បាត់ដំបង៖ ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការបង្កើតមន្ទីរពិសោធន៍បន្ថែមនៅក្នុងខេត្តបាត់ដំបង ដោយសារមានការប្រជុំមនុស្សចូលមកពីក្រៅប្រទេសច្រើន ពិសេសមកពីថៃ ហើយក៏អាចយកសំណាកអ្នកសង្ស័យមានជំងឺកូវីដ១៩ នៅខេត្តជិតៗនេះ មកពិនិត្យក្នុងខេត្តបាត់ដំបងផងដែរ។ បច្ចុប្បន្ននៅកម្ពុជា មានមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាបរូចហើយ បង្កើតបន្ថែមមួយទៀតនៅខេត្តបាត់ដំបង ក៏បានជួយសម្រាលបានច្រើនហើយក្រសួងនឹងយកអគារពិសោធន៍របស់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ធ្វើជាមន្ទីរពិសោធន៍រកជំងឺកូវីដ១៩ ខណៈបន្ទប់មន្ទីរពិសោធជំងឺផ្សេងៗ ក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នឹងដូរទៅកាន់អគារថ្មី ដែលជាអំណោយរបស់ជប៉ុន។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល នឹងបង្កើតមន្ទីរពិសោធន៍រកជំងឺកូវីដ១៩មួយទៀត នៅក្នុងមន្ទីរពេទ្យធំខេត្តបាត់ដំបង ដើម្បីជួយកាត់បន្ថយនូវការកកស្ទះ ក្នុងការពិនិត្យរកជំងឺកូវីដ១៩ ក៏ដូចជាកាត់បន្ថយនូវការចំណាយ នៃការយកសំណាកអ្នកសង្ស័យមានជំងឺកូវី១៩ ទៅពិនិត្យនៅរាជធានីភ្នំពេញ។
ការលើកឡើងនេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យអគារមន្ទីរពេទ្យថ្មី អំណោយរបស់ជប៉ុន និងពិនិត្យទីតាំងបង្កើតមន្ទីរពិសោធន៍រកជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យធំខេត្តបាត់ដំបង កាលពីចុងសប្ដាហ៍ថ្មីៗនេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបរិភោគអាហារឆ្អិនៗ មិនត្រូវបរិភោគសាច់ឆៅ ពិសេសកុំបរិភោគសត្វព្រៃ ព្រោះថាជំងឺកូវីដ១៩ មិនទាន់ដឹងថា មានប្រភពចម្លងចេញពីអ្វីនោះទេ ហើយការមិនបរិភោគសត្វព្រៃនេះ មិនត្រឹមតែអាចទប់ស្កាត់នូវការឆ្លងជំងឺ ក៏វាអាចបានចូលរួមថែរក្សាសត្វព្រៃផងដែរ។
សូមបញ្ជាក់ថា រហូតដល់ម៉ោង ៧និង៣០ ព្រឹក ថ្ងៃទី ១៤ កញ្ញា ២០២០ ក្រសួងសុខាភិបាលពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ទេ ដូច្នេះចំនួនសរុប ២៧៥នាក់ ចំនួនសម្រាកនៅពេទ្យ ១នាក់ ចំនួនជាសះស្បើយសរុបចំនួន ២៧៤នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យើងបានធ្វើតេស្តចំនួន 116.112 ស្មើនឹង 6.994 ក្នុង១លាន នាក់៕ដោយ៖អ៊ុងសារុំ