ភ្នំពេញ ៖ រង្វង់មូលកាំកូស៊ីធី ដែលមានទីតាំងនៅជាប់ព្រំប្រទល់រវាងខណ្ឌឫស្សីកែវនិងខណ្ឌទួលគោកនឹងបាត់រូបរាងពីរាជធានីភ្នំពេញ នៅមុនពិធីបុណ្យអ៊ំទូក និងជំនួសដោយភ្លើងស្តុបវិញ ស្របពេលដែលរង្វង់មូល២កន្លែងហើយ ដែលបានយកចេញនិងបានជំនួសដោយភ្លើងស្តុបវិញនោះ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការដាក់ភ្លើងស្តុបជំនួសរង្វង់មូលវិញនេះធ្វើឡើងដោយសារតែនៅចំណុចរង្វង់មូលកាំកូស៊ីធីនេះមានការកកស្ទះចរាចរខ្លាំងជារៀងរាល់ថ្ងៃ ដោះស្រាយមិនចេញ និងក្រោយពីសិក្សាទៅមើលឃើញថា មានតែយករង្វង់មូលចេញ ទើបដោះស្រាយបញ្ហាកកស្ទះនេះបាន ទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចឈួសរង្វង់មូលនេះចេញតែម្តង។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី១៤ តុលានេះថា នៅយប់ថ្ងៃទី១៤ តុលានេះ ក្រុមការងារនឹងធ្វើសកម្មភាពដោយដាក់គ្រឿងចក្រឈួសឆាយរង្វង់មូលកាំកូស៊ីធីចេញតែម្តង ដើម្បីប្តូរពីរង្វង់មូលទៅជាភ្លើងស្តុបបញ្ជាចរាចរវិញ ។លោកបន្តថា ការងារតំឡើងភ្លើងស្តុបថ្មីជំនួសដោយរង្វង់មូលនៅចំណុចនេះ រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងធ្វើអោយបានរួចរាល់នៅមុនព្រះរាជពិធីបុណ្យអ៊ុំ ទូក អកអំបុកសំពះព្រះ ដែលនឹងឈាចចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ មានន័យថា ព្រះរាជពិធីបុណ្យអ៊ុំ ទូក អកអំបុក សំពះព្រះ មកដល់ស្តុបថ្មីនេះចាប់ផ្តើមដំណើរការតែម្តង។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងទៀតថា ភ្លើងស្តុបរង្វង់មួលកាំកូស៊ីធី នឹងបំពាក់ភ្លើងស្តុប ភ្លើងសញ្ញាមិនខុសគ្នាប៉ុន្មានពីស្តុបរង្វង់មួលទួលគោក និងស្តុបនាងគង្ហីងប៉ុន្មានឡើយ ដោយសារតែនៅចំណុចស្តុបទាំងនេះមានផ្លូវច្រើនត្រូវឆ្លងកាត់ ហើយក្រោយការបំពាក់ភ្លើងស្តុប សញ្ញាចរាចររួចហើយ ចំណុចរង្វង់មូលកាំកូស៊ីធីនេះហើយវា នឹងអាចដោះស្រាយចរាចរបានល្អប្រសើរជាងមុនជាក់ជាមិនខានឡើយ៕ ដោយ៖កូឡាប