បុរសវ័យចំណាស់ម្នាក់ ត្រូវបានគេដឹងថា ស្រាប់តែបានដួលសន្លប់ភ្លាមៗតែម្តង ខណៈពេលដែលគាត់កំពុងអង្គុយនៅក្នុងហាងកាហ្វេមួយកន្លែង នៅ Taman Acbe (ម៉ាឡេស៊ី) កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។ ភ្លាមៗនោះ នារីជានិស្សិតពេទ្យម្នាក់ដែលមានវត្តមាននៅទីនោះ ក៏បានប្រញាប់ប្រញាល់ទៅជួយ ដោយចាប់ផ្តើមធ្វើចលនាសង្គ្រោះបេះដូងទៅលើគាត់។
នាងបានបន្តអនុវត្តចលនាបេះដូង ទៅលើបុរសចំណាស់នោះរហូតដល់រថយន្តសង្គ្រោះ និងបុគ្គលិកពេទ្យបានមកដល់។ តែជាអកុសល នៅពេលពួកគេមកដល់ បុរសនោះត្រូវបានប្រកាសថាស្លាប់បាត់ទៅហើយ។
យោងតាម Sin Chew Daily បានឲ្យដឹងថា សពរបស់បុរសនោះត្រូវបានប៉ូលិសបញ្ជូនទៅតម្កល់ ដើម្បីធ្វើកោសល្យវិច័យ ខណៈដែលមូលហេតុនៃការស្លាប់របស់គាត់នៅតែមិនទាន់ដឹងនៅឡើយ។
ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយជំនួសនោះ គឺការខិតខំរបស់នារីជានិស្សិតពេទ្យ មិនអាចជួយគាត់បាន ហើយនាងបានស្រក់ទឹកភ្នែក នៅពេលគាត់ត្រូវបានប្រកាសស្លាប់។
ទោះយ៉ាងណា អ្នកនិយមលេងអ៊ីនធឺណិត បានសម្តែងនូវការកោតសរសើរនាងយ៉ាងខ្លាំង ចំពោះការព្យាយាមអស់ពីសមត្ថភាពរបស់នាង ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សម្នាក់ ហើយប្រាកដណាស់ នេះក៏មិនមែនជាកំហុសរបស់នាងនោះទេ នាងធ្វើបែបនេះជាការត្រឹមត្រូវណាស់៕ ដោយ៖ លឹម ហុង