សៀមរាប៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានអំពាវនាវដល់សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងឡាយ សូមចូលរួមទស្សនា ព្រឹត្តិការណ៍មហស្ចារ្យលើដែនកម្ពុជា «ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត» ដែលនឹងកើតឡើងនៅចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២០។
នេះជាភាពអស្ចារ្យបំផុតមួយរបស់បុព្វបុរសខ្មែរសម័យមហានគរ ដែលបានប្រើបច្ចេកទេសវិស្វកម្ម ស្ថាបត្យកម្មបុរាណ កសាងប្រាសាទអង្គរវត្តនេះឡើង ដែលជាមហារតនវិមាននៃព្រះបរមវិស្ណុ ដោយបង្កើតគោលដៅសម្គាល់ពេលវេលា «សមរាត្រី» ញ៉ាំងឱ្យមហារាជធានីបុរាណខ្មែរមួយនេះក្លាយជាទីក្រុងទេវកថាដ៏ល្បីល្បាញលើពិភពលោក។
ព្រឹត្តិការណ៍នេះតែងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញព្រឹត្តការណ៍ដ៏អស្ចារ្យនេះ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រកាសអំពាវនាវដល់សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ សូមចូលរួមទស្សនាឱ្យបានច្រើនកុះករនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
សូមជម្រាបថា បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តនេះ តែងកើតមានឡើងចំនួនពីរដងក្នុងមួយឆ្នាំ ដោយលើកទីមួយកើតឡើងនៅអំលុងខែមីនា និងលើកទីពីរកើតឡើងនៅអំលុងខែកញ្ញា រៀងរាល់ឆ្នាំ។ អ្នកស្រាវជ្រាវបានអះអាងថា បាតុភូតនេះកើតឡើងចំពេលដែលថ្ងៃ និងយប់មានរយៈពេលស្មើគ្នា ដែលគេហៅថា «សមរាត្រី» ឬហៅតាមអ្នកតារាសាស្ត្រថា Equinox៕ដោយ៖បញ្ញាស័ក្តិ


