ភ្នំពេញ ៖ រូបភាពមួយសន្លឹកបង្ហាញជនជាតិអង់គ្លេសម្នាក់ ដែលជាតំណាងឲ្យអគ្គរដ្ឋទូតរបស់ខ្លួន អង្គុយជួបពិភាក្សាការងារជាមួយតំណាងភាគីកម្ពុជា ស្ថិតក្នុងឥរិយាបទគងជើងអន្ទាក់ខ្លា ដែលខ្វះសីលធម៌ជាមួយជនជាតិខ្មែរ បានកំពុងបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាជនខ្មែរជាអ្នកប្រើប្រាស់បណ្តាញសង្គម។
ក្នុងនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានសម្តែងការមិនពេញចិត្តចំពោះឥរិយាបទរបស់ជនបរទេសរូបនេះ ដែលខ្វះសីលធម៌ មិនឲ្យតម្លៃដល់ជនជាតិខ្មែរ ដោយលោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំ ពេជ្រ ស្រស់ សូមសម្តែងការមិនសប្បាយចិត្ត និងមិនស្វាគមន៍ចំពោះឥរិយាបទជនបរទេសដែល មិនផ្តល់តម្លៃដល់ទំនៀមទម្លាប់របស់ខ្មែរ ពីព្រោះទំនៀមទម្លាប់របស់ខ្មែរ គឺ មានការគោរព ដោយកាយវិកា ទន់ភ្លន់ ស្វាគមន៍ភ្ញៀវបត់បែន ទៅតាមទំនៀមទម្លាប់របស់ជាតិសាសន៍ដទៃទៀត ដោយមិនរំលងសីលធម៌កាទូតនោះឡើយ ផ្ទុយទៅវិញ ខ្ញុំមានការមិនសប្បាយចិត្តជាខ្លាំង ចំពោះឥរិយាបទរបស់ជនជាតិអង់គ្លេសម្នាក់នេះតំណាងឲ្យអគ្គរដ្ឋទូតរបស់ខ្លួន ដែលអង្គុយគ្មានសីលធម៌ជាមួយជាតិសាសន៍ខ្មែរ ហើយបើទោះបី វប្បធម៌ អង្គុយរបស់អ្នកវាសាមញ្ញសម្រាប់ជនជាតិអ្នក ប៉ុន្តែអ្នកបានអង្គុយនៅលើទឹកដីខ្មែរ ដូច្នេះគឺវាមិនសាមញ្ញសំរាប់ជនជាតិខ្មែរនោះឡើយ»។
ក្នុងន័យនេះ លោក ពេជ្រ ស្រស់ សុំឲ្យស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា ជួយពិនិត្យមើលឥរិយាបទសហការីរបស់ខ្លួន និងសូមសិក្សាពីទំនៀមទម្លាប់ខ្មែរឲ្យបានច្បាស់ ជៀសវាងមានភាពឥរិយាបទឆ្គមឆ្គងលើទំនៀមទម្លាប់របស់ខ្មែរ អាចបង្ករូបភាពអសីលធម៌។
លោក ពេជ្រ ស្រស់ ក៏បានបន្តថា ប្រទេសកម្ពុជាតូចក៏ពិតមែន ប៉ុន្តែពួកយើងក៏មាននូវទំនៀមទម្លាប់ក្នុងការគោរពគ្នាផងដែរ ហើយប្រទេសអ្នកធំមែន ក៏ប៉ុន្តែអ្នកក៏ត្រូវគោរពសិទ្ធិប្រទេសដែលតូចដែរ៕ ដោយ៖ លឹម ហុង