម​ទីតាំង​នៃ​ដី​។​

​លោក ប៊ូ សេង​ហ៊ួ ប្រធាន​សាខា​ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្ត​កំពង់ស្ពឺ បានឱ្យដឹងថា កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​គីឡូ​លេខ​៣០ កំពុង​ទាក់ទាញ​ការវិនិយោគ​លើ​វិស័យ​ដីធ្លី ព្រោះ​ជា​តំបន់​ដែលមាន​រោងចក្រ​ឧស្សាហកម្ម ហើយ​ប្រតិបត្តិ​ការទិញ​-​លក់​នៅ​តំបន់​នេះ​ក៏​កំពុងមាន​កំណើន​ផងដែរ​។​

​បើតាម​លោក​សេង​ហ៊ួ​ទីផ្សារ​ដីធ្លី​នៅ​តំបន់​នេះ (​ម្តុំ​គីឡូ​លេខ​៣០) មានតម្លៃ​ដាក់លក់​ចន្លោះ​ពី ១៣០ ទៅ ១៥០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​ថយ​មក​ត្រឹម ៤០ ទៅ ៥០ ដុល្លារ​មួយ​ម៉ែត្រការ៉េ សម្រាប់​ទីតាំង​ម្តុំ​គីឡូ​លេខ​៤០៕
​ដោយ​៖CEN

×