បាត់ដំបង៖ប៉ុន្មានថ្ងៃនេះខេត្តបាត់ដំបង បានទទួលរងនូវសម្ពាធទាបបង្កឲ្យមានភ្លៀងធ្លាក់គ្របដណ្តប់ស្ទើរគ្រប់កន្លែង បណ្តាលឲ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន ស្ថានភាពជំនន់ទឹកភ្លៀង បានធ្វើឲ្យទំនប់អាងបាសាក់ ដែលស្ថិតក្នុងឃុំបាសាក់ហក់ឡើងកម្ពស់ទឹកប្រមាណជិត៦ម៉ែត្រ កាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២០ និងបង្កឲ្យទ្វារទឹកចំនួន៣ទ្វារ បានគ្រលាស់ហូរទឹកទម្លាក់ចុះមកស្ទឹងមោង ហើយនៅផ្នែកខ្លះក្នុងតំបន់ទំនាបមុខទឹកហូរឆ្លងកាត់ មានការលិចលង់ភូមិដ្ឋានផ្ទះសម្បែង ទឹកហូរកាត់ផ្លូវក្នុងភូមិនៅកន្លែងមួយចំនួន និងដំណាំចម្ការមួយចំនួន ក្នុងភូមិឈូកក្នុងឃុំបាសាក់ និងនៅភូមិបឹងអំពិលក្នុងឃុំព្រែកជីក។
លោក ផេង ផល អភិបាលរងស្រុករុក្ខគិរី ទទួលបន្ទុកគ្រោះមហន្តរាយ បានមានប្រសាសន៍ប្រាប់ឲ្យដឹង កាលពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២០ថា ទឹកជំនន់នេះ កើតឡើងព្រោះតែទំនប់អាងបាសាក់ ជាប្រភពទឹកខាងលើរបស់ក្បាលស្ទឹងមោង ឡើងរហូតដល់ជិត៦ម៉ែត្រ ដោយសារមានភ្លៀងធ្លាក់បន្តបន្ទាប់ ធ្វើឲ្យទ្វារទឹកអាងបានគ្រលាស់ (បើកចំហរខ្លួនឯង) ចំនួន៣ទ្វារ ក្នុងចំណោម៧ទ្វារ ហើយទឹកហូរធ្លាក់មកដល់ទំនប់ព្រែកជីក ធ្លាក់បន្តមកកាន់ស្រុកមោងឫស្សី។ ទឹកជំនន់នេះ បានហូរកាត់លិចផ្លូវលំដុបៗនៅភូមិមួយចំនួន ក្នុងឃុំបាសាក់ស្រុករុក្ខគិរី ហើយផលប៉ះពាល់លិចដំណាំរបស់ពលរដ្ឋនៅមិនទាន់មាននោះទេ ព្រោះទឹកជំនន់នៅរយៈពេលខ្លីនៅឡើយ និងក៏មិនមានពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ផងដែរ ។ ទឹកជំនន់បន្ទាប់ពីមានភ្លៀងធ្លាក់ ចាប់តាំងពីថ្ងៃទី១៧ រហូតមកដល់ថ្ងៃទី១៩ខែកញ្ញាហើយ។ បើទោះបី មានទឹកជំនន់នេះ បានហូរកាត់លិចផ្លូវលំដុបៗ នៅក្នុងភូមិមួយចំនួន នៅក្នុងឃុំបាសាក់។ តែផលប៉ះពាល់ លិចដំណាំ នៅមិនទាន់មាននោះទេ ព្រោះជំនន់ទឹកភ្លៀងបែបនេះវាមានរយៈពេលខ្លី។ ថ្មីៗនេះអាជ្ញាធរស្រុកបានធ្វើការណែនាំដល់រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុក ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានការប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀងក្នុងតំបន់ប្រឈម។ នៅថ្ងៃទី២០ខែកញ្ញានេះ កម្ពស់ទឹកនៅក្នុងអាងបាសាក់ បានថមថយ កម្ពស់ទឹកនៅត្រឹម ៥ម៉ែត្រប៉ុណ្ណោះ។
លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា បញ្ហាទឹកជំនន់នេះរដ្ឋបាលខេត្តបាត់ដំបង ប្រាប់ឲ្យអាជ្ញាធរតាមស្រុកនៅជាប់នឹងស្ទឹងមោង ធ្វើការបើកប្រឡាយនានា ឲ្យទឹកហូរចែកចាយ ដើម្បីកុំឲ្យមានការលិចលង់នៅផ្នែកខាងក្រោម ។ សម្រាប់ស្ថានភាពទឹកជំនន់នេះ ក៏មិនទាន់បង្កបញ្ហាធ្ងន់ធ្ងរនោះដែរ ខណៈជំនន់នៅតាមដងស្ទឹងផ្សេងៗទៀត នៅក្នុងខេត្តបាត់ដំបង ក៏មិនទាន់មានការជន់ឡើង ដែលបង្កឲ្យមានការលិចខូចខាតផលដំណាំ ដូចឆ្នាំកន្លងទៅនោះដែរ តែយ៉ាងណាអាជ្ញាធរក៏នៅតែត្រៀមវិធានការទប់ស្កាត់ ខណៈប្រភពទឹកស្ទឹងសង្កែ ក៏មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានថ្ងៃនេះ ។
អាជ្ញាធរខេត្តបាត់ដំបង បានត្រៀមរួចរាល់ផងដែរ នូវទីទួលសុវត្ថិភាព នៅទូទាំងខេត្តសរុបជាង ២០០កន្លែង ដើម្បីឲ្យពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់លិចផ្ទះសម្បែងពួកគាត់ ខណៈនៅតំបន់មានទឹកជំនន់ឡើង ក្នុងស្រុករុក្ខគិរី ក៏អាជ្ញាធរបានរៀបចំទីទួលសុវត្ថិភាពចំនួន ២កន្លែង បម្រុងទុកផងដែរ គឺនៅក្នុងវត្តអង្គកែវ និងសាលាបឋមសិក្សាឈូក ស្ថិតក្នុងឃុំបាសាក់ ៕ ដោយ៖អ៊ុងសារុំ