គ្រោះថ្នាក់ចរាចរណ៍ ឃើញថាបាននិងកំពុងក្លាយជាបញ្ហាមួយដ៏ព្រួយបារម្ភខ្លាំងបំផុត នាពេលបច្ចុប្បន្ននេះ ដោយករណីគ្រោះថ្នាក់បណ្តាលឲ្យរងរបួស និងស្លាប់ដ៏រន្ធត់ៗជារៀងរាល់ថ្ងៃ។ ករណីគ្រោះថ្នាក់ទាំងនោះ គឺបង្កឡើងដោយការបើកបរមិនគោរពច្បាប់ ដែលក្នុងនោះដូចជាបើកបរក្នុងស្ថានភាពស្រវឹង បើកបរលើសល្បឿនកំណត់ បើកបរព្រហើន និងខ្វះការប្រុងប្រយ័ត្នជាដើម។
ជាក់ស្តែង ដូចក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះអ៊ីចឹងនៅក្នុងប្រទេសថៃ កាលពីពេលថ្មីៗនេះ គឺពិតជាគួរឲ្យស្លុតរន្ធត់ខ្លាំងណាស់ ប៉ុន្តែ ក៏ត្រូវចាត់ទុកថា សំណាងមួយក្នុង១ពាន់គ្រោះថ្នាក់ផងដែរ ចំពោះក្មេងប្រុសជំទង់២នាក់ ដែលបើកបរលឿនខ្វះការប្រុងប្រយ័ត្ន ទៅបុកគូទរថយន្ត Pickup ១គ្រឿង បណ្តាលឲ្យម្នាក់ជិះខាងក្រោយហើរដូចស្លឹក។
តាមរយៈវីដេអូ បានបង្ហាញរថយន្ត Pickup ១គ្រឿង កំពុងបើកក្នុងល្បឿនធម្មតា ប៉ុន្តែ ខណៈពេលនោះ ស្រាប់តែក្មេងប្រុសជំទង់២នាក់ បានជិះម៉ូតូ១គ្រឿង មកពីក្រោយក្នុងល្បឿនយ៉ាងលឿន ដោយអត់ពាក់មួកសុវត្ថិភាពទាំងពីរ ហើយអ្នកបើករវល់ភ្នែកក្រឡេកទៅខាងឆ្វេងដៃ បណ្តាលឲ្យក្បាលម៉ូតូ និងគូទរថយន្តជល់គ្នាយ៉ាងពេញទំហឹងតែម្តង។ ភ្លាមៗនោះ ម្នាក់ជិះខាងក្រោយ បានហោះទៅលើអាកាស រួចធ្លាក់ចូលក្នុងទ្រុងរថយន្តយ៉ាងសាហាវ។ ទោះយ៉ាងណា នេះចាត់ទុកជាសំណាងហើយ ដែលពួកគេទាំងពីរពុំមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរ។
នេះជាមេរៀនមួយ ដែលយើងគ្រប់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈកំពុងធ្វើដំណើរនៅលើដងផ្លូវ ព្រោះថាការធ្វេសប្រហែសតែបន្តិច ក៏អាចធ្វើឲ្យយើងត្រូវជួបគ្រោះមួយរំភេច តួយ៉ាងដូចជាករណីមួយនេះអ៊ីចឹង៕ ដោយ៖ លឹម ហុង