បាត់ដំបង៖ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ក្រុមហ៊ុនសែលកាត ពិតជាមានក្តីសោមនស្សបំផុត ដែលមានឱកាសចូលរួមបរិច្ចាគវិភាគទានសម្រាប់ការទិញសម្ភារសិក្សាបច្ចេកទេសដែលមានជាipad និងផ្តល់ជូននូវស៊ីមកាតសម្រាប់ការភ្ជាប់អិនធើណិត ជូនដល់មជ្ឈមណ្ឌលអនាគតកុមារអន្តរជាតិ (CFI) នៅក្នុងខេត្តបាត់ដំបង កាលពីសប្តាហ៍កន្លងទៅនេះ។ ការបរិច្ចាគនេះ គឺសំដៅជួយកាត់បន្ថយនូវផលប៉ះពាល់ទៅលើកុមារខ្មែរ ដែលកំពុងជួបប្រទះនូវការលំបាក ដោយសារជំងឺរាតត្បាត កូវីដ-១៩។
ក្រុមហ៊ុនសែលកាត មានកិត្តិយសជាខ្លាំង ដែលមានឱកាសអាចចូលរួមសហការជាដៃគូជាមួយអង្គការ CFI នៅក្នុងអំឡុងដើមឆ្នាំ ២០២០ នេះ ដើម្បីផ្តល់ជូននូវជំនួយបន្ទាន់សម្រាប់គាំទ្រដល់កម្មវិធីអប់រំយុវជន។ តាមស្ថានភាពជាក់ស្តែងបានឱ្យដឹងថា សិស្សកំពុងសិក្សាទាំងអស់ ដែលទទួលបានការគាំទ្រដោយ CFI នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានជួបប្រទះនូវការពិបាកជាខ្លាំងក្នុងការសិក្សាពីផ្ទះ ក៏ដូចជាការចូលរួមសិក្សាឱ្យបានជាប់លាប់ នៅក្នុងឆ្នាំនេះ។
ពិធីប្រគល់អំណោយនេះ ត្រូវបានរៀបចំធ្វើឡើងនៅអង្គការ CFI ដើម្បីអបអរសាទរជាផ្លូវការនូវកិច្ចសហការជាដៃគូដ៏សំខាន់នេះ។ ទន្ទឹមនឹងនោះ សមាជិកក្រុមការងារសែលកាត និងភ្ញៀវទាំងអស់ដែលបានចូលរួម សុទ្ធតែមានអារម្មណ៍រំភើបរីករាយឥតឧបមា ដោយពិធីនេះ ក៏មានការចូលរួមដោយទូតសុឆន្ទៈតំណាងឱ្យសែលកាត គឺកញ្ញា រ៉េត ស៊ូហ្សាណា និង Influencer ម្នាក់ទៀតរបស់ក្រុមហ៊ុនសែលកាត គឺលោក ប៊ុន ឡេង ផងដែរ។
ជាសរុបរួម សិស្សថ្នាក់ទី ៩ និងថ្នាក់ទី ១២ ចំនួន ២៧នាក់ បានទទួលនូវអំណោយជាipad ពីក្រុមហ៊ុនសែលកាត។ បន្ថែមលើនេះ សិស្សចំនួន ៧០នាក់ទៀត នឹងទទួលបានការបណ្តុះបណ្តាលនូវជំនាញផ្នែកកុំព្យូទ័រ តាមរយៈការប្រើប្រាស់ឧបករណ៍កុំព្យូទ័រទើបនឹងដំឡើងសមត្ថភាពថ្មី ផ្តល់ជូនដោយសែលកាតផងដែរ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា៖ “យើងពិតជាដឹងច្បាស់ថា អំឡុងពេលនេះ គឺជាវេលាដ៏លំបាកមួយ ដែលអាចនាំឱ្យសិស្សកំពុងសិក្សាទាំងអស់ មានអារម្មណ៍តានតឹងជាងធម្មតា ដូច្នេះហើយ យើងពិតជាមានមោទនភាពបំផុត ដែលអាចគាំទ្រដល់ពួកគាត់ តាមរយៈការផ្តល់ជូននូវឧបករណ៍ប្រើប្រាស់ ដើម្បីជួយពួកគាត់ឱ្យសម្រេចបាននូវលទ្ធផលសិក្សាល្អបំផុត។ យើងចង់ប្រាកដថា យុវជនខ្មែរទាំងអស់ នឹងអាចទទួលបាននូវមធ្យោបាយឌីជីថល សម្រាប់ការសិក្សារបស់ពួកគេ យ៉ាងជាក់ច្បាស់តែម្តង”។
គួរឱ្យចាប់អារម្មណ៍ផងដែរ ក្រុមការងារ និងភ្ញៀវកិត្តិយសរបស់សែលកាតទាំងអស់ ក៏មានក្តីសោមនស្សបំផុត ដែលបានចូលរួមផ្តល់អាហារជូនដល់ក្រុមគ្រួសារដែលកំពុងជួបប្រទះនូវការខ្វះខាត រួមទាំងជនចាស់ជរាជាច្រើនទៀត ដែលបានចូលរួមនៅក្នុងពិធីនេះ។
លោក វ៉ាតសុន បានបន្តឱ្យដឹងទៀតថា សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង តែមួយគត់នៅក្នុងប្រទេសកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមជួយគាំទ្រដល់ប្រជាជនខ្មែរដោយឥតរាថយ។ ជាមួយនឹងការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ នៅទូទាំងប្រទេស ក្នុងខែកញ្ញានេះ យើងសូមលើកទឹកចិត្តឱ្យអ្នករាល់គ្នា ចូលរួមឱ្យអស់ពីសមត្ថភាព ដើម្បីជួយដល់អ្នកដែលកំពុងជួបការខ្វះខាត ជាពិសេសនៅក្នុងឆ្នាំនេះ ដែលជាឆ្នាំដ៏លំបាកមួយសម្រាប់ពលរដ្ឋខ្មែរភាគច្រើនតែម្តង។
ការគាំទ្ររបស់ ក្រុមហ៊ុនសែលកាត ក្នុងការជួយដល់អង្គការ CFI នឹងមិនត្រឹមតែអាចជួយយុវជនខ្មែរ ឱ្យទទួលបាននូវការគាំទ្រផ្នែកអប់រំ និងមាតិកាតាមអនឡាញប៉ុណ្ណោះទេ វាក៏នឹងជួយទៅដល់ការស្ដារជំរុញកំណើន ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ផងដែរ៕
ដោយ៖CEN