ស្វាយរៀង៖ ក្នុងឱកាសអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៩ នៅវត្តស្វាយជ្រំ ខេត្តស្វាយរៀង លោក គឹម សន្តិភាព ក៏បានអំពាវនាវឲ្យប្រជាពុទ្ធបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការនិងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អមដំណើរដោយលោក ខាំ សុផារី ព្ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី៩ នៅវត្តស្វាយជ្រំ ស្ថិតក្នុងស្រុកស្វាយជ្រំ ខខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រី ជា ចៅក្រមអមសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារង លោកប្រធានលេខាធិការដ្ឋាន សាលាដំបូងខេត្ត និងមនិងមន្ត្រីជាច្រើនអ្នកទៀត បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតនត្រៃ សមាទានសីល ធ្វើកិច្ចនមស្ការបង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្ស ជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន ។
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។
ជាមួយគ្នានេះដែរ លោក គឹម សន្តិភាព ក៏បានអំពាវនាវឲ្យប្រជាពុទ្ធបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការនិងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោក កំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺដ៏កាចសាហាវមួយនេះ៕ ដោយ៖វ៉ៃកូ