ភ្នំពេញ៖ តារាសម្តែងភេទទីបី កញ្ញា ប៉ុបពី នៅពេលនេះ នាងបានក្លាយជាទៅជាមនុស្សស្រីទាំងអស់ស្រុងហើយ បន្ទាប់ពីចំណាយអស់ខ្ទង់ម៉ឺនដុល្លារ ដើម្បីការកែភេទទាំងល្វែងលើ និងល្វែងក្រោម។
កញ្ញាបាននិយាយថា ក្រៅពីការងាសិល្បៈ នាងក៏ជាមេជាងសំអាងការផងដែរ ហើយឥឡូវនេះ ក៏ចាប់យកមុខរបរមួយទៀត គឺបុកល្ហុងលក់តាមអនឡាញ។
ដោយឡែក សម្រាប់ជីវិតគូរបស់នាងវិញ ឃើញថាសព្វថ្ងៃនេះ នាងនៅទំនេរស្អាត បន្ទាប់ពីជីវិតគូស្នេហ៍ពីមុនរបស់នាងបានឈានដល់ការបែកបាក់ ដោយសារតែរឿងប្រច័ណ្ឌ។
យ៉ាងណាមិញ និយាយស៊ីជម្រៅដល់រឿងកែភេទវិញ កញ្ញា ប៉ុបពី បានទម្លាយចេញឲ្យដឹងថា នាងបានកែភេទទាំងលើទាំងក្រោមនេះ គឺមានរយៈពេលជាង២០ឆ្នាំមកហើយ។ ហើយបើនិយាយពីបញ្ហាសុខភាពវិញ គឺហាក់មានភាពប្រក្រតី មិនមានជាបញ្ហាអ្វីនោះទេ ពោលគឺរលើបរលោងស្អាតទៅណាមកណា មានភាពជឿជាក់ចង់ស្លៀកខោរឹបក៏បាន ប៊ីគីនីក៏បាន មិនដូចពីមុនពេលស្លៀកខោទៅ មានអ្វីទើសដូចជាគ្រាប់ឃ្លី ឬ ប៉ិកួៈមួយចង្កោមយកតាមនោះទេ។
ចំពោះការចំណាយទៅលើការកែភេទទាំងស្រុងនេះផងដែរ កញ្ញា ប៉ុបពី បានប្រាប់ឲ្យដឹងថា សម្រាប់កែដើមទ្រូងបើគិតមកទល់ឥឡូវនេះគឺចាប់ពី ៣ ពាន់ដុល្លារឡើងទៅ ។ រីឯល្វែងក្រោមវិញ គឺចាប់ពី ៧ ពាន់ដុល្លារឡើងទៅ។
ប៉ុន្តែ កញ្ញាថា «បើទោះជាបានកែភេទដូចស្រីក៏ពិតមែន តែសម្រាប់ការមានកូនគឺមិនអាចនោះទេ ព្រោះដើមកំណើតយើងជាមនុស្សប្រុស ហើយមួយទៀត យើងក៏មិនមានឈាមរដូវដូចជានារីទេ»។ តែទោះយ៉ាងណា បើនិយាយពីសេចក្តីសុខផ្លូវភេទវិញ គឺមានដូចគ្នា៕ ដោយ៖ លឹម ហុង