Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ​នៃ​កម្ពុជា​ ផ្សព្វផ្សាយ​ចំណេះដឹង​ហិរញ្ញវត្ថុ​ នៅ​ខេត្តស្ទឹងត្រែង​

​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា រួមជាមួយ​នឹង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នា​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ បានរៀប​ចំ​សិក្ខាសាលា​ថ្នាក់ក្រុង​ស្តីពី “​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​” នៅ​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។

សិក្ខាសាលា​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់ ឯកឧត្តម រ័ត្ន សុវណ្ណ​នរៈ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ដោយមាន​ការចូលរួម​ពី លោក និ​ន សុខ​ស្តី សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុង​ស្ទឹងត្រែង លោក សាយ កុសល អភិបាល​នៃ​គណៈ​អភិបាលក្រុង​ស្ទឹងត្រែង អនុប្រធាន​និង​សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា បុគ្គលិក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​អាជ្ញាធរ​មូលដ្ឋាន​សរុប​ប្រមាណ ១០០​នាក់​។

​សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំ​ទ្បើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​និន្នាការ​ថ្មីៗ របស់​វិស័យ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ជាពិសេស​អំពី​វិធានការ​នានា​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ដែល​បាន​ដាក់ចេញ​កន្លងមក និង​នាពេល​អនាគត ដើម្បី​សម្រាល​បន្ទុក​អ្នក​ខ្ចីប្រាក់ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

​នៅក្នុង​សិក្ខាសាលា​នេះ មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា បាន​គូសបញ្ជាក់ និង ផ្តល់​អនុសាសន៍​មួយចំនួន បន្ថែម​លើ​វិធានការ​ជាច្រើន​របស់​ធនាគារជាតិ​នៃ​កម្ពុជា កន្លងមក រួមមាន​៖ ១/- គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ ត្រូវ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ជាមួយ​អតិថិជន​ប្រកបដោយ​ភាពទន់ភ្លន់​និង​អនុគ្រោះ ស្របតាម​ស្មារតី​នៃ​សារាចរ​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ស្តីពី​ការរៀបចំ​ឥណទាន​ទ្បើង​វិញ សម្រាប់​គ្រប់​វិស័យ ២/- អាជ្ញាធរ​មូលដ្ឋាន និង​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ ត្រូវ​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ទប់ស្កាត់​សកម្មភាព​ដែលមាន​ចេតនា​បំពុលបរិយាកាស និង​ញុះញង់​បង្ក​ជា​បញ្ហា​សង្គម និង​អស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង ៣/- បន្ត​រក្សា​អនាម័យ និង​សុខភាព​របស់ខ្លួន និង​ក្រុមគ្រួសារ ដើម្បី​ជៀសផុត​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩៕ ដោយ ៖ CEN

×