បាត់ដំបង៖ព្រះសង្ឃដែលមានអាការក្ដៅព្រះកាយគង់ក្នុងវត្តស្វាយដង្គុំ ឃុំពាមឯក ស្រុកឯកភ្នំ ត្រូវបានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានយកសំណាកទៅពិនិត្យកើនដល់៥៤អង្គហើយ ប៉ុន្តែអាការពុំមានធ្ងន់ធ្ងរនោះទេ ខណៈព្រះសង្ឃអង្គខ្លះធូរស្បើយបានច្រើន។
លោក សឿន ធិ ប្រធានមន្ទីរពេទ្យបង្អែកស្រុកឯកភ្នំ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ថា ព្រះសង្ឃដែលមានអាការក្ដៅខ្លួន ក្អក ឈឺព្រះកេស ឬឈឺពោះរាក់រួសនោះ ភាគច្រើនមានព្រះជន្មចាប់ពី ១១ទៅ១៩ឆ្នាំ ត្រូវបាននាំយកសំណាកទៅពិនិត្យកាលពីយប់ថ្ងៃទី១៣ ខែកញ្ញា មានចំនួន២១អង្គ និងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា មានចំនួន៣៣អង្គ។ អង្គខ្លះមានកម្ដៅខ្ពស់បំផុតត្រឹមជាង ៣៧អង្សាសេ និងអង្គខ្លះទៀតក្រោមនឹង ប៉ុន្តែនៅមានអង្គខ្លះទៀត មានអាការរងាញាក់ ខាងមន្ទីរពេទ្យអាចនឹងនិមន្តព្រះអង្គ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។ ចំពោះលទ្ធផលសំណាកទាំង ៥៤អង្គ អាចនឹងចេញនៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីខាងមន្ទីរសុខាភិបាលលធ្វើការពិនិត្យពិសោធន៍រួច ។
ក្នុងពេលចុះសួរសុខទុក្ខនិងនាំយកម៉ាស ប្រគេនព្រះសង្ឃកំពុងមានជំងឺនៅវត្តស្វាយដង្គុំ លោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំ បានមានប្រសាសន៍ថា អាជ្ញាធរស្រុកកំពុងធ្វើរបាយការណ៍បន្ថែម ជូនទៅសាលាខេត្ត ពីអាការព្រះសង្ឃ ក៏ដូចសំណើរបស់ព្រះសង្ឃ ចំពោះការខ្វះខាតក្នុងវត្តនិងតម្រូវការចាំបាច់ មួយចំនួនទៀត ក្នុងការយកមកថែទាំសុខភាពព្រះសង្ឃកំពុងអាពាធ និងសម្រាប់ផ្គត់ផ្គង់ក្នុងវត្ត។
គួរបញ្ជាក់ថា បច្ចុប្បន្នព្រះសង្ឃក្នុងវត្តស្វាយដង្គុំមានចំនួន១១៩អង្គ ហើយព្រះសង្ឃមានអាការក្ដៅខ្លួន កើតឡើងតាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ហើយបានឆ្លងជាបន្តបន្ទាប់ ដោយគិតត្រឹមថ្ងៃទី១៤ ខែកញ្ញានេះ មាន៥៤អង្គ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ព្រះសង្ឃមានអាការក្ដៅខ្លួន រហូតមន្ទីររសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង នាំយកសំណាកទៅពិនិត្យនោះ បានចេញលទ្ធផលជាបណ្ដើរៗហើយ ដោយបានរកឃើញ២០អង្គ មានជំងឺផ្ដាសសាយ។ លទ្ធផលដំបូងចំពោះសំណាកព្រះសង្ឃ ដែលខាងមន្ទីរសុខាភិបាលខេត្ត នាំយកទៅពិនិត្យនៅយប់ថ្ងៃទី១៣ខែកញ្ញា ចំនួន២១អង្គ មានជំងឺផ្ដាសសាយនិងមួយអង្គទៀត ពុំមានរកឃើញអាការអ្វីនោះទេ។ សម្រាប់សំណាកនៅសល់ មន្ត្រីសុខាភិបាល កំពុងពិនិត្យពិសោធន៍ជាបន្ត។
ព្រះសង្ឃព្រះនាម ពៅ មុនី នាយកសាលាពុទ្ធិកៈឋមសិក្សាវត្តស្វាយដង្គុំ មានថេរដីកាថា បញ្ហាព្រះសង្ឃមានអាការគ្រុនក្ដៅផ្ដាសសាយនេះ តាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ខ្លាំង ហើយភ្លៀងមិនទាន់ដាច់គ្រាប់អស់នៅរលឹមស្រិចៗ ព្រះសង្ឃអង្គខ្លះនៅទន្ទិញមេរៀន ព្រោះបញ្ហានេះធ្វើឲ្យព្រះសង្ឃមួយចំនួនបានកើតជំងឺផ្ដាសសាយ។ ដំបូងកើតចំពោះតែប្រមាណ១០អង្គ ហើយក៏បានឆ្លងបន្តកើនជាបន្តបន្ទាប់ និងឆ្លងដល់ព្រះសង្ឃដែលជាអ្នកថែរក្សាជំងឺទៀត រហូតដល់ថ្ងៃទី១៤ ខែកញ្ញា មានចំនួនសរុប៥៤អង្គ ត្រូវបានយកសំណាកទៅពិនិត្យ។
លោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំ បានមានប្រសាសន៍ថា ព្រះសង្ឃកំពុងស្នាក់រៀនក្នុងវត្តនេះ មានចំនួន១១៩អង្គ ដោយបញ្ហាមានព្រះសង្ឃច្រើននេះ ធ្វើឲ្យការស្នាក់នៅរៀនសូត្រមានសភាពតូចចង្អៀត បរិយាកាសអាប់អ៊ូរ ហើយបញ្ហានេះក៏អាចធ្វើឲ្យមានការឆ្លងរាលដាលជំងឺ ខណៈនៅវត្តអារាមនេះ ក៏មានការខ្វះខាតច្រើនពាក់ព័ន្ធនឹងបច្ច័យបួន ។
គួរបញ្ជាក់ថា នេះជាលើកទី១ សម្រាប់នៅខេត្តបាត់ដំបង នៅឆ្នាំ២០២០នេះ ពាក់ព័ន្ធនឹងបញ្ហាផ្ទុះមានជំងឺ រហូតនាំយកសំណាកទៅពិនិត្យពិសោធន៍ក្នុងចំនួនច្រើន ក្នុងតំបន់តែមួយ ខណៈដែលកន្លងមកមន្ទីរសុខាភិបាល បានយកតែសំណាករាយៗ ពីអ្នកសង្ស័យថាមានជំងឺកូវីដ ១៩ ៕
ដោយ៖អ៊ុងសារុំ