តាកែវ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ចុះពិនិត្យអគ្គិភ័យឆាបឆេះតូបរបស់អាជីវករនៅផ្សារសំរោងយ៉ោង ស្រុកបាទីដោយបានសម្រេចឧបត្ថម្ភថវិកាចំនួន ៧ម៉ឺនដុល្លារ ដើម្បីសាងសង់ដំបូលតូបជូនអាជីវករលក់ដូរបណ្ណោះ អាសន្ន។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ អមដំណើរដោយ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់សឹករងខេត្ត រួមជាមួយ លោក ភួន ឈីម អភិបាលស្រុកបាទី និងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាព និងចុះសួរសុខទុក្ខអាជីវករ ក្រោយអគ្គិភ័យឆេះយផ្សារសំរោងយ៉ោង ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន បានសម្រេចឧបត្ថម្ភថវិកាចំនួន ៧ម៉ឺនដុល្លារ ដើម្បីសាងសង់ដំបូលតូបជូនអាជីវករលក់ដូរបណ្ណោះអាសន្ន។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាក្នុងការសាងសង់តូបលក់ដូរឡើងវិញផងដែរ ប៉ុន្ដែអាជីវករជាអ្នកចេញថ្លៃខ្លួនឯងសម្រាប់ការធ្វើតូប។
សូមញ្ជាក់ដែរថា អគ្គិភ័យឆេះផ្សារសំរោងយ៉ោង នៅស្រុកបាទី កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ បំផ្លាញតូបរបស់អាជីវករអស់ ២៣០តូប គិតជាទឹកប្រាក់ជាង ២លានដុល្លារ និងសមត្ថកិច្ចបានប្រើប្រាស់ទឹកជិត ១០០ឡាន ទើបគ្រប់គ្រងបាន។ សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដពន្លត់អគ្គិភ័យទាំងអស់នោះរួមមាន៖ មកពី ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន១១គ្រឿង, អគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន៤គ្រឿង, កងពលតូចលេខ៧ ចំនួន០៣គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំនួន០២គ្រឿង, អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចំនួន០២គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន០៣គ្រឿង និងស្រាបៀកម្ពុជា ចំនួន០១គ្រឿង ៕
ដោយ៖កូឡាប






