កំពង់ស្ពឺ ៖ នៅទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ បុរសម្នាក់មានឈ្មោះ ទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ មានមុខរបរលក់ដូរអចលនទ្រព្យ បើកបររថយន្តម៉ាក Lexus RX200T ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BH 9239 ដោយដឹកមនុស្ស២នាក់ ក្នុងនោះមានសពស្ត្រីម្នាក់ឈ្មោះ ធី លីស្សា ភេទស្រី អាយុ១៨ឆ្នាំ ដែលជាសង្សារ ឯម្នាក់ទៀតឈ្មោះ ណយ ប៉ូរ៉ា នៅភ្នំពេញរួមដំណើរ បានចូលខ្លួនមកសារភាព នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឧដុង្គ។
បុរសម្នាក់បានបើករថយន្តជាមួយនឹងសពសង្សារ ចូលមកសារភាពប្រាប់សមត្ថកិច្ច បន្ទាប់ពីកើតមានការផ្ទុះអាវុធមួយគ្រាប់ បណ្តាលឲ្យសង្សាររបស់ខ្លួនស្លាប់ភ្លាមៗក្នុងរថយន្ត។
ឈ្មោះ ទាក់ ឌី ជាជនបង្កបានសារភាពប្រាប់សមត្ថកិច្ចថា ក្រោយធ្វើដំណើរចេញពីខេត្តសៀមរាប ពួកគេទាំង៣នាក់ បានមកដល់ខេត្តកំពង់ឆ្នាំង ក៏ជជែកគ្នាជាមួយសង្សារ គាប់ជួនពេលនោះឈ្មោះ ធី លីស្សា ជាសង្សារបានឈោងទាញកាំភ្លើងពីលើតាបឡូរថយន្ត ដោយឃើញបែបនេះរូបគេឈ្មោះ ទាក់ ឌី បានឈោងទាញដៃសង្សារកុំឲ្យលេង ស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលផ្ទុះកាំភ្លើងម៉ាក ZORAKI M9o-TD មួយគ្រាប់ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងរថយន្ត។
សង្សារខ្លួនបានស្លាប់ ឈ្មោះ ទាក់ ឌី មិនបានបើករត់គេចខ្លួនទេ បានបើករថយន្តមកចូលក្នុងមូលដ្ឋានកងរាជអាវុធស្រុកឧដុង្គ ដើម្បីប្រាប់ពីដំណើររឿងដល់សមត្ថកិច្ច។
ករណីនេះ បានកើតហេតុនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ពេលសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រគល់ករណីខាងលើទៅឲ្យខាងកំពង់ឆ្នាំង ស្រាវជ្រាវបន្តនីតិវិធី៕ដោយ៖មីដា