ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងអង្គពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានី ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា អង្គសន្និបាត បានសម្រេចជ្រើសរើសយកប្រធានបទចំនួន៤ មកពិនិត្យ ពិភាក្សា ស្វែងចំណុចខ្លាំងនិងចំណុចខ្សោយដើម្បីធ្វើជាមូលដ្ឋាន យកមកអនុវត្តអោយបានម៉ឹងម៉ាត់ នៅក្នុងឆ្នាំ២០១៨នេះ ។
ក្នុងនោះរួមមាន ទី១៖ អំពីការអនុវត្តគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព ៖ បានផ្តោតសំខាន់លើបញ្ហា សណ្តាប់ធ្នាប់ចរាចរណ៍ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅរាជធានីភ្នំពេញ (ផ្លូវសំខាន់ៗ ១១ខ្សែ គឺមានបញ្ហាប្រឈមខ្ពស់ដោយសារ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង រថយន្តធុនធ្ងន់បើកបរមិនគោរពច្បាប់ចេញចូលរាជធានី យានយន្តបើកបរដងផ្លូវគ្មានលក្ខណៈបច្ចេកទេស ការដាក់ភ្លើងស្តុបមួយចំនួនពុំទាន់បានល្អប្រសើរ ការប្រើប្រាស់ផ្លូវ និងទ្រូវផ្លូវដោយបំពាន និងការចតគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ។ ជាដំណោះស្រាយ រួមមាន បន្តពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក បង្កើតជាស្ប៉តផ្សព្វផ្សាយតាមរយៈទូរទស្សន៍ និងស្លាកប៉ាណូ ពង្រាយកម្លាំងនគរបាលចរាចរណ៍ និងអ្នកពាក់ព័ន្ធក្នងុការសម្រួលចរាចរណ៍តាមគោលដៅកកស្ទះចំនួន១០៥គោលដៅ បន្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាតស្រវឹងឲ្យបានញឹកញាប់ ពង្រឹងសមត្ថភាពដល់សមត្ថកិច្ចអនុវត្តច្បាប់មន្ត្រីជំនាញ និងពង្រឹងការអប់រំច្បាប់ចរាចរណ៍នៅតាមគ្រប់ស្រទាប់ តាំងពិសាលារៀនឡើងទៅ ព្រមទាំងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់តាមសេចក្តីជូនដំណឹងថ្នាក់ខណ្ឌសង្កាត់ និងរាជធានី។
ទី២ អំពីការងារបរិស្ថាន និងអនាម័យ (ទីក្រុងស្អាត)៖ បញ្ហាប្រឈមខ្ពស់គឺ ការគ្រប់គ្រងសំរាម សំណល់រឹង សំណល់រាវ ការបំពុលខ្យល់ និងសំឡេង ដែលកើតចេញពីរថយន្តដឹកដី ដឹកខ្សាច់ មិនបានគ្របត្រឹមត្រូវ និងហូរស្រក់ទឹកការដូតសំរាមរបស់ប្រជាពលរដ្ឋមួយចំនួននៅជាយក្រុង និងការបង្ហូរ ឬចាក់ចោលនូវសំណល់ចេញពីការដ្ឋានសំណង់ចូលប្រព័ន្ធលូជាដើម។
ឆ្លើយតបនឹងករណីនេះ អង្គសន្និបាតបានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធពង្រឹងវិធានការការហាមឃាត់រថយន្តដឹកដី ដឹកខ្សាច់ចូលក្រុង ព្រមទាំងចុះត្រួតពិនិត្យ និងណែនាំពីលក្ខណៈបច្ចេកទេសក្នុងការដឹកជញ្ជូនដល់ម្ចាស់ទីតាំងដេប៉ូខ្សាច់ និងតាមការដ្ឋានសំណង់ និងចុះធ្វើការអប់រំប្រជាពលរដ្ឋ ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនដោយស្នើឲ្យមន្ទីរបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន បន្តការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យទុកដាក់ និងបញ្ចេញសំរាមឲ្យបានត្រឹមត្រូវតាមម៉ោងពេល និងទីកន្លែងដែលបានកំណត់និងអនុវត្តវិធានការផាកពិន័យ យោងតាមអនុក្រឹត្យលេខ១១៣ ។ ទន្ទឹមនឹងនេះ បានតម្រូវឲ្យក្រុមហ៊ុនស៊ីនទ្រី ត្រូវបំពេញបន្ថែមនូវកង្វះខាតលើផ្នែកសម្ភារៈ និងកម្មករ ឲ្យឆ្លើយតបតាមតម្រូវការ ឬក៏បន្ថែមឲ្យមានក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាមដទៃទៀត(ក្រៅពីក្រុមហ៊ុនស៊ីនទ្រី)។ បន្តជំរុញនិងលើកទឹកចិត្តឲ្យមានការ វិនិយោគលើការកែច្នៃសំរាម ការរៀបចំអាងប្រព្រឹត្តិកម្មធម្មជាតិ និងដាំដើមឈើតាមប្រឡាយ ក៏ដូចជាំនៅតាមអាងស្តុកទឹកសម្អុយ។
ទី៣៖ អំពីការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយ និងអង្គភាពប្រជាពលរដ្ឋ៖ អង្គសន្និបាតបានគត់សម្គាល់ឃើញថាយន្តការនៃការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិតជាបានផ្តល់ភាពងាយស្រួល និងប្រកបដោយប្រសិទ្ធភាព តម្លាភាព ឆាប់រហ័ស និងបង់ថ្លៃទៅតាមការកំណត់របស់ច្បាប់ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមចោទឡើងមួយចំនួនដូចជា ការងារអត្តសញ្ញាណកម្ម( ការកែតម្រូវលើឯកសារដែលខុស) , កង្វះខាតលើការត្តាប់ព័ត៌មានពីការបង់ពន្ធ (ពន្ធរបស់អាជីវកម្ម និងពន្ធប្រថាប់ត្រា) , ការផ្តល់សេវា មានភាពយឺតយ៉ាវ និងការផ្ទេរសិទ្ធិអចលនទ្រព្យ។ល។ នៅមិនទាន់បានល្អប្រសើរ និងមានលក្ខណៈស្មុគស្មាញពិបាកក្នុងការដោះស្រាយហើយសមត្ថភាពយល់ដឹងរបស់មន្ត្រីជំនាញមួយចំនួននៅមានកម្រិត។
ចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញ នឹងស្នើសុំគោលការណ៍ដឹកនាំពីក្រសួងមហាផ្ទៃ, លេខាធិការដ្ឋាន គ.ជ.អ.ប និងក្រសួង ស្ថាប័នថ្នាក់ជាតិ ដើម្បីសម្របសម្រួលនូវសំណើ និងសំណូមពរ មួយចំនួន ពិសេសស្នើសុំឲ្យពន្លឿនដល់ការដាក់ឲ្យដំណើរការច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ឲ្យបានឆាប់រហ័ស(ក្នុងត្រីមាសទី១ ឆ្នាំ២០១៨)។
ទី៤៖ អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការទប់ស្កាត់សំណង់ខុសច្បាប់៖ កិច្ចពិភាក្សាក្នុងអង្គសន្និបាតរកឃើញថា ជារួមមានការរំលោភលើចំណីប្រឡាយលូ ការអនុវត្តច្បាប់របស់សមត្ថកិច្ចនៅមានកម្រិត , មិនទាន់មានការទប់ស្កាត់តឹងរ៉ឺង ខ្វះប្លង់បច្ចេកទេសក្នុងការកំណ់តទីតាំងប្រព័ន្ធប្រឡាយលូ និងមិនបានថែទាំ ហើយមានសភាពចាស់ទ្រុឌទ្រោម ។ ប្រឡាយមួយចំនួនបានបាត់បង់រូបរាង នៅពេលចុះបញ្ជីការកាត់ទុក និងកំណត់ទុកទំហំប្រឡាយមិនបានច្បាស់លាស់ ដោយឡែកចំពោះករណីសំណង់វិញ ការកសាងសង់មុនដោយគ្មានប្លង់ ឬច្បាប់អនុញ្ញាត។ ជាមួយគ្នានេះដែរ យើងនៅខ្វះប្លង់មេប្រើប្រាស់ដីលំអិតសម្រាប់តម្រង់ទិស និងការអនុវត្តប្លង់មេ ការវិភាគប្លង់ដើម្បីគ្រប់គ្រងប្លង់មេលើការគ្រប់គ្រងទំហំចិញ្ចើមផ្លូវ និងប្រឡាយជាដើម។
ជាដំណោះស្រាយអង្គសន្និបាតបានសន្និដ្ឋានជារួមដូចតទៅ ទាមទារឲ្យមានាករបណ្តុះបណ្តាដល់អាជ្ញាធរមូលដ្ឋានអំពីច្បាប់សំណង់ មុននឹងចេញលិខិតអនុញ្ញាតសាងសង់ ត្រូវមានការសហការពីគ្រប់អ្នកពាក់ព័ន្ធចូលរួមអនុវត្តឲ្យបានល្អប្រសើរ និងមានវិធានការតឹងរ៉ឺងលើការរំលោភបំពានចំណីប្រឡាយលូ ព្រមទាំងតម្រូវឲ្យមានការបន្ស៊ីប្លង់មេជាមួយអ្នកពាក់ព័ន្ធដូចជាអគ្គិសនីកម្ពុជា រដ្ឋាករទឹក និងប្រៃសនីយ៍ជាដើម មុននឹងដឹកផ្លូវរៀបចំប្រព័ន្ធក្រោមដី៕ ដោយ ៖ កូឡាប