ភ្នំពេញ៖ ក្រោមការផ្ដួចផ្ដើមបង្កើតឡើង ដោយលោក ឆែ ទូច ស្ថាបនិកចុងភៅ សេង ហុកហេង ផ្ទះបាយចល័តមួយ ឬហៅថា Mobile Kitchen ត្រូវបានបង្ហាញវត្តមានដំបូងនៅកម្ពុជា។
ផ្ទះបាយចល័ត Mobile Kitchen នេះ ត្រូវបានលោក ទូច រដ្ឋា ប្រធានចុងភៅ សេង ហុកហេង ធ្វើបទបង្ហាញជូនឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិដ្ឋ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថា ជាផ្ទះបាយចល័ត ដែលធ្វើឡើងពីទូកុងទីន័រមួយ ដែលបំពាក់នូវបច្ចេកវិទ្យាទំនើប ដូចជា មានម៉ាស៊ីនបូមទឹក ចង្ក្រានធ្វើម្ហូបទំនើប និងបំពុងបង្ហូរលូកាក់សំណល់ជាដើម ដែលជាទូទៅការធ្វើសេវាកម្មម្ហូបចល័តនេះ ជាតម្រូវការចាំបាច់ ត្រូវធ្វើរោងចុងភៅ។
លោកទូច រដ្ឋា បានបន្តថា ជាបទពិសោធន៍កន្លងមក និងជាឧបសគ្គ ដែលយើងត្រូវការតំឡើងរោងចុងភៅ យើងត្រូវការចំណាយពេលវេលាយូ ត្រូវការនាំសម្ភារចូល ហើយជួនកាលសម្ភារមួយចំនួនខ្វះបទដ្ឋានស្តង់ដាអនាម័យ ក៏ដូចជាការប្រើប្រាស់មិនទាន់សម័យ។ ផ្ទះបាយចល័តមួយនេះ និងជួយសម្រួលច្រើនដល់ចុងភៅ ក្នុងការចំអិនម្ហូបអាហារ បានងាយស្រួល លឿនរហ័ស សុវត្ថិភាព និងមានអនាម័យ។
គួរបញ្ជាក់ថា ផ្ទះបាយចល័ត Mobile Kitchen នេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០កន្លងទៅ ដើម្បីចំអិនម្ហូបអាហារឱ្យទាន់និងតម្រូវការរបស់អតិថិជន៕
ដោយ៖CEN