ភ្នំពេញ៖ នារីស្រស់សោភាម្នាក់ ដែលសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា ត្រូវបានប្រទះឃើញសពហើយ គឺបានផុសអណ្តែតពីទឹកទន្លេចតុមុខ ខាងក្រោយសាលសន្និសីទចតុមុន នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា នាយប់ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ នារីស្រស់សោភាម្នាក់ ត្រូវបានគេស្គាល់អត្ដសញ្ញាណហើយ តាមរយៈការចែកចាយនូវសាររំលែកទុក្ខ និងការសោកស្ដាយពីសំណាក់មិត្តភក្តិ របស់នារីរងគ្រោះ នៅលើបណ្ដាញសង្គម Facebook។
អត្ដសញ្ញាណរបស់នារីរងគ្រោះ ដែលប្រើប្រាស់គណនី Facebook ឈ្មោះ «Gech Gech» និងមានឈ្មោះពិត «ចាន់ ស្រីមាន» អាយុ២២ឆ្នាំ ស្នាក់នៅខុនដូមួយកន្លែង នៅរាជធានីភ្នំពេញ។
ប្រភពព័ត៌មានដែលបង្ហាញនៅលើគណនី Facebook របស់នារីរងគ្រោះបានបង្ហាញថា មុនពេលកើតហេតុរូបនាង បានទៅចូលរួមកម្មវិធីខួបកំណើត របស់បងស្រី នៅភោជនីយដ្ឋានទន្លេបាសាក់២។ ក្រោយចប់កម្មវិធីខួបកំណើត នាងបានបន្ដទៅញាំអីនៅភោជនីយដ្ឋាន ក្នុង Eden Garden ដែលមានទីតាំងក្នុងបរិវេណបឹងកក់ ហើយក៏បាត់ដំណឹងសូន្យឈឹង។ រហូតព្រឹកឡើង បានមិត្តភក្តិ រកគេផ្សព្វផ្សាយករណីនារីម្នាក់លោតទឹកសម្លាប់ខ្លួន ដែលបន្សល់ទុកនូវផ្កាមួយបាច់ និងស្បែកជើងមួយគូរ។
សម្រាប់ព័ត៌មាននៅកន្លែងកើតហេតុវិញ បានអះអាងថា មុនពេលកើតហេតុ គេឃើញនារីរូបស្រស់សោភាម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្កា រួមទាំងស្ពាយកាបូប និងពាក់អាវខូវប៊យពីក្រៅផងនោះ ហើយរថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង។ បន្ទាប់មកនារីខាងលើបានដោះស្បែកជើង និងផ្កាមួយបាច់ដាក់ជាប់ស្បែកជើង ហើយលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង ភ្លាមៗគេក៏បានរាយការណ៍ ទៅសមត្ថកិច្ចដើម្បីជួយជនរងគ្រោះ តែអកុសលនារីរងគ្រោះត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។
យ៉ាងណាមិញ ជុំវិញរឿងហេតុនេះ មហាជនចង់ឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវបន្ថែមទៀត ដើម្បីច្បាស់ថាតើ ជនរងគ្រោះលោតទឹកសម្លាប់ខ្លួន ឬមានរឿងអ្វីផ្សេងក្រៅពីនេះ ដែលស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ៕
ដោយ៖មីដា ផាន់ណា