ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ និងជាម្ចាស់បទ «បុប្ផាស្វាយរៀង» អ្នកនាង សួស វីហ្សា ឃើញថាជិតក្លាយជាម្តាយគេម្នាក់ ខណៈពេលនេះកំពុងពពោះកូនស្រីដំបូងជិតគ្រប់ខែទៅហើយ។ ស្របពេលនេះផងដែរ អ្នកនាង វីហ្សា គេក៏សង្កេតឃើញកាន់តែមានភាពកក់ក្ដៅជាងមុន ជាពិសេស មានស្វាមីលោក ថមមី ចេះយល់ចិត្ត ថ្នាក់ថ្នមនាងស្ទើរតែរាល់ថ្ងៃ។
អ្នកនាង សួស វីហ្សា ត្រូវបានអ្នកគាំទ្រទាំងចាស់ទាំងក្មេង កោតសរសើរថា មានទឹកដមសំឡេងផ្អែមពីរោះគួរឲ្យចង់ស្តាប់ ។ ពិតមែនហើយ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងថ្ងៃកាន់បិណ្ឌទី១៤ តារាស្រីរូបនេះបានធ្វើឲ្យហ្វេនៗលាន់មាត់សរសើរជាខ្លាំង ខណៈនាងទៅវត្តតេជោឧកញ៉ាវាំង បានស្មូតបទព្រហ្មជើងគ្រែយ៉ាងពីរោះ បើទោះជាអ្នកនាងមានផ្ទៃពោះដង្ហើមរាងខ្លីយ៉ាងណា។
ក្នុងនោះ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន សួស វិហ្សា ក៏បានបញ្ជាក់ថា៖ «ថ្ងៃនេះ នាងខ្ញុំ និងក្រុមគ្រួសារ បានមកធ្វើបុណ្យតាមប្រពៃណីខ្មែរយើង ជាពិសេសថ្ងៃនេះ នាងខ្ញុំ មានកិត្តិយសត្រូវបានសម្តេចសង្ឃវត្តតេជោឧកញ៉ាវាំង អញ្ជើញឲ្យសម្តែងនូវ បទព្រហ្មជើងគ្រែ បទនេះ គេសូត្រមុនពេលព្រះសង្ឃសម្តែងនូវធម្មទេសនា គឺបទសហប្បតីព្រហ្ម ជូនបងប្អូន រួមទាំងលោកតា លោកយាយ បានស្តាប់ ខុសត្រូវយ៉ាងណា សូមខន្តីអភ័យទោស នាងខ្ញុំ សូមជូនបុណ្យដល់ពូមីង បងប្អូនទាំងអស់គ្នាផង»។
វីហ្សា បន្ថែមថា៖ «ថ្ងៃនេះនាងខ្ញុំបានស្មូតនៅវត្ត ចង់ភ្លេចធ្វើបទបាត់ហើយ ដង្ហើមក៏ខ្លី ញ័រៗ តែជាការសំណូមពរត្រូវតែស្មូត»៕ ដោយ៖ លឹម ហុង