កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ តុលាការប្រជាជនខេត្តអានយ៉ាងបានកាត់ទោសជនជាប់ឈ្មោះ Do Nhu Y ភេទ អាយុ ២៨ ឆ្នាំ រស់នៅខេត្ត Ca Mau ដាក់ពន្ធនាគារអស់មួយជីវិតពីបទដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់។
សូមរំលឹកថា នៅព្រឹកថ្ងៃទី ២ ខែមិថុនា កន្លងទៅនេះ កម្លាំងនាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន របស់ស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនឡុងប៊ិញ និងនគរបាលស្រុកអានភូ បានចុះល្បាតនៅតាមព្រំដែនក្នុងតំបន់ខាញអាន។
នៅពេលនោះ ក្រុមល្បាតបានរកឃើញ Do Nhu Y និងបុរស២នាក់ទៀត (មិនស្គាល់អត្តសញ្ញាណ) កំពុងជិះម៉ូតូ ហើយដោយមានការសង្ស័យ ប៉ូលិសក៏បានឃាត់ខ្លួនដើម្បីត្រួតពិនិត្យ។ ប៉ុន្តែ ដោយសារយប់ងងិត បុរស២នាក់នោះ បានរត់គេចខ្លួនបាត់ស្រមោល។
តាមរយៈការឆែកឆេរកាបូប កម្លាំងជំនាញបានរកឃើញថ្នាំប្រភេទ Ketamine ២ គីឡូក្រាម, ថ្នាំប្រភេទមេតំហ្វេតាមីន ៩៤០ ក្រាម និងថ្នាំគ្រាប់ប្រភេទ MDMA ចំនួន ២,៩៨០ គ្រាប់ (ទម្ងន់ ១១៥០ ក្រាម)។
ក្រោយចាប់ខ្លួន ជនជាប់ចោទ Do Nhu Y បានសារភាពថា ខ្លួនទទួលស៊ីឈ្នួលដឹកជញ្ជូនគ្រឿងញៀនទាំងនោះពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងហូជីមិញ ក្នុងតម្លៃ ៥០០ ដុល្លារ៕ ដោយ៖ លឹម ហុង (ប្រភព៖ vaaju.com)