ភ្នំពេញ៖ អ្នកនាង ឈិត សុជាតា បើទោះជាហាក់លែងនឹកនានឹងសិល្បៈ ជាពិសេសការងារជាពិធីការិនី នៅលើឆាកដូចមុនតទៀត ក៏អ្នកនាងនៅតែទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រដដែល នៅលើបណ្តាញសង្គម។
ពិតមែនហើយ ក្រៅពីរវល់ការងារមុខជំនួញដែលកំពុងទទួលបានភាពជោគជ័យ អ្នកនាង សុជាតា ក៏តែងតែឃើញបង្ហាញពីជីវិតគ្រួសារមួយពោរពេញដោយសុភមង្គល ជាមួយកូនភ្លោះប្រុសស្រី និងស្វាមី នៅលើបណ្តាញសង្គមជានិច្ច ។
ដោយឡែក វីដេអូវែកញែកថ្មីមួយរបស់អ្នកនាង ជុំវិញរឿងបុរសៗជាប្តីលួចមានស្រីក្រៅ ឃើញថាបាននិងកំពុងត្រូវបានអ្នកលេងហ្វេសប៊ុកយ៉ាងច្រើន ចូលទៅខមិនព្រោងព្រាតតែម្តង ដោយក្នុងនោះភាគច្រើនគាំទ្រចំពោះគំនិតលើកឡើងរបស់នាងថា ពិតជាត្រឹមត្រូវណាស់។
អ្នកនាងបានសម្រេចធ្វើវីដេអូនេះឡើង គឺក្រោយពេលបានឃើញមនុស្សប្រុសមួយចំនួននៅជុំវិញខ្លួន តែងនិយាយយកត្រូវតែខ្លួនឯងថា «មនុស្សប្រុស ទោះបីមានប្រពន្ធកូនហើយក៏ដោយ មានស្រីញីក្រៅផ្ទះជារឿងធម្មតារបស់មនុស្សប្រុសប៉ុណ្ណោះ សំខាន់កុំឲ្យតែមនុស្សប្រុសហ្នឹងចោលប្រពន្ធកូនកូន»។ តាមរយៈលើកឡើងបែបនេះ សម្រាប់អ្នកនាង សុជាតា វិញ យល់ឃើញខុសពីហ្នឹង ដោយអ្នកនាងថា «ចង់ធ្វើអីធ្វើទៅ តែសំខាន់កុំឲ្យប្រពន្ធដឹង លក្ខណៈលួចៗ អូខេ តែបើសិនជាដឹងណា មនុស្សឈឺចាប់ដូចគ្នា….»។
អ្នកនាងក៏ចង់សួរទៅមនុស្សប្រុសវិញថា៖ «មនុស្សស្រីមានប្តី មានកូនហើយក៏ដោយ លេងសើចជាមនុស្សប្រុសក្រៅផ្ទះ វាជារឿងធម្មតាទេ មែនទេ តើមនុស្សប្រុសគិតម៉េចដែរ ទទួលយកបានអត់? អត់បានណាហី មនុស្សស្រីក៏ដូចគ្នាដែរ កុំឲ្យគេទ្រាំ យល់ទេ?»។ អ្នកនាងក៏ពោលពាក្យផ្តាំចុងក្រោយគួរឲ្យចាប់អារម្មណ៍ថា៖ «ជីវិតគូ ប្តីប្រពន្ធក៏ដោយ គូសង្សារក៏ដោយ គូដណ្តឹងក៏ដោយ បើថាដាក់ចិត្តសេពគប់គ្នាហើយ ចង់ធ្វើម៉េចធ្វើទៅកុំឲ្យគេដឹង ព្រោះមនុស្សយើង សំខាន់ភាពជឿជាក់ អាចបាត់បង់អ្វីបាន ប៉ុន្តែ មិនអាចបាត់បង់ភាពជឿជាក់បានទេ ប្រសិនបាត់បង់ភាពជឿជាក់ហើយ សម្តីសាបដូចទឹកទន្លេអ៊ីចឹង»៕ ដោយ៖ លឹម ហុង