ភ្នំពេញ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុនសែលកាត មានមោទនភាព ដោយទទួលបាននូវការទទួលស្គាល់ជាអន្តរជាតិជាថ្មីម្តងទៀត តាមរយៈការជាប់ឈ្មោះនៅក្នុងបញ្ជី “បុគ្គលទាំង១០០នាក់ ដែលផ្លាស់ប្តូរវិស័យធុរកិច្ចនៅអាស៊ី”។
Business Insider គឺជាគេហទំព័រព័ត៌មានហិរញ្ញវត្ថុនិងធុរកិច្ច ដ៏ល្បីល្បាញបំផុតមួយរបស់អាមេរិក ដែលត្រូវបានផ្សព្វផ្សាយនៅតាមបណ្តាប្រទេសចំនួន ១៤។ គួរឱ្យចាប់អារម្មណ៍បំផុតទៀតនោះ គ្រាន់តែនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយគត់ប៉ុណ្ណោះ គេហទំព័រនេះ មានអ្នកតាមដានចំនួនដល់ទៅជាង ១០ លាននាក់ឯណោះ។
បញ្ជីឈ្មោះដ៏មានកិត្យានុភាពនេះ បានរាយនាម ក្រុមហ៊ុនសែលកាត ឱ្យនៅរួមជាមួយក្រុមហ៊ុនខ្នាតយក្សដូចជា Tencent, Tik Tok, Xiaomi និង Razer ជាដើម ហើយគោលបំណងធំ គឺសំដៅលើកកម្ពស់បុគ្គលទាំងឡាយណា ដែលកំពុងជម្រុញឱ្យមានការផ្លាស់ប្តូរ និងនុវានុវត្តន៍នៅក្នុងក្រុមហ៊ុនរបស់ពួកគេ ក៏ដូចជានៅក្នុងឧស្សាហកម្មទាំងមូលផងដែរ។
នៅក្នុងបទសម្ភាសន៍ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងប្រាប់គេហទំព័រ Business Insider ឱ្យដឹងថា គាត់គឺជាមនុស្សម្នាក់ដែលមានជំនឿចិត្តបំផុត ទៅលើឥទ្ធិពលផ្នែកមនុស្សធម៌នៃឌីជីថលនីយកម្ម ជាពិសេសនៅតាមតំបន់ជនបទទូទាំងប្រទេសកម្ពុជាតែម្តង។
លោកបានមានប្រសាសន៍បន្តទៀតថា៖ “ការជម្រុញលើកកម្ពស់វិស័យឌីជីថល នឹងជួយផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ពោលគឺតាមរយៈការធ្វើទំនើបកម្មវិស័យអប់រំ សុខុមាលភាព វិស័យកសិកម្ម ក៏ដូចជាអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ អាចចូលរួមនៅក្នុងថ្នាលសកលផងដែរ” ។
“ក្រុមហ៊ុនសែលកាត ដែលជាបណ្តាញទូរស័ព្ទចល័តជាមោទនភាពរបស់ជាតិខ្មែរតែមួយគត់ មានតួនាទីដ៏សំខាន់ក្នុងការធានានូវការនាំមកជូនបណ្តាញ 5G ដើម្បីជួយធ្វើឱ្យប្រសើរឡើងនៃកម្រិតជីវភាពរបស់ពលរដ្ឋ ក៏ដូចជាបង្កើននូវគុណភាពជីវិតសម្រាប់មនុស្សគ្រប់គ្នាផងដែរ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា ការជាប់ឈ្មោះនៅក្នុងបញ្ជីនេះ គឺជាការទទួលស្គាល់ដ៏ជាទីមោទនបំផុត សម្រាប់ក្រុមហ៊ុនសែលកាត និងផ្នែក ICT ទាំងមូល របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។
“យើងប្តេជ្ញាក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់លោកប្រធាន អ្នកឧកញ៉ា គិត ម៉េង ក្នុងការប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាឌីជីថលនីយកម្មពេញលេញ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល ក៏ដូចជាឧស្សាហកម្ម ៤.០”។
• ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើការសាកល្បងបណ្តាញ 5G ផ្ទាល់ នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០១៨។
• មួយឆ្នាំបន្ទាប់មក សែលកាត ក៏បានដំឡើងទីតាំងបណ្តាញ 5G ដំណើរការដោយឯករាជ្យ ដំបូងគេបំផុតនៅកម្ពុជា។
• នៅក្នុងខែមីនា ឆ្នាំ ២០២០ ក្រុមហ៊ុនសែលកាត បានបើកដំណើរការសាកល្បងប្រើប្រាស់បណ្តាញ 5G ដំបូងគេបង្អស់នៅកម្ពុជា ដែលជាសេវាកម្មទូរវេជ្ជសាស្ត្រ (Telemedicine) សម្រាប់ជួយដល់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងការរីករាលដាលនៃជម្ងឺកូវីដ នៅទូទាំងប្រទេសកម្ពុជា។
សូមចូលអានបន្ថែមនៅទីនេះ: https://www.businessinsider.com/tb/the-list-of-300-people-transforming-business-in-2020-9/transformers/ian-watson៕ដោយ៖CEN