ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្តីជូនដំណឹងដល់អភិបាលរាជធានី-ខេត្ត សំណេីសុំអន្តរាគមន៍ការប្រកួតកីឡាដែលមានទស្សនិកជនច្រេីន មិនអនុវត្តតាមគោលការណ៍ណែនាំដេីម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។
ក្នុងសេចក្តីជូនដំណឹងលោកសសុខារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា សូមជម្រាបជូន ឯកឧត្តម លោកជំទាវ ជ្រាបថា៖ កន្លងមក គណៈកម្មការអន្តរ ក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឱ្យដំណើរការឡើងវិញនូវ សកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈនៅតាមរាជធានី ខេត្ត និងធ្វើសកម្មភាពហាត់ ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហាន ៗ ដោយការប្រកួតត្រូវបិទទ្វារ និងត្រូវគោរពតាមវិធាន សុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់។ ផ្អែកតាមរបាយការណ៍ ស្តីពីស្ថានភាពជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ មានអ្នកឆ្លងជំងឺកូ វីដ-១៩ សរុប ២៧៤នាក់ បានជាសះស្បើយ បើទោះបីជាពុំមាន ករណីស្លាប់ដោយសារជំងឺកូវីដ- ១៩ក៏ពិតមែន ប៉ុន្តែស្ថានភាពជំងឺនៅតែបង្កហានិភ័យខ្ពស់ និងអាចបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ រលកទីពីរបានផងដែរ អាស្រ័យដូចនេះ ក្រសួងទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីស្ថាប័ន ទទួលខុសត្រូវ អាជ្ញាធរដែនដី និងការចូលរួមអនុវត្តពីមហាជន។
ក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យឃើញថា កន្លែងលេងកីឡានៅតាមរាជធានី ខេត្តមួយចំនួនពុំទាន់អនុវត្តតាម គោលការណ៍ណែនាំរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងក្រសួងអប់រំ យុវជន និងកីឡា បានត្រឹម ត្រូវនៅឡើយ ជាពិសេសកន្លែងលេងកីឡាបាល់ទះ ដែលបើកទូលាយឱ្យទស្សនិក ជន ចូលទស្សនាច្រើនកុះករ អាចបង្កឱ្យមាន រលកទីពីរនៃការចម្លងជំងឺកូវីដ-១៩ ក្នុងការធ្វើសកម្មភាពនេះ។
ក្រសួងស្នើឱ្យ ឯកឧត្តម លោកជំទាវ យកចិត្តទុកដាក់ខ្ពស់ និង សហការក្នុងការត្រួតពិនិត្យកន្លែងលេង
កីឡា ដើម្បីធ្វើការណែនាំ និងផ្អាករាល់សកម្មភាពនានាដែលមិនគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់
ក្រសួងសុខាភិបាល។
ក្រសួងក៏សូមឯកឧត្តម លោកជំទាវ ជ្រាប និងសហការអនុវត្តតាមសមត្ថកិច្ចរបស់ខ្លួន ក្នុងការការពារ
ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕ ដោយ៖កូឡាប